«កុំចូលឆ្នាំចិន ស្រវឹងខ្មែរ!», «កុំធ្វើជាចិន បើខ្លួនជាខ្មែរ!»
- ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៣:០៣ នាទី រសៀល

សុធី និងសំណាង ឆ្លៀតពេលជួបគ្នានៅហាងកាហ្វេ ដូចសព្វដង នាថ្ងៃនេះ។ ប្រធានបទចូល ឆ្នាំចិន-វៀតណាមត្រូវបានលើកឡើងដោយសំណាង និងសុធី។ មិត្តភក្តិទាំងពីរតឹងសសៃកដាក់គ្នាលើប្រធានបទនេះ។

សំណាង៖ អា សុធី! អ្ហែងសែនចូលឆ្នាំចិនអត់?
សុធី៖ អា សំណាង! អញខ្មែរតើ! ហេតុអីអ្ហែងសួរអញរឿងសែនចូលឆ្នាំចិន?
សំណាង៖ អញឃើញខ្មែរសែនគ្រប់គ្នាហ្នឹង!
សុធី៖ អាហ្នឹង គេហៅថា ខ្មែរធ្វើចិន។ ពួកគេមិនមែនចិន ហើយក៏មិនមែនខ្មែរសែស្រឡាយចិនដែរ។ គឺខ្មែរធ្វើចិនតើ!
សំណាង៖ ចុម ខ្មែរធ្វើចិនម៉េចទៅ?
សុធី៖ ខ្មែរធ្វើចិន…មានន័យថា ពីមុនពួកគេអត់ដែលសែនទេ តែដល់ពេលឃើញគេនាំគ្នាសែន ក៏ចេះតែសែនតាមគេ តាមឯងដែរទៅ។ អានេះហើយ គេហៅថា ខ្មែរធ្វើចិន។
សំណាង៖ ធ្វើអ៊ីចឹងល្អដែរទេ? អា ធី។
សុធី៖ មិនល្អទេ។ សែនកាន់តែច្រើន កាន់តែអស់លុយ។ អ្នកខ្លះ ចិនក៏សែន បារាំងក៏សែន សែនគ្រប់ពេល…។ អញធុញណាស់ឃើញដូច្នេះ។
សំណាង៖ អ៊ីចឹង បើអ្ហែងអត់សែន គេមិនថា អ្ហែងខ្មែរសុទ្ធ ហើយបើអ្ហែងខ្មែរសុទ្ធ គេមិនថា អ្ហែងអត់ឆ្លាត។ គេច្រើននិយាយថា បើកូនកាត់ចិនឆ្លាត មែនអត់?
សុធី៖ អាណាថា អ៊ីចឹង?
សំណាង៖ អញឮគេថា។ ពិតឬទេ?
សុធី៖ អា សំណាង! ធម្មតា កើតមកជាមនុស្ស គ្មាននរណាឆ្លាតជាងនរណាទេ។ គេឆ្លាតជាង ឬពូកែជាង គឺដោយសារ គេប្រឹងជាងប៉ុណ្ណោះ។ គេថា ចិនពូកែជាងខ្មែរ ក៏ព្រោះតែចិនប្រឹងធ្វើការច្រើនជាងខ្មែរ។ ហើយក៏មានកូនខ្មែរពូកែជាងកូនចិនដែរអ្ហា។ កុំចេះតែជឿ។
សំណាង៖ អា ធី។ ចុះបើគេកូនខ្មែរកាត់ចិន ឬកាត់វៀតណាម។ គេសែនបានអត់?
សុធី៖ អើ បើគេកូនកាត់ ជាប់សែស្រឡាយចិនវៀតណាម ដូចជា មិនអីទេ។ អាហ្នឹងអ្ហែងចាំបាច់សួរអញធ្វើអី។ វាជាសិទ្ធិរបស់គេតើ។ តែអ្វីដែលអញជ្រេញ គឺកូនខ្មែរសុទ្ធ សម្បុរខ្មៅ សក់រួញ តែខំប្រឹងធ្វើកូនចិន ដើម្បីឲ្យគេថា ឆ្លាតដែរ។ ខំសែនឲ្យគេថា កូនចិនដែរ។
នៅព្រឹកនេះ សុធី និង សំណាង ក្រេបកាហ្វេចប់នៅម៉ោង១០ព្រឹក មុននឹងបែកគ្នា រួចហើយសំឡាញ់ទាំងពីរសន្យាជួបគ្នានៅថ្ងៃក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com