
នៅពេលដែលការបំពុលបរិស្ថាន ជាពិសេសបរិយាកាសកំពុងតែមានភាពអាក្រក់ទៅៗជាប្រចាំ សារធាតុពុលដែលមាននៅក្នុងខ្យល់ក៏កំពុងតែបង្កឲ្យមានផលលំបាកជាច្រើនផងដែរ។ ក្នុងនោះ«ភ្លៀងអាស៊ីត»គឺជាបញ្ហាមួយដែលអ្នកគួរបារម្ភ និងមិនគួរមើលរំលងឡើយ។ ខាងក្រោមនេះគឺជាចំណេះដឹងមួយចំនួនដែលលោកអ្នកអានគួរយល់ដឹង និងបង្ការ។

គេហទំព័ររបស់ស្ថាប័នការពារបរិស្ថាននៃសហរដ្ឋអាមេរិកមួយក្រោមឈ្មោះថា epa.gov បានធ្វើការពន្យល់ថា ភ្លៀងអាស៊ីតគឺជាបាតុភូតអាកាសធាតុទាំងឡាយណាដែលមានកម្រិតសារធាតុអាស៊ីតនៅជាមួយ។ ក្នុងនោះបាតុភូតអាកាសធាតុអាចមានដូចជាទឹកភ្លៀង ព្រិលទឹកកក ចំហាយទឹក ឬផង់ធូលីជាដើម។ ភ្លៀងអាស៊ីតកើតឡើងនៅពេលដែលសារធាតុគីមីមានដូចជា ស៊ុលផួឌីអុកស៊ីត និង អាសូតអុកស៊ីត ត្រូវបានបញ្ចេញទៅកាន់បរិយាកាស ហើយមានប្រតិកម្មជាមួយនឹងសារធាតុដទៃទៀតនៅក្នុងខ្យល់ដូចជាតំណក់ទឹក ឬអុកស៊ីសែនជាដើម។
ក្រោយពីប្រតិកម្ម វានឹងបំលែងក្លាយជាសារធាតុ ស៊ុលផួរិច និង នីទ្រីចអាស៊ីត។ សារធាតុពុលទាំងនោះភាគច្រើនមានប្រភពមកពីការដុតឥន្ធនៈផូស៊ីល នៅតាមរោងចក្រផលិតអគ្គីសនី នៅតាមរោងចក្រចំរាញ់ប្រេងកាត រោងចក្រឧស្សាហកម្ម ឬចេញពីយានយន្តជាដើម។ នៅពេលដែលទឹកភ្លៀងអាស៊ីតធ្លាក់ចុះមកលើដី ឬចូលទៅក្នុងប្រភពទឹក សារធាតុអាស៊ីតទាំងនោះនឹងទៅបង្កឲ្យមានភាពមិនប្រក្រតីទៅកាន់សមាសធាតុទឹក ធ្វើឲ្យកម្រិក pH ធ្លាក់ចុះ និងអាចបង្កឲ្យមានភាពលំបាកសម្រាប់សត្វដែលរស់នៅក្នុងប្រភពទឹកទាំងនោះ។
ជាទូទៅ ទឹកភ្លៀងធម្មតាមានកម្រិត pH ប្រមាណតែ 5.6 តែប៉ុណ្ណោះ។ ចំពោះភ្លៀងអាស៊ីតវិញ កម្រិត pH ធ្លាក់ចុះទៅដល់ចន្លោះ 4.2 ឬ 4.4 ។ តម្លៃលេខកាន់តែទាប កម្រិតអាស៊ីតកើនឡើងកាន់តែខ្លាំង។ ចំពោះរុក្ខជាតិវិញ ភ្លៀងអាស៊ីតអាចបង្កឲ្យមានផលប៉ះពាល់ទៅកាន់ស្លឹក និងធ្វើឲ្យដំណើររស្មីសំយោគប្រព្រឹត្តទៅមិនបានល្អ។ ភ្លៀងអាស៊ីត ក៏អាចធ្វើឲ្យផ្ទះសំបែង ឬសំណង់មួយចំនួនងាយពុកផុយ និងខូចខាតផងដែរ។
ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ ពលរដ្ឋម្នាក់ៗគួរប្រើប្រាស់ថាមពលជាមួយនឹងអារម្មណ៍នៃការសន្សំសំចៃ ដូចជាការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម កុំប្រើប្រាស់រថយន្តធំៗដែលបញ្ចេញផ្សែងច្រើន ប្រើទោចក្រក្រយាន ឬបិទភ្លើង និងម៉ាស៊ីនត្រជាក់នៅពេលដែលមិនចាំបាច់។ ទាំងអស់នេះគឺជាសកម្មភាពដែលចូលរួមក្នុងការរក្សាបរិស្ថាន សម្រាប់អ្នកដទៃដែលរស់នៅជាមួយ និងអ្នកជំនាន់ក្រោយៗផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com