ប្រវត្តិកីឡាបាល់ទាត់
- ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ម៉ោង ៩:២៩ នាទី យប់

កីឡាបាល់ទាត់ ជាកីឡាមួយដែលមនុស្សជាច្រើនលាននាក់ក្នុងពិភពលោកអាចនិយាយបានថា ជាកីឡាដែលមានប្រជាប្រិយភាពច្រើនជាងគេ។ មិនថានៅប្រទេសណានោះទេ កីឡាមួយនេះតែងតែមានវត្តមានជានិច្ច មិនអាចខ្វះបាន។ កីឡាបាល់ទាត់មិនប្រកាន់មនុស្សវ័យក្នេង ឬចាស់នោះទេ។ មិនប្រកាន់ថាស្រី ឬប្រុសនោះទេ។ ក្នុងពេលជាមួយគ្នាដែរ មានការប្រារព្ធប្រកួតបាល់ទាត់អន្តរជាតិធំៗជាច្រើនដូចជា FIFA ជាដើម។ សម្រាប់កីឡាដែលមានវត្តមាននៅគ្រប់ទីកន្លែងមួយនេះ តើវាមានដើមកំណើតនិងការចាប់ផ្តើមតាំងពីពេលណាមក?

គេហទំព័របាល់ទាត់មួយដែលមានឈ្មោះ footballhistory.org បានពន្យល់ថា កីឡាបាល់ទាត់សព្វថ្ងៃ ឬកីឡាបាល់ទាត់បែបទំនើបមានដើមកំណើតមកពីប្រទេសអង់គ្លេសក្នុងអំឡុងពាក់កណ្តាលសតវត្សន៍ទី១៩ ពោលគឺពាក់កណ្តាលឆ្នាំ១៨០០។ ប៉ុន្តែកីឡាបាល់ទាត់បែបបុរាណដែលមានលក្ខណៈស្រដៀងគ្នាដែរនោះមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយ។ កីឡាបាល់ទាត់ដំបូងដែលអ្នកស្រាវជ្រាវបានរកឃើញគឺមានប្រភពមកពីអរិយធម៌ មេសូអាមេរិក (Mesoamerica) ដែលសព្វថ្ងៃជាប្រទេសនៅតាមតំបន់អាមេរិកកណ្តាល តាំងពី៣០០០មុនឯណោះ។
ភាពស្រដៀងគ្នានោះគឺ ការប្រកួតទាមទារឲ្យមានក្រុមចំនួនពីរ លេងជាមួយនឹងដុំបាល់ដែលធ្វើពីថ្ម។ អត្ថន័យគឺថា បាល់ថ្មតំណាងឲ្យព្រះអាទិត្យ ហើយអ្នកដឹកនាំក្រុមដែលចាញ់ការប្រកួត នឹងត្រូវបានសម្លាប់ដើម្បីជាសំណែនសម្រាប់ព្រះអាទិទេព។ កីឡាស្រដៀងគ្នានេះក៏ត្រូវបានគេរកឃើញនៅប្រទេសចិននាអំឡុងសតវត្សន៍ទី៣ និងទី២មុនគ្រឹស្តសករាជដែរ ដែលកាលពីពេលនោះវាត្រូវបានគេដាក់ឈ្មោះថា Cuju ។ Cuju ទាមទារឲ្យអ្នកលេងប្រើប្រាស់តែជើងដើម្បីទាត់ទេ។ គេលេងវានៅក្នុងដីក្រឡារាងជាការេ។ ក្រោយមក ប្រទេសជប៉ុនក៏បានទទួលយកកីឡាមួយនេះមកជាមួយដែរ។
ប្រទេសក្រិកបុរាណក៏ត្រូវបានគេសិក្សាថា មានវត្តមានកីឡាបាល់ទាត់ដែរ។ កាលនោះ បាល់ត្រូវបានគេផលិតពីកំណាត់ស្បែក រួចសប់ខ្យល់ចូលពីក្នុង នៅអំឡុងសតវត្សន៍ទី៧។ ក្រោយមក អាណាចក្ររ៉ូមាំងក៏បានយកកីឡាបាល់ទាត់ជាមេរៀនលំហាត់ប្រាណសម្រាប់ទាហានកងពលរបស់ពួកគេ។ នៅពេលនេះហើយដែលប្រទេសអង់គ្លេសទទួលបាននូវវប្បធម៌នៃកីឡាមួយនេះ។
នៅសតវត្សន៍ទៅ១២ ប្រទេសអង់គ្លេសបានអនុវត្តកីឡាបាល់ទាត់នៅតាមផ្លូវទីសាធារណៈជាដើម។ ប៉ុន្តែកីឡាបាល់ទាត់ក្នុងពេលនោះ ក៏បានការលាយឡំជាមួយនឹងការប្រើប្រាស់ដៃសម្រាប់ទះខ្លះដែរ ដោយមានការឈរមើលពីមនុស្សជាច្រើននាក់។ ប៉ុន្តែដោយសារការលេងកីឡាតែងភាគច្រើនបញ្ចប់ដោយអំពើហិង្សា កីឡាមួយនេះត្រូវបានគេហាមខាត់អស់រយៈពេលជាច្រើនសតវត្សន៍។
នៅក្នុង១៨៣៥ ឯប្រទេសអង់គ្លេស សាលារៀនមួយចំនួនបានចាប់ផ្តើមនាំមកនូវកីឡាបាល់ទាត់មកវិញ។ ប៉ុន្តែនៅមានបញ្ហាមួយគឺត្រង់ថា គេមិនទាន់បានចែកដាច់រវាងកីឡាបាល់ទាត់ ជាមួយនឹងកីឡាបាល់អោប (Rugby) នៅឡើយទេ។ នៅឆ្នាំ ១៨៦៣ សមាគមន៍កីឡាបាល់ទាត់មួយត្រូវបានគេបង្កើតឡើងក្នុងការចងក្រងច្បាប់ និងវិន័យសម្រាប់បាល់ទាត់ ឲ្យត្រូវទៅតាមស្តង់ដា និងដើម្បីឲ្យមានភាពខុសគ្នាពីកីឡាបាល់អោប។ ក្នុងនោះវិន័យដោយមិនឲ្យប្រើដៃក៏ត្រូវបានគេកំណត់ផងដែរ។ នៅពេលដែលអង់គ្លេសចេញទៅធ្វើអាណានិគម គេក៏បាននាំកីឡានេះទៅជាមួយផងដែរ។ ក្លិបបាល់ទាត់អាជីព ដែលមានឈ្មោះជាផ្លូវការដំបូងគេគឺ Notts County មានទីតាំងនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៨៦២មកម្លេះ។
ក្នុងអំឡុងពេលដដែលនោះ បាល់ទាត់ត្រូវបានគេប្រកួតតែក្នុងរង្វង់សិស្សសាលារៀនប៉ុណ្ណោះ។ តែនាសម័យបដិវត្តន៍ឧស្សាហកម្ម នៅពេលដែលមានមនុស្សម្នាជាច្រើនបានចាប់ផ្តើមមករស់នៅតាមទីក្រុងរោងចក្រធំៗ កីឡាទាត់បាល់ក៏ទទួលបានប្រជាប្រិយភាពជាមួយនឹងកម្មកររោងចក្រទៅវិញ។ ប្រព័ន្ធផ្លូវគមនាគមន៍បានទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើងៗ ពីគ្រប់តំបន់។ ក្រោយឆ្នាំ១៨៨៥ បាល់ទាត់បានក្លាយជាកីឡាមួយដែលមានកីឡាករ និងការប្រកួតច្បាល់លាស់។ នៅឆ្នាំ១៨៧១ FA Cup ឬ Football Association Challenge Cup ត្រូវបានបង្កើតឡើង។ ក្នុងឆ្នាំ ១៩០៤ FIFA (Fédération Internationale de Football Association) បានចាប់កំណើតឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com