«គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងកាត់អស់រលីង», អាជ្ញាធរថាជាការបំភ័យប៉ុណ្ណោះ
- ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០ ម៉ោង ៤:៤៤ នាទី រសៀល

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ មានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះ និងចែករំលែកតគ្នាដែលមានសារថា«សូមប្រយ័ត្ន! សាហាវណាស់ គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងកាត់អស់រលីង ពិតជាសាហាវកំពូល»។ និយ័តករទូរគមនាគមន៍កម្ពុជា បានអះអាងថា នេះជាការបំភ័ន្ត និងបំភ័យសាធារណជន។

ក្នុងសេចក្ដីបំភ្លឺរបស់និយ័តករទូរគមនាគមន៍ ចុះថ្ងៃទី២៤ខែមករានេះ លេខទូរសព្ទអនាមិកមួយចំនួន ដែលមានដូចជាលេខ +6857215458, +6857320014, +6867330021 +6857215411 គឺជាលេខទូរសព្ទស៊ីញ៉ូហៅពីប្រទេសសាម័រ(Samoa) ចូលមកកាន់លេខទូរសព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរសព្ទនៅកម្ពុជា។ ការហៅចូលរបស់លេខទាំងនេះមិនប៉ះពាល់អ្វីនោះទេ។
«ពាក់ព័ន្ធការបង្ហោះសារខាងលើនេះ(គណនីហ្វេសប៊ុកមួយចំនួន) ពិតជាការអះអាងមិនត្រឹមត្រូវ និងមានលក្ខណៈបំភ័ន្ធ និងបំភ័យទាំងស្រុង។ ធាតុពិតនៃផលប៉ះពាល់ជាបច្ចេកទេស និងហានិភ័យពីការស៊ីញ៉ូនេះ មិនឲ្យខាតបង់អ្វី ដូចអត្ថន័យនៃសារបង្ហោះរបស់អ្នកកាន់ទំព័រ និងគណនីបណ្ដាញសង្គមទាំងនោះឡើយ»។
ក្រុមហ៊ុនទូរសព្ទចល័ត បកស្រាយថា អនាមិកទាំងនោះ មិនធ្វើឲ្យបាត់បង់ទិន្នន័យដែលផ្ទុកនៅក្នុងទូរសព្ទ ឬថវិកាក្នុងគណនីសេវាទូរសព្ទ ឬថវិកាក្នុងគណនីធនាគារនោះឡើយ។ តែបើអ្នកប្រើប្រាស់ទូរសព្ទ ហៅត្រឡប់ទៅកាន់លេខអនាមិកនោះវិញ គឺត្រូវចំណាយថ្លៃសេវាក្នុងការសន្ទនានោះ តាមតម្លៃហៅទៅក្រៅក្រៅប្រទេស។ នេះបើតាមសេចក្ដីបំភ្លឺខាងលើនេះ៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: