ប្រយ័ត្ន! កំពុងប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ គួរចៀសវាងអាហារទាំងនេះ
- ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ៨:៥៩ នាទី យប់

អាហារក៏មានឥទ្ធិពលលើប្រសិទ្ធភាពនៃថ្នាំដែលអ្នកទទួលទានផងដែរ។ ថាតើអាហារអ្វីខ្លះដែលអ្នកគួរចៀសវាង ឬកម្រិតការទទួលទានពេលកំពុងប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
រួមបញ្ចូលទាំងឈីស គ្រីមជូរ ទឹកដោះគោ បឺរ និងការ៉េមជាដើមមិនគួរត្រូវបានអ្នកប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកទទួលទានឡើយ។ នេះក៏ព្រោះតែជាតិកាល់ស្យូមដែលមានផ្ទុកក្នុងអាហារផ្សំឡើងពីទឹកដោះគោអាចរារាំងដល់ការស្រូបយកថ្នាំអង់ទីប៊ីយ៉ូទិកបានត្រឹមត្រូវ។ ប៉ុន្តែចំពោះយ៉ាអួរ អ្នកគួរព្យាយាមទទួលទានបន្តក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយប្រូបាយអូទិកដែលជួយរក្សាសុខភាពពោះវៀនល្អប្រសើរទប់ស្កាត់អាការៈរាគដែលជាផលប៉ះពាល់មួយនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។
២. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក
ក៏ដូចនឹងកាល់ស្យូមដែរ ជាតិដែក គឺរារាំងការស្រូបយកថ្នាំអង់ទីប៊ីយ៉ូទិក។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែករហូតដល់អ្នកឈប់ប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។ ហើយប្រសិនបើត្រូវទទួលទានថ្នាំគ្រាប់ជាតិដែក នោះគួររងចាំយ៉ាងហោចណាស់ឱ្យបាន ៣ ម៉ោងសិនក្រោយពេលលេបថ្នាំអង់ទីប៊ីយ៉ូទិក។
៣. គ្រឿងស្រវឹង
នេះក៏ព្រោះតែគ្រឿងស្រវឹងអាចបណ្ដាលឱ្យផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដូចជាវិលមុខនិងរាគកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះដើម្បីជាការប្រើប្រាស់កំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកចូរកុំទទួលទានគ្រឿងស្រវឹង។
៤. ផ្លែឈើប្រភេទ Citrus Fruits
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានផ្លែឈើប្រភេទ Citrus Fruits រួមបញ្ចូលទាំងផ្លែក្រូច ក្រូចឆ្មារ និងទំពាំងបាយជូរជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C ចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ទោះជាយ៉ាងណាការទទួលទានផ្លែឈើប្រភេទនេះកំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក គឺមិនមែនជាគំនិតល្អឡើយដោយវាមានឥទ្ធិពលអវិជ្ជមានលើរាងកាយក្នុងការស្រូបយកជាតិថ្នាំ។
៥. អាហារនិងភេសជ្ជៈមានផ្ទុកជាតិអាស៊ីត
អាហារនិងភេសជ្ជៈប្រភេទនេះអាចបណ្ដាលឱ្យរាងកាយមិនអាចស្រូបយកជាតិថ្នាំបានត្រឹមត្រូវ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬបញ្ឈប់ការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកអាស៊ីតសិន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com