សម្ដេច ស ខេង៖«ត្រូវផ្ដល់ឋានន្តរស័ក្ដិតាមស្នាដៃ មិនមែនយោងតាមរត់ការចុះឡើង»
- ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ម៉ោង ៧:៣៩ នាទី ល្ងាច

រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានរំលឹកដល់អង្គភាពនគរបាលនៅទូទាំងប្រទេស ត្រូវវាយតម្លៃតាមសមត្ថភាពការងារ-ស្នាដៃ ក្នុងការផ្ដល់យសស័ក្ដិដល់នគរបាលណាម្នាក់ ដោយមិនត្រូវយោងទៅតាមបក្ខពួកឬអំពើពុករលួយ នោះឡើយ។ «សរសើរតាមរយៈការផ្ដល់ឋានន្តរស័ក្ដិឲ្យគាត់ យោងតាមស្នាដៃ សមត្ថភាពដែលគាត់ធ្វើបាន មិនមែនយោងតាមការរត់ការចុះឡើង សុំឡើងស័ក្ដិសុំឡើងយស អាហ្នឹងអត់បានទេ»។ សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រថយន្តដល់ស្នងការនគរបាលរាជធានីខេត្ត នៅថ្ងៃទី២៩ខែមករានេះ។

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ៖
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់ថា ប្រធានអង្គភាពនគរបាលនីមួយៗត្រូវធ្វើជាគំរូ ក្នុងការផ្ដល់យសស័ក្ដិដល់មន្ត្រីនគរបាលក្រោមឱវាទ។ សម្ដេចថ្លែងដូច្នេះថា៖«ប្រធានអង្គភាពត្រូវតែដើរតួជាគំរូគេ តែងតាំងដោយយុត្តិធម៌ អ្នកណាធ្វើការល្អយើងតែងតាំង អ្នកណាធ្វើការមិនល្អយើងមិនតែងតាំង។ បើថាអ្នកឯងចង់បានស័ក្ដិនេះឲ្យប៉ុណ្ណេះមក ខ្ញុំតែងតាំងឲ្យភ្លាម អាហ្នឹងទៅហើយ។ អ៊ីចឹងកុំឲ្យឆ្លៀតយកតួនាតីភារកិច្ចទៅរកផលប្រយោជន៍»៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: