“ទឹកឃ្មុំលាយក្រូចឆ្មារ” ផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើន
- ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ម៉ោង ៨:៥៩ នាទី យប់

ទោះបីភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានទឹកក្រូចឆ្មារ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថាប្រសិនបើលាយទឹកក្រូចឆ្មារស្រស់និងទឹកឃ្មុំក្នុងទឹកក្ដៅឧណ្ហៗនោះវានឹងក្លាយជាភេសជ្ជៈដ៏ល្អបំផុតមួយដ៏ប្រសើរអាចព្យាបាលដោះស្រាយបញ្ហាសុខភាពផ្សេងៗបាន។ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបធ្វើទឹកក្រូចឆ្មារទឹកឃ្មុំ រួមជាមួយអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃភេសជ្ជៈបែបធម្មជាតិនេះ ៖

១. ជួយឱ្យស្រកគីឡូនិងកម្ចាត់ខ្លាញ់ក្បាលពោះ
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងក្រូចឆ្មារជួយបំបែកកោសិកាខ្លាញ់។ រីឯទឹកឃ្មុំផ្ដល់ឱ្យរាងកាយនូវថាមពល។ អ្វីដែលអ្នកត្រូវធ្វើ គឺនៅពេលព្រឹកលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួនម្ខាងចូល។ កូរឱ្យសព្វសឹមទទួលទាន។
២. ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើម
នោះក៏ព្រោះតែភេសជ្ជៈនេះមានប្រសិទ្ធិភាពសម្រួលផ្លូវដង្ហើមនិងពង្រាវស្លេស។ម្យ៉ាងវិញទៀតភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងការរលាកដែលជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមបានយ៉ាងប្រសើរ។ ភេសជ្ជៈនេះក៏ល្អសម្រាប់អ្នកជំងឺហឺតដោយវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចកូរអោយសព្វ។ កុំភ្លេចទទួលទានភេសជ្ជៈនេះអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
៣. ជួយបំបាត់ស្នាមខ្មៅលើស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយក្រូចឆ្មារនិងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ រួចលាបលើតំបន់ស្បែកដែលមានបញ្ហានិងទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទីសិនសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. កម្ចាត់មុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយក្រូចឆ្មារនិងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ លាបល្បាយលើមុននិងទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញ។
៥. ព្យាបាលជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ
នោះក៏ព្រោះតែភេសជ្ជៈនេះជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ដាំទឹកធម្មតា កន្លះលីត្រ ឱ្យពុះ រួចបន្ថែមខ្ញី ២ ចំណិត ចូល។ បន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយចូលហើយកូរឱ្យសព្វ។ ត្រងកាកខ្ញីចេញ រួចទទួលទានឱ្យបានយ៉ាងហោចណាស់
ពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
៦. ដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ
ក្រូចឆ្មារទឹកឃ្មុំ គឺមានអត្ថប្រយោជន៍ណាស់ក្នុងការព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ។ អ្នកអាចលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេនិងទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានប្រសិទ្ធភាពបង្កើនការផលិតអាស៊ីតក្រពះនិងទឹកប្រម៉ាត់ដែលជួយសម្រួលដល់ការបំបែករំលាយអាហារ រួមទាំងការស្រូបយកសារធាតុចិញ្ចឹម។ ដូច្នេះអ្នកនឹងជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងប្រព័ន្ធរំលាយអាហារ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com