ប្រយ័ត្ន! រន្ធញើសធំ អាចមកពីទម្លាប់ទាំងនេះ
- ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ៦:៥៩ នាទី ល្ងាច

គ្មាននរណាចង់បានស្បែកមុខមានរន្ធញើសធំៗឡើយ។ ហើយបញ្ហានេះអាចបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលយើងស្មានមិនដល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលបង្កបញ្ហារន្ធញើសធំ ៖

១. ប្រើប្រាស់ទឹកលាងសម្អាតមុខមិនបានត្រឹមត្រូវ
រន្ធញើសធំច្រើនកើតមានជាទូទៅចំពោះអ្នកដែលមានស្បែកមុខខ្លាញ់។ ដូច្នេះត្រូវប្រាកដថាអ្នកជ្រើសរើសប្រើប្រាស់ផលិតផលលាងសម្អាតមុខបានត្រឹមត្រូវសាកសមសម្រាប់ស្បែកមុខខ្លាញ់និងមិនត្រូវលាងសម្អាតមុខច្រើនជាងពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃឡើយ។ ការលាងសម្អាតមុខញឹកញាប់ពេកកាន់តែធ្វើឱ្យរន្ធញើសលើមុខកាន់តែធំជាងមុន។
២. ទទួលទានអាហារខុស
អាហារក៏ជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះរន្ធញើសលើផ្ទៃមុខផងដែរ។ ដើម្បីជាការប្រើប្រាស់ចូរប្រយ័ត្នចំពោះការទទួលទានអាហារមានផ្ទុកជាតិស្ករនិងកាបូអ៊ីដ្រាតខ្ពស់។ ចូរព្យាយាមទទួលទានបន្លែផ្លែឈើស្រស់ៗច្រើនជំនួសវិញ។
៣. មិនខាត់សម្អាតស្បែកមុខឱ្យបានទៀងទាត់
ការខាត់សម្អាតមុខឱ្យបានទៀងទាត់ គឺចាំបាច់ណាស់ដើម្បីទប់ស្កាត់បញ្ហារន្ធញើសធំ។ ទោះជាយ៉ាងណាមិនគួរខាត់ស្បែកមុខលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។
៤. មិនប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកមុខជាប្រចាំ
មានស្បែកមុខខ្លាញ់មិនមែនមានន័យថាអ្នកមិនចាំបាច់ប្រើប្រាស់ផលិតផលផ្ដល់សំណើមជាប្រចាំឡើយ។ នេះក៏ព្រោះតែខ្លាញ់លើស្បែកមុខមិនមែនទឹកឡើយ ដូច្នេះវាមិនអាចផ្ដល់សំណើមដល់កោសិកាស្បែកបានទេ។ សូម្បីតែអ្នកមានស្បែកមុខខ្លាញ់ក៏អាចជួបប្រទះបញ្ហាស្បែកស្ងួតផងដែរ ហើយនេះជាអ្វីដែលធ្វើឱ្យរន្ធញើសធំជាងមុន។ ហេតុនេះដើម្បីជាការប្រើប្រាស់ចូរជ្រើសរើសប្រើប្រាស់ផលិតផលផ្ដល់សំណើមឱ្យបានត្រឹមត្រូវដែលសាកសមចំពោះស្បែកមុខខ្លាញ់។
៥. ត្រូវកម្ដៅថ្ងៃច្រើនពេក
ការត្រូវកម្ដៅថ្ងៃក្ដៅខ្លាំងច្រើនពេកអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពស្បែករួមបញ្ចូលទាំងបញ្ហារន្ធញើសធំ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com