ពិនិត្យ ៣ស្ថានីយ រកឃើញទាំង៣ទីតាំងលក់មិនត្រឹមត្រូវ
- ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ម៉ោង ៩:៥៩ នាទី យប់

រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ៣ទីតាំង លក់ដូរមិនប្រក្រតី នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី២០ខែមករា បានត្រួតពិនិត្យស្ថានីយ ៣កន្លែង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំងនោះ។
ជាលទ្ធផលត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញថា ស្ថានីយ/ដេប៉ូ ១ទីតាំង លក់មិនត្រឹមត្រូវផ្នែកបរិមាណ ខណៈ២ទីតាំងទៀត លក់មិនត្រឹមត្រូវទាំងបរិមាណ និងគុណភាព។ មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើសម្រាប់កំហុសលើកដំបូងនេះ ហើយព្រមានថានឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បើរកឃើញកំហុសជាលើកទីពីរ ៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: