ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដោយសារមេរោគកូរ៉ូណា
- ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ម៉ោង ៨:២៩ នាទី ព្រឹក

ការរីករាលដាលនៃជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណា កំពុងបន្ថែមបញ្ហាប្រឈមនិងហានិភ័យថ្មីមួយទៀត ដល់សេដ្ឋកិច្ចបណ្ដាប្រទេសនៅលើពិភពលោក។ កម្ពុជាក៏ដូចគ្នា គឺកំពុងព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ពិសេសលើវិស័យទេសចរណ៍តែម្ដង ពីការរាលដាលនៃជំងឺនេះ។

ក្នុងវេទិកាស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា២០២០ នៅថ្ងៃទី៣០ខែមករានេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា សេដ្ឋកិច្ចកម្ពុជា ប្រឈមបញ្ហាធំជាងមុនសម្រាប់ឆ្នាំនេះ។ លោកបានថ្លែដូច្នេះថា៖«ចូលដល់២០២០នេះ ធ្វើឲ្យយើងបារម្ភជាងមុន ដោយសារយើងជួបប្រទះការប្រឈមសេដ្ឋកិច្ចកាន់តែធំជាងមុន មានហានិភ័យនិងភាពមិនច្បាស់លាស់ធំជាងមុន។ បញ្ហាកំណើនធ្លាក់ចុះនូវសេដ្ឋកិច្ចសកលលោក កត្តាភូមិសាស្តនយោបាយ កត្តាប្រែប្រួលអាកាសធាតុ ឥឡូវថែមកត្តាមេរោគ»។
លោក វង្សី វិស្សុត បន្តដូច្នេះទៀតថា៖«មេរោគនេះគឺពីចិន ហើយចិនជាដៃគូសេដ្ឋកិច្ចរបស់កម្ពុជាធំ ឥឡូវទេសចរណ៍ គ្រាន់តែចិនមានបញ្ហា សណ្ឋាគារយើងមួយចំនួនដែលគេកក់ពីចិនមកពិបាក….។ ហើយកាលណាទេសចរថយ ការដឹកជញ្ជូន ការហូបចុកថយ»។
ការប្រឈមនៃមេរោគកូរ៉ូណាដល់សេដ្ឋកិច្ចកម្ពុជានេះ មិនមែនត្រូវបានលើកឡើងគ្រាន់តែជាការយល់ឃើញរបស់លោក វង្សី វិស្សុត នោះទេ តែត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃបញ្ហាប្រឈម-ហានិភ័យនៃសេដ្ឋកិច្ចរបស់ប្រទេស។ ក្នុងស្លាយបទបង្ហាញរបស់លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិកានោះដែរ ការរាលដាលនៃមេរោគនេះ ស្ថិតក្នុងបញ្ហាប្រឈមនិងហានិភ័យទាំង៧ចំពោះសេដ្ឋកិច្ចកម្ពុជា មានជាអាទិ៍ ប្រព័ន្ធអនុគ្រោះពន្ធEBA, ការប្រែប្រួលអាកាសធាតុ, សង្គ្រាមពាណិជ្ជកម្ម។
មិនទាន់អាចគណនាការខាតបង់សេដ្ឋកិច្ចពីការរាលដាលនៃជំងឺនេះនៅឡើយ តែលោក ផាន់ ផល្លា លើកឡើងថា ក្រសួងកំពុងតាមដានពីការបញ្ហានេះ។ លោកគូសបញ្ជាក់ដូចនេះថា៖«យើងត្រូវតាមដានមើលនិងវាយតម្លៃពីផលប៉ះពាល់ពីជំងឺនេះស្ថានភាពសេដ្ឋកិច្ច។ តាមបទពិសោធន៍កាលជំងឺសារកាលពី២០០២ គឺមានរយៈពេល៨ខែពីចាប់ផ្ដើមរហូតដល់ចប់។ កូរ៉ូណាវីរុសនេះក៏ប្រហែលជាមិនរយៈពេលខ្លី ខ្ទង់ប្រហាក់ប្រហែលគ្នា ឬខ្លីជាងជំងឺសារ»។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) ដែលចូលរួមក្នុងវេទិកានេះដែរ ក៏បានលើកឡើងពីការខ្វាយខ្វល់របស់វិស័យឯកជនពីការប៉ះពាល់អាជីវកម្មក្នុងវិស័យទេសចរណ៍នេះផងដែរ។ អ្នកស្រីប្រាប់ថាក្នុងរយៈពេលចុងក្រោយនេះចំនួនភ្ញៀវទេសចរបានថមថយចុះ ពិសេសនៅខេត្តសៀមរាប ហើយមិនមែនតែក្នុងអំឡុងពេលផ្ទុះមេរោគកូរ៉ូណានេះប៉ុណ្ណោះទេ គឺមុននេះទៅទៀត។ អ្នកស្រីឲ្យដឹងបែបនេះថា៖«វិស័យសណ្ឋាការ ភោជនីយដ្ឋាន ដឹកជញ្ជូន និងក្រុមទេសចរណ៍ទាំងអស់ កំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ មិនត្រឹមតែរយៈពេលថ្មីៗនេះបង្កឡើងដោយមេរោគកូរ៉ូណានេះ តែយើងរងផលប៉ះពាល់កន្លះឆ្នាំមកហើយ»។ ជាមួយគ្នានេះអ្នកស្រីជំរុញឲ្យពន្លឿនការអនុវត្តផែនការមេដែលអន្តរក្រសួងបង្កើតក្នុងពេលថ្មីៗ ដើម្បីស្ដារស្ថានភាពនៅខេត្តសៀមរាបឲ្យល្អប្រសើរ។
ទេសចរណ៍កម្ពុជាបានរួមចំណែក១៣ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងឆ្នាំ២០១៩ ទេសចរអន្តរជាតិមានជាង៦,៦លាននាក់។ ក្នុងឆ្នាំចុងក្រោយៗនេះ ភ្ញៀវចិនចូលមកកម្ពុជា មានលើស២លាននាក់។
គួរបញ្ជាក់ថា មេរោគកូរ៉ូណាដែលបានផ្ទុះឡើងកាលពីចុងខែធ្នូឆ្នាំ២០១៩ គិតមកដល់ថ្ងៃនេះបានឡើងដល់ជិត ៨ពាន់ករណីនៅប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: