«នោះ»,«នុះ»និង«នុ៎ះ»តើជាពាក្យមានន័យដូចគ្នា ឬខុសគ្នា?
- ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៧:២៥ នាទី ព្រឹក

ពាក្យ«នោះ»,«នុះ»និង«នុ៎ះ»គឺសុទ្ធតែមានន័យដូចគ្នាថា សម្រាប់បង្ហាញ,ចង្អុលទៅអ្វីមួយ។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«នុះ»ជាពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ : សុំអ្នកមេត្តាឲ្យក្រដាសជិតដៃនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ ?
ចំពោះពាក្យ«នុ៎ះ» មានន័យថា ហ្នឹង ពាក្យសម្រាប់ចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ, ដូចពាក្យថា អ្នកណានុ៎ះ ?; អ្នកណាដើរនុ៎ះ ?; នុ៎ះន៏ !; នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ, ឯណោះផ្ទះបងស្រីខ្ញុំ ។
ចំណែកពាក្យ«នោះ» ជាពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗដែលនៅឆ្ងាយតែប្រាកដ។ ជាពាក្យមានសូរសំឡេងស្មើនឹង «នុះ» ប៉ុន្តែទាបជាង «នុ៎ះ»។ សំបុត្រនោះ, សេចក្ដីនោះ, ផ្ទះនោះ, អ្នកនោះ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: