ក្រសួងប្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈ ថា បន្តប្រើរូបមន្តដដែល ក្នុងការកំណត់តម្លៃប្រេងលក់រាយនៅកម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ម៉ោង ៣:៣១ នាទី រសៀល

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា នៅតែបន្តគណនាតាមរូបមន្តកំណត់ដោយប្រកាសអន្តរក្រសួង ដូចដែលកំពុងអនុវត្តសព្វថ្ងៃ ដដែល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ខែមករានេះ បានជម្រាបដល់ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈទាំងអស់។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា យោងទៅលើស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួល មិនអាចព្យាករណ៍បាន។ ក្រសួងបន្ថែមថា៖«ប៉ុន្តែទោះបីមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្ដី ក្រសួងនឹងគណនាតម្លៃប្រេងទៅតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល នូវតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាទៅតាមតម្លៃទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១៥ថ្ងៃម្ដង ដូចអ្វីដែលយើងបានឯកភាពគ្នាអនុវត្តកន្លងមក ដើម្បីរួមចំណែកផ្ដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម»។
សព្វថ្ងៃក្រសួងគណនាតម្លៃប្រេងលក់រាយរៀងរាល់១៥ថ្ងៃម្ដង និងជូនដំណឹងជាសាធារណៈ។ នោះជាតម្លៃអតិបរមា ដែលស្ថានីយទាំងអស់មិនអាចលក់លើសពីតម្លៃកំណត់នេះបាន។ ហើយមូលដ្ឋានគណនា គឺយោងទៅលើតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងមានបូកតម្លៃពន្ធផ្សេងៗ។
គួរបញ្ជាក់ថា ការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅពេលនេះ គឺស្របពេលដែលតម្លៃប្រេងឥន្ធនៈ ត្រូវបានមើលឃើញថានឹងមានការប្រែប្រួល ព្រោះបញ្ហាជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ហើយនិងពាក់ព័ន្ធអ៊ីរ៉ាក់ផងដែរ ដែលប្រទេសទាំងពីរនេះជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភពលោក៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: