សម្ដេច ស ខេង ប្រាប់នគរបាលឲ្យកសាងយុត្តិធម៌សង្គម ដោយអ្នកខុសច្បាប់មិនត្រូវលើកលែង
- ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ម៉ោង ២:៣៧ នាទី រសៀល

រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សម្ដេច ស ខេង បានដាស់តឿននគរបាលជាតិ ឲ្យប្រព្រឹត្តទៅតាមវិជ្ជាជីវៈ។ ដើម្បីគោរពតាមវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានរំលឹកថា នគរបាលត្រូវស្មោះត្រង់នឹងតួនាទីរបស់ខ្លួន ក្នុងការបម្រើជាតិបម្រើប្រជាពលរដ្ឋ មិនមែនដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួកក្រុមគ្រួសាររបស់ខ្លួននោះទេ។ «យើង(នគរបាលម្នាក់ៗ)មិនលើកលែងចំពោះបុគ្គលណាទាំងអស់ដែលប្រព្រឹត្តខុសទោះបីបងខ្ញុំ ក្មួយខ្ញុំ ពូខ្ញុំ មីងខ្ញុំក៏ដោយ ឲ្យតែខុសច្បាប់ យើងត្រូវតែអនុវត្តច្បាប់ នោះដែលហៅថាវិជ្ជាជីវៈ»។ នេះជាការថ្លែងរបស់សម្ដេច ស ខេង ក្នុងពិធីប្រគល់រថយន្តដល់ស្នងការនគរបាលរាជធានីខេត្ត នៅថ្ងៃទី២៩ខែមករានេះ។ សម្ដេចបញ្ជាក់ថា ការគោរពតាមវិជ្ជាជីវរបស់នគរបាល គឺជាការចូលរួមកសាងបរិយាកាសយុត្តិធម៌សង្គម។

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ៖
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ថ្លែងថា បើមន្ត្រីនគរបាល បែរជាជួយលាក់បាំងការប្រព្រឹត្តខុសច្បាប់របស់សាច់ញាតិខ្លួន ឬទម្លាក់កំហុសឲ្យអ្នកដ៏ទៃជំនួស គឺជាការធ្វើខុសវិជ្ជាជីវនគរបាល។ សម្ដេចអះអាងថា មិនមែនមានន័យថា នគរបាលពុំអាចជួយសាច់ញាតិរបស់ខ្លួននោះទេ តែត្រូវជួយដោយស្របច្បាប់ដូចជារកមេធាវីសម្រាប់កិច្ចការពារតាមផ្លូវច្បាប់។ សម្ដេចថាការលើកឡើងខាងលើនេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះនៃវិជ្ជាជីវៈនគរបាល។
សម្ដេច ស ខេង រំលឹកថា នគរបាលត្រូវបម្រើប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវប្រកាន់បក្ខពួក ក្រុមណាមួយឡើយ។ «បើយើងមិនវិជ្ជាជីវៈ….កន្លែងចោរប្លន់ កន្លែងហ្នឹងកាលបោះឆ្នោតគណបក្សមិនបានសំឡេងឆ្នោតទេ ឲ្យទៅអ៊ីចឹងទៅ(មិនបង្ក្រាបបទល្មើស) អាហ្នឹងមិនត្រូវដែរ ព្រោះយើងជានគរបាលជាតិ ដែលមានន័យថាមិនមែនជានគរបាលរបស់ក្រុមណាមួយទេ»៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: