ពាក្យដែលមានព្យញ្ជនៈ «ល»ខ្លះអាចប្រើជាព្យញ្ជនៈ«រ» ក៏បាន តើមានពាក្យអ្វីខ្លះទៅ?
- ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ម៉ោង ៧:២៩ នាទី ព្រឹក

វចនានុក្រមសម្តេច ជួន ណាត បានបង្ហាញថា ពាក្យដែលផ្តើមដោយព្យញ្ជនៈ «ល» ខ្លះអាចសរសេរជាព្យញ្ជនៈ«រ»ក៏បានដែរ។ បើទោះបីសរសេបែបណាក្តី ក៏សុទ្ធតែត្រឹមត្រូវដូចគ្នា។

ពាក្យដែលអាចប្រើជាព្យញ្ជនៈ«ល» ក៏បាន ឬ«រ» ក៏បាននោះមានដូចជា លំហើយ,លម្លើយ ឬ រំហើយ,រម្លើយ, លំហ,លម្ហ ឬរំហ,រម្ល, លំហាច,លម្លាច ឬរំហាច,លម្លាច,លំហែ,លម្លែ ឬរំហែ,រម្លែ, លំហោក ឬរំហោក, លំហុក ឬរំហុក ជាដើម។
វចនានុក្រមខ្មែរក៏បានលើកឡើង នូវពាក្យមួយចំនួនដែលមានតួអក្សរ«ល» តែមិនប្តូរទៅ «រ»នោះទេ តែត្រូវប្តូរជាព្យាង្គតម្រួតវិញ រួមមានពាក្យ សំលឹង ទៅជាសម្លឹង, សំលក់ ទៅជាសម្លក់, សំល ទៅជាសម្ល, សំលី ទៅជាសម្លី, សំឡាញ់ ទៅជាសម្លាញ់, ចំលើយ ទៅជាចម្លើយ, ចំលែក ទៅជាចម្លើយ, ចំលាក់ ទៅជាចម្លាក់, ចំលង ទៅជាចម្លង, សំលុត ទៅជាសម្លុត, សំលូត ទៅជាសម្លូត, សំលុយ ទៅជាសម្លុយ, សំលេច ទៅជាសម្លេច។ល។
នៅក្នុងវចនានុក្រមខ្មែរបានលើកឡើងនូវពាក្យមួយចំនួនទៀត ដែលបានផ្លាស់ប្តូរ នោះមានពាក្យដែលមានតួអក្សរ«ថ» ទៅជាអក្សរ«ឋ»វិញ ដែលមានពាក្យ ថានៈ ទៅជាឋានៈ, ថានន្តរ ទៅជា ឋានន្តរ, ថាន ទៅជាឋាន, ថានានុក្រម ទៅជាឋានានុក្រម,ថានបទ្ម ទៅជាឋានបទ្ម, ថានប្បភេទ ទៅជាឋានប្បភេទ, ថានារូប ទៅជា ឋានានរូប ជាដើម។
មហាជននៅតែសាងកំហុសក្នុងការប្រើប្រាស់ពាក្យពេចន៌មួយចំនួនទៀត ក្នុងនោះមានពាក្យ ក្រលៅ, ច្រលំ,ច្រលឹង,ច្រលុង,ច្រលោ,ច្រលោត,ច្រលាស់,ត្រលាច,ត្រលក,ត្រលាយ,ស្រលាញ់,សំលេង,សំលី,សំលេះ,សំលែះ,ស្រលក់,ស្រលប់,ស្រលំ,ស្រលាំងកាំង,ស្រលិត,ស្រលើ,ស្រលាង,ស្រលៃ។ ពាក្យទាំងអស់នេះ ដាច់ខាតមិនអាចសរសេរអ៊ីចឹងបានឡើង គឺត្រូវសរសេរជា ក្រឡៅ,ច្រឡំ,ច្រឡុង,ច្រឡោ,ច្រឡោត,ត្រឡាច,ត្រឡាយ,ស្រឡាញ់,សំឡេង,សំឡី,សំឡេះ,សំឡែះ,ស្រឡក់,ស្រឡប់,ស្រឡំ,ស្រឡាំងកាំង,ស្រឡិត,ស្រឡើ,ស្រឡាង,ស្រឡៃ វិញទើបត្រឹមត្រូវតាមវចនានុក្រមខ្មែរ។
សម្រាប់ពាក្យខ្លះទៀត ដែលពលរដ្ឋមានទម្លាប់សរសេរជា ចំនី,ចំលើយ,ចំនុច,ចំនូល,ចំនុះ,ចំនិត ត្រូវសរសេរជា ចំណី,ចម្លើយ,ចំណុច,ចំណុះ,ចំណិត វិញទើបត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: