គិតខ្លួនឯង តើជាបំណុលវិនិយោគ ឬបំណុលវ័ណ្ឌក?
- ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ម៉ោង ១០:០០ នាទី ព្រឹក

ភ្នំពេញ៖ នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច គេច្រើននិយាយពីបំណុលល្អ និងបំណុលអាក្រក់ ឬគេអាចនិយាយម្យ៉ាងទៀតបានថា បំណុលវិនិយោគ និងបំណុលវ័ណ្ឌក។ បំណុលល្អ គឺជាបំណុលដែលអ្នកខ្ចី បានខ្ចីលុយពីគេដើម្បីយកទៅធ្វើអ្វីមួយដើម្បីបានប្រាក់ចំណូល និងចំណេញមកវិញ។ រីឯ បំណុលមិនល្អ គឺជាបំណុលដែលអ្នកខ្ចី ខ្ចីលុយពីគេយកទៅចាយអត់ប្រយោជន៍ ឬយកទៅទិញរបស់ប្រើប្រាស់ដែលមិនអាចរកប្រាក់ចំណូល ឬចំណេញបានមកវិញ។ ឧទាហរណ៍ថា បុរស«ក»ខ្ចីលុយពីមីក្រូហិរញ្ញវត្ថុឯកជនមួយ ហើយបុរសនោះយកប្រាក់ទៅទិញម៉ូតូដឹកទំនិញលក់ដើម្បីបានប្រាក់ចំណេញរៀងរាល់ថ្ងៃ បំណុលនេះគេហៅថា ជាបំណុលវិនិយោគ ឬជាបំណុលល្អ ព្រោះថា វាជាបំណុលបង្កើតប្រាក់ចំណេញ។ តែបើបុរស«ក»ដដែលខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ យកទៅទិញម៉ូតូជិះដើរលេងបង្អួតគេ គ្មានរកប្រាក់ចំណូលអ្វីសោះនោះ បំណុលនេះត្រូវបានគេហៅថា ជាបំណុលអាក្រក់ ឬជាបំណុលវ័ណ្ឌក៕

© រក្សាសិទ្ធិដោយ thmeythmey.com