សម្ដេច ហ៊ុន សែន រិះគន់អ្នកកាសែតដែល Live Facebook រឿងរ៉ាវទាស់ទែងប្ដីប្រពន្ធគេ
- ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ម៉ោង ៧:៤៥ នាទី ល្ងាច

រូបពី AKP
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលខកចិត្តនឹងអ្នកសារព័ត៌មានក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនតូច ដែលខ្វះសេចក្ដីថ្លៃថ្នូរ និងបំពានសិទ្ធិអ្នកដទៃ។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើកទី៤ នៅថ្ងៃទី១៤ខែមករា នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្ដេចនាយករដ្ឋមន្រ្តី បានរិះគន់អ្នកសារព័ត៌មានទៅថតយកមកផ្សាយ ឬផ្សាយផ្ទាល់តាមហ្វេសប៊ុក (LiveFacebook) ពីរឿងឯកជនរបស់គេទាំងគ្មានការអនុញ្ញាត។ សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះថា៖«មានករណីដែលបំពានសិទ្ធិរបស់អ្នកដទៃ (អ្នកកាសែត)ខ្លះ រឿងរបស់គេទាស់ទែងប្ដីប្រពន្ធ ទៅថតគេយកមកបង្ហោះ ទៅliveគេយកមកបង្ហោះ ក្នុងពេលដែលគេមិនឲ្យសិទ្ធិ។ សម្ដេចបន្តដូចនេះថា៖«អ្នកគ្នាស្រវឹង ហើយស្រវឹងយើងហាមឃាត់បើស្រវឹងកុំបើកបរ គ្នាទៅចតឡានដេកមួយសន្ទុះ ស្រាប់តែទៅថតគ្នា ទៅliveពីគ្នា គ្នាបើកឡានទៅមិនដឹងគេលួចថតផង»។
ប្រសាសន៍សម្ដេច ហ៊ុន សែន ៖
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល ក្នុងពិធីខាងលើ បានប្រកាសដាក់ចេញពាក្យស្លោកមួយថា«អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ សម្ដេចអះអាងនៅមុខអ្នកកាសែតជាង៥០០០នាក់ថា ពាក្យស្លោកនេះបង្កើតឡើងក្នុងបំណងឲ្យអ្នកសារព័ត៌មានរក្សាតម្លៃ សេចក្ដីថ្លៃថ្នូរ និងការជឿទុកចិត្តពីមហាជន៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: