អាជ្ញាធរស្រុកអង្គស្នួល ឲ្យពលរដ្ឋរុះរើតូបនិងសំណង់ដែលសង់លើចំណីផ្លូវជាតិលេខ៤
- ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ ម៉ោង ៣:៤៦ នាទី រសៀល

ភ្នំពេញ៖ អាជ្ញាធរស្រុកអង្គស្នួល ដែលជាស្រុកមួយរបស់ខេត្តកណ្ដាល បានណែនាំឲ្យពលរដ្ឋ រុះរើតូបលក់ដូរ ឬសំណង់របស់ខ្លួន ដែលសង់លើចំណីផ្លូវអមសងខាងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកមួយនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកអង្គស្នួល ចុះថ្ងៃទី៨ខែមករា។

អាជ្ញាធរស្រុកអង្គស្នួលបានជូនដំណឹងដល់ពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ដូច្នេះថា៖«សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរ មេត្តារុះរើដោយខ្លួនឯងនូវសំណង់ និងតូបលក់ដូរដែលសង់ប៉ះពាល់ និងសង់លើចំណីផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៤ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចុះរៀបចំសណ្ដាប់ធ្នាប់ ចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០២០តទៅ»។
អាជ្ញាធរអះអាងថា ការតម្រូវឲ្យរុះរើនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមផ្លូវជាតិ។ អាជ្ញាធរព្រមានថា ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការរដ្ឋបាល ហើយម្ចាស់សំណង់ ឬតូបលក់ដូរ ត្រូវទទួលខុសត្រូវដោយឥតលក្ខខណ្ឌចំពោះមុខច្បាប់៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: