«សង្សារ»មានន័យផ្ទុយពី«សហាយ»យ៉ាងដូចម្តេច?
- ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

មហាជនដែលប្រើពាក្យ «សង្សារ» ក្នុងន័យសេចក្តីស្នេហា រវាងប្រុស និងស្រី។ ហើយពាក្យ«សហាយ»ប្រើសំដៅលើបុរស និងស្រី្តដែលមានគ្រួសារ ហើយលួចទៅមានអ្នកផ្សេងទៀត ដោយស្រឡាញ់គ្នាលួចលាក់នោះ។ វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបង្ហាញអត្ថន័យនៃពាក្យទាំងពីរនេះ ហាក់បីជាមានន័យបញ្ចៀសគ្នាបន្តិច។

វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«សហាយ»មានន័យប្រសើរជាងពាក្យ«សង្សារ»នៅត្រង់អត្ថន័យខ្លះៗ។
«សង្សារ»ជាដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក។ ខ្មែរប្រើពាក្យ«សង្សារ»សំដៅសេចក្ដីថា ស្រី្តជាគូកំសត់, ស្ត្រីជាសហាយស្មន់ , ស្រីនុ៎ះជាសង្សាររបស់គេ។
ចំណែក«សហាយ» មានន័យថា សម្លាញ់, មិត្តសម្លាញ់។ អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា (បើស្ត្រីជា សហាយិកា)។
ខ្មែរប្រើពាក្យនេះដោយសំដៅលើន័យម្យ៉ាងទៀតថា បុរសស្ត្រីដែលដើរហើរ ឬដែលខូចកាចនឹងគ្នា។ មានសហាយ មានស្រីឬមានប្រុសជាអ្នកប្រព្រឹត្តស្មន់អន្ធករនឹងគ្នា។ សហាយកំណាន់ សហាយដែលជាកំណាន់ចិត្ត។ សហាយស្មន់ សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់។ ប្រើជា កិរិយាសព្ទក៏បាន សហាយនឹងគ្នា ដើរហើរនឹងគ្នា, ខូចកាចនឹងគ្នា។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: