នៅពេល​ព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យ​លើក​ញ្ញា ម៉ូ​និក …
  • ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
នៅពេល​ព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យ​លើក​ញ្ញា ម៉ូ​និក …

​សៀវភៅ «The Queen Mother: An Eventful Life» ជាដ​ង្វា​យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅក្នុង​ឱកាស​ខួប ចម្រើន​ព្រះ​ជន្មាយុ​គម្រប់​៨០​ព្រះវស្សា​។ សៀវភៅ​នេះ​ត្រូវបាន​និពន្ធ​ដោយ​លោក Julio A. JELDRES អតីត​អ្នកសរសេរ​ព្រះរាជ​ជីវប្រវត្តិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​ត្រូវបាន​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១៦ ជា​ភាសា​អង់គ្លេស ដើម្បី​រៀបរាប់​អំពី​ខ្សែជីវិត និង​ព្រះរាជ​សកម្មភាព​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ របស់​សម្តេចព្រះ​មហាក្សត្រី​។ ក្នុងចំណោម​អនុស្សាវរីយ៍​ទាំងឡាយ ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​សៀវភៅ ក៏មាន​ដំណើររឿង​នៃ​ប្រវត្តិ​ស្នេហា​រវាង ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី​ផងដែរ​។ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​ប្រសូត្រ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយមាន​ឈ្មោះ​ពី​កំណើត Paule-Monique Izzi ជា​កូនស្រី​ទី​ពីរ​នៃ​ឪពុក​ជនជាតិ​បារាំង​កាត់​អ៊ីតាលី លោក Jean-François Izzi និង​អ្នក​ម្តាយ នាម ចៅ​ឃុន ប៉ុ​ម ពាង​។​
TTN-Free-Banner-In-Article-PC
 
ដោយ​យល់ឃើញ​ពី​តម្លៃ​នៃ​សេចក្តីស្នេហា​ដ៏​មាន​ភក្តីភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ ចំពោះ​សម្តេចព្រះ​មហាក្សត្រី និង​ដោយ​យល់ឃើញថា នេះ​ជា​ប្រវត្តិ​ស្នេហា​ពិត​ដែល​ពុំមាន​ប្រជាពលរដ្ឋ​ច្រើន​បានដឹង​ឭ ហើយក៏​ដូចជា​ចូលរួម​ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៨៨ យាង​ចូល​៨៩​ព្រះវស្សា សារព័ត៌មាន​ឌីជីថលថ្មីៗ​សូម​អនុញ្ញាត​ដកស្រង់ និង​ប្រែ​សម្រួល​អត្ថបទ​និយាយ​ពី​ប្រវត្តិ​ស្នេហា​រវាង​ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សី​ហុន ចេញពី​សៀវភៅ The Queen Mother: An Eventful life ដើម្បី​ចែកជូន​អ្នកអាន​របស់​សារព័ត៌មាន​ថ្មីៗ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖ 
 
​តាមពិត អនាគត​សម្តេចព្រះ​មហាក្សត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​និង​ស្គាល់​ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហនុ តាំងពី​កុមារី​មក​ម្លេះ តាមរយៈ​ឪពុក​របស់​នាង គឺ លោក Jean-François Izzi ដែលជា​មិត្ត​ជិតស្និទ្ធ​ព្រះករុណា​ព្រះ សុរាម្រិត​។ រីឯ​មាតា​របស់​កញ្ញា គឺ​អ្នកស្រី ប៉ុ​ម ពាង ដែល​ជិតស្និទ្ធ​ជាមួយ​ជាមួយ​ព្រះអង្គម្ចាស់ និង​ព្រះ​ម្ចាស់​ក្ស​ត្រី នរោត្តម សុធារស ជា​ព្រះ​អាយ្យ​កោ និង​ព្រះ​អាយ្យ​ការបស់​ព្រះករុណា នរោត្តម សីហនុ​។ យោងតាម​ទស្សនា​វ​ដ្តី Time លោក Jean-François Izzi គឺជា​បុរស​ជនជាតិ​បារាំង​កាត់​អ៊ីតាលី ហើយ​បានមក​បំពេញការងារ​ឲ្យ​ធនាគារ Credit Foncier នៅ​ឥណ្ឌូចិន​នេះ ហើយ​ដែល​បាន​ក្លាយជា​ស្វាមី​របស់​អ្នកស្រី ប៉ុ​ម ពាង​។​
 
​លោក អ៊ី​ហ្ស៊ី ដែលមាន​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​ញាតិវង្ស​ព្រះករុណា ព្រះ​នរោត្តម សុរាម្រិត នោះ តែងតែ​ចេញចូល​នៅ​រាជដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិតនៅលើ​មហាវិថី ឡេង ស៊ីសុវត្ថិ ក្បែរ​វិមានឯករាជ្យ​។ លោក​តែងមាន​អារ​រ​ម្មណ៍​ស្និទ​ស្នាល និង​សប្បាយរីករាយ នៅពេល​បាន​នៅ​ជាមួយ​ព្រះអង្គម្ចាស់ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី​។ លោក អ៊ី​ហ្ស៊ី តែងតែ​ថ្វាយ​សៀវភៅ​ល្អៗ​ពី​ប្រទេស​បារាំង​ទៅ​ក្សត្រា នរោត្តម សីហនុ ដូចជា Ali Baba, A Thousand, One nights, Bicot Bicotin និង​សៀវភៅ​នានា​ផ្សេងទៀត​។​
 
​ថ្ងៃមួយ នៅពេលដែល​កូនស្រី ម៉ូ​និក អាយុ​បាន​១២​ឆ្នាំ នាង​បានរួម​ដំណើរ​ជាមួយ​អ្នក​ម្តាយ​របស់​នាង ដើម្បី​ទៅសួរសុខទុក្ខ​ព្រះ​ញាតិវង្ស​នៃ​ព្រះអង្គម្ចាស់ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី សុរាម្រិត ហើយ​ក៏បាន​ជួបនឹង​ព្រះមហាក្សត្រ នរោត្តម សីហនុ​។ ព្រះមហាក្សត្រ​វ័យក្មេង នរោត្តម សីហនុ បាន​មាន​ព្រះរាជឱង្ការ​ប្រាប់​អ្នកស្រី ប៉ុ​ម ពាង ថា ក្នុងពេល​ពីរ​បី​ឆ្នាំ​ទៀត ព្រះអង្គ​នឹង​យាង​ចូល​ស្តីដណ្តឹង​កញ្ញា ម៉ូ​និក ដើម្បី​រៀប​អភិសេក​ហើយ​។ នៅពេលនោះ អ្នកស្រី ប៉ុ​ម ពាង បាន​ឆ្លើយតប​វិញ​យ៉ាង​ដូច្នេះ​៖«​ព្រះអង្គ​! ព្រះអង្គ​ល្បីល្បាញ​ថា មាន​ដៃគូ​ស្នេហា​ច្រើនណាស់​។ រៀងរាល់​៦​ខែ ព្រះអង្គ​តែង​ប្តូរ​ស្រី​កំណាន់​។ សូម​ព្រះអង្គ​ទុកឱ្យ​កូនស្រី​របស់ខ្ញុំ​ម្ចាស់​បាន​ស្វែងរក​ស្វាមី​ល្អ​និង​ស្មោះត្រង់ ដែលជា​ក្សត្រ​ដែលមាន​មហេសី តែមួយ គឺ​មិនមែនជា​អង្គ​ក្សត្រ​ដែលមាន​មហេសី​ច្រើន​ដូច​ព្រះអង្គ​នោះឡើយ​។​»​។​


 
​ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅក្នុង​ពិធី​ប្រឡង​បវរកញ្ញា​ដែល​គាំទ្រ​ដោយ​អង្គការ​យូណេស្កូ ព្រះមហាក្សត្រ នរោត្តម សីហនុ ដែលមាន​ព្រះរាជ​វត្តមាន​នៅក្នុង​ពិធី​នោះដែរ បាន​លើកទឹកចិត្ត​ឱ្យ​កញ្ញា ម៉ូ​និក ចូលរួម​ក្នុង​ការប្រឡង​ជ្រើសរើស​បវរកញ្ញា​នោះដែរ​។ ប៉ុន្តែ​កញ្ញា​ម៉ូ​និក ដែល​មិនបាន​ត្រៀមខ្លួន​ថា​នឹងចូលរួម​ក្នុងការ​ប្រឡង​នោះ បាន​ឆ្លើយតប​ទាំង​អៀនប្រៀន​ទៅ​ព្រះរាជា សីហនុ ថា​៖«​ព្រះអង្គ​! បើសិនជា​ខ្ញុំម្ចាស់​មិន​ឈ្នះ​នៅក្នុង​ការប្រឡង​នេះ​ទេ ខ្ញុំម្ចាស់​ច្បាស់​ជា​យំ​ហើយ​។ តើ​ព្រះអង្គ​មាន​អ្វី​លួង​ខ្ញុំម្ចាស់​ទេ​?»
 
​ព្រះមហាក្សត្រ សីហនុ បាន​ឆ្លើយតប​ទៅ​កញ្ញា ម៉ូ​និក វិញ​ថា បើសិនជា នាង​ពុំមាន​សំណាង​បាន​ជាប់​ក្នុង​ការប្រឡង​បវរកញ្ញា​នោះទេ ព្រះអង្គ​នឹង​ផ្តល់​រង្វាន់​ជា​ពានប្រាក់​ដែលមាន​ឆា្ល​ក់​ក្បាច់​យ៉ាង​ស្រស់ស្អាត ហើយ​អ្នកចូលរួម​ទាំងអស់​នឹង​ទះដៃ​សាទរ​នាង​ដោយ​ក្តី​រីករាយ​។​
 
​តាមពិត នៅក្នុង​ពិធី​នោះ អនាគត​សម្តេចព្រះ​មហាក្សត្រី​នៃ​កម្ពុជា​បានឈ្នះ​ការប្រកួត​ប្រឡង​បវរកញ្ញា ហើយ​ក្រោយមក មិនយូរប៉ុន្មាន ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​សុំ​ទៅ​អ្នកស្រី ប៉ុ​ម ពាង ជា​មាតា ដើម្បី​ចូល​ស្តីដណ្តឹង​កូនស្រី​របស់គាត់​។ នៅពេលនោះ លោក អ៊ី​ហ្ស៊ី បានទទួល​មរណភាព​ហើយ​។​
 
​អ្នកស្រី ប៉ុ​ម ពាង ជា​មាតា​បាន​យល់ព្រម​រៀបចំ​អាពាហ៍ពិពាហ៍​កូនស្រី​ជាមួយនឹង​ព្រះមហាក្សត្រ នរោត្តម សីហនុ បន្ទាប់ពី​ទទួលបាន​ការផ្តល់​យោបល់​ពី ឃុន​ព្រះ​ម្នាង បុ​ប្ជា​ន​លក្ខណ៍ មាឃ ដែលជា​អ្នកគ្រប់គ្រង​នារី​ទាំងអស់​ក្នុង​ព្រះបរមរាជវាំង​ក្នុង​រជ្ជកាល​ព្រះ ស៊ីសុវត្ថិ មុនី​វង្ស និង​ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្ស​រៈ ដែលជា​បងប្អូនជីដូន​មួយ និង​ជា​ដៃគូ​កីឡា​តិ​ន្នី​ស​របស់​ព្រះរាជា នរោត្តម សីហនុ​។​
 
​នៅក្នុង​ឆ្នាំ ១៩៥២ ដើម្បី​អបអរ​ពិធី​រៀប​អភិសេក ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​ព្រះរាជ​និពន្ធ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​រាត្រី​ដែល​បាន​ជួប​ភក្ត្រ​» (Le soir où je t’ai rencontrée) ជា​ចង្វាក់ ឆា​-​ឆា​-​ឆា ដែល​មានន័យ​ដូចខាងក្រោម​នេះ​៖
 
 

​នៅក្នុង​ឆ្នាំ ១៩៥៣ ព្រះមហាក្សត្រ​បាន​និពន្ធ​បទ​ចម្រៀង​បូ​លេ​រ៉ូ​មួយ​បទ​ទៀត​ដែលមាន​ចំណងជើង​ថា «​ម៉ូ​នី​កា​»​។ ជាថ្មី​ម្តងទៀត តាមរយៈ​បទ​ចម្រៀង​មួយ​នេះ គឺ​ព្រះមហាក្សត្រ ព្រះបិតា​ជាតិ ចង់បង្ហាញ​ពី​ក្តី​ស្នេហា​ចំពោះ​ព្រះមហាក្សត្រី ដែលមាន​អត្ថន័យ​ដូចខាងក្រោម​នេះ​៖
 

 
​បន្ទាប់​ពីបទ ម៉ូ​នី​កា នេះ នៅ​ឆ្នាំ​១៩៥៤ សម្តេចព្រះ​បិតា​ជាតិ​ក៏បាន​ព្រះរាជ​និពន្ធ​បទ​ចម្រៀង​មួយទៀត​គឺ «​កុលាប​ភ្នំពេញ​» ដើម្បី​បញ្ជាក់​អំពី​សេចក្តីស្នេហា​របស់​ព្រះអង្គ​ចំពោះ​ព្រះវររាជ​មាតា​។​
 
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​បន្ទាប់ពី​ឆ្នាំ​នោះមក ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ ព្រះ​នរោត្តម សីហនុ បានសម្រេច​ព្រះរាជហឫទ័យ​ធ្វើជា​ក្សត្រ​ដែលមាន​មហេសី​តែមួយ​ព្រះអង្គ ដោយ​បោះបង់ចោល ទំនៀមទម្លាប់​ប្រពៃណី​ចាស់​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ដែលមាន​មហេសី​ច្រើន​។​
 
​ចាប់តាំងពី​ពេលនោះ​មក ស្នេហា​ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី មាន​រយៈពេល​៦០​ឆ្នាំ រហូតដល់​ឆ្នាំ​២០១២ ឆ្នាំ​ដែល​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ បាន​សោយ​ព្រះ​ទិវង្គត​៕
 
 










អ្នកសរសេរអត្ថបទ

Mr. LEANG Delux, born in 1980, from Kampong Cham province, started his career as journalist in 2000 after graduated from RUPP where he received a Bachelor degree in French literature and a diploma in Journalism. Prior to holding the current position as Publisher of the well-known online news, www.thmeythmey.com, which he is a founder, Mr. Delux has worked for some renowned media outlets such as: french speaking newspaper Cambodge soir (2000-2009), Radio France Internationale (2002-2013) and Rasmei Kampuchea (2009-2011). While carrying out his journalism career, Mr. LEANG Delux has actively involved in training young journalists. He also won many prize writing contests organized by embassies and NGOs in Cambodia and had covered many international events abroad.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

លាង ដឺ​លុច (Leang Delux)