ក្រសួងជំរុញចលនាទេសចរណ៍ក្នុងស្រុក ខណៈភ្ញៀវអន្តរជាតិប្រឈមថមថយដោយមេរោគកូរ៉ូណា
- ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ម៉ោង ៦:០១ នាទី ល្ងាច

រូបពីក្រសួងទេសចរណ៍
ភ្នំពេញ៖ ការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលកើតពីមេរោគកូរ៉ូណា ត្រូវបានគេមើលឃើញថានឹងប៉ះពាល់ដល់វិស័យទេសចរណ៍នៅលើពិភពលោក ហើយរឹតតែធ្ងន់ធ្ងរទៅបើមេរោគនេះរាលដាលកាន់តែទូលំទូលាយ និងរយៈពេលយូរ។ ផលប៉ះពាល់វិស័យទេសចរណ៍ ក៏ព្រោះការថមថយចលនាភ្ញៀវទេសចរណ៍ពីប្រទេសមួយទៅប្រទេសមួយ ពិសេសគឺភ្ញៀវចិនតែម្ដង ដែលជាអ្នកចេញទៅក្រៅប្រទេសច្រើនបំផុលលើពិភពលោក តែសព្វថ្ងៃនេះកំពុងកើតមានជំងឺថ្មីនេះខ្លាំងជាងគេ។

ចំពោះវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសណ៍ក៏កំពុងខ្វាយខ្វល់រឿងនេះផងដែរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានស្រង់សំដីនៅលើហ្វេសប៊ុករបស់ក្រសួង នៅថ្ងៃទី២៧ខែមករានេះថា ចំនួនភ្ញៀវទេសចរថយចុះជាងប៉ុន្មានថ្ងៃមុនដែលមិនទាន់ផ្ទុះជំងឺនេះនៅប្រទេសចិន។ ក្រសួងទេសចរណ៍បានអះអាងដូច្នេះថា៖«ប្រសិនបើជំងឺនៅតែរីករាលដាល ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន»។
រដ្ឋមន្ត្រីទេសចរណ៍រូបនេះ បានបញ្ជាឱ្យអង្គភាពក្រោមឱវាទកោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជនជាបន្ទាន់ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្រុក និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះនៅពេលមានការផ្ទុះឡើងនូវជំងឺ SARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣។ លោក ថោង ខុន អះអាងថា ការជំរុញចលនាទេសចរណ៍ក្នុងប្រទេសនេះ គឺជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) ក៏បង្ហាញក្ដីបារម្ភចំពោះបញ្ហានៃជំងឹឆ្លង នៅចំពោះមុខនេះដែរ។ អ្នកស្រីថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«យើងកំពុងមានក្ដីបារម្ភពីថ្ងៃនេះ ទៅពេលខាងមុខទៀត ថាតើមេរោគហ្នឹង នឹងទៅជាយ៉ាងម៉េចទៀត»។ អ្នកស្រីឲ្យដូច្នេះផងដែរថា៖«មានរង(ប៉ះពាល់)ជាបណ្ដើរៗហើយតាមសណ្ឋាគារ គឺមានការលុបចោលខ្លះៗ ហើយជាពិសេសភ្ញៀវក្នុងស្រុករបស់យើង ពេលដែលគាត់កក់ហើយពេលទៅដល់ឃើញភ្ញៀវចិនច្រើនពេក គាត់លុបចោលភ្លាមៗតែម្ដង ដើម្បីទៅរកសណ្ឋាគារណាដែលរៀងដាច់ឆ្ងាយពីគេ អត់សូវមានភ្ញៀវចិន»។ ជាមួយគ្នានេះ អ្នកស្រីគាំទ្រប្រសាសន៍របស់រដ្ឋមន្ត្រីទេសចរណ៍ ក្នុងការជំរុញចលនាដើរកម្សាន្តរបស់ពលរដ្ឋក្នុងស្រុក៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: