ក្រសួងកសិកម្មផ្តល់ម៉ាស៊ីនព្រោះស្រូវទៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
- ថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៤:០៨ នាទី រសៀល

រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានផ្ដល់ម៉ាស៊ីនព្រោះស្រូវចំនួន១៥០គ្រឿង តាមរយៈក្រសួងកសិកម្ម ឱ្យខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ សម្រាប់ស្ដារដាំណាំស្រូវឡើងវិញ ក្រោយទឹកជំនន់ស្រកចុះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានThmeyThmey25 តាមតេឡេក្រាមថា ខេត្តទាំងបីនេះ ជាខេត្តដែលរងផលប៉ះពាល់ដំណាំស្រូវខ្លាំងជាងគេ និងត្រូវស្ដារឡើងវិញរហូតដល់ជាង៤ម៉ឺនហិកតា។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ខេត្តនីមួយៗ នឹងទទួលបានម៉ាស៊ីនព្រោះស្រូវចំនួន៥០គ្រឿង។
លោក បញ្ជាក់ថា កន្លងមកខេត្តនីមួយៗ ទើបទទួលបានម៉ាស៊ីនព្រោះស្រូវចំនួន១០គ្រឿងប៉ុណ្ណោះ ហើយកាលពីសប្ដាហ៍មុន ក្រសួងបានផ្ដល់បង្គ្រប់ឱ្យខេត្តពោធិ៍សាត់ ដោយឡែកខេត្ត២ផ្សេងទៀតនឹងផ្ដល់ជូននៅសប្ដាហ៍បន្ទាប់។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងដូច្នេះថា៖«កន្លងមកដោយសារមានការរអាក់រអួលនៃការផលិត ក្នុងការចែកពូជស្រូវលើកដំបូងកន្លងទៅ មួយខេត្តបាន១០គ្រឿងទេ។ ហើយសប្ដាហ៍កន្លងទៅ ក្រុមហ៊ុនបានសម្រេចផលិតឧបករណ៍នេះចំនួន៤០គ្រឿងបន្ថែមទៀត គឺយើងបានបំពេញបង្គ្រប់ទៅខេត្តពោធិ៍សាត់ ដែលពីមុនបាន១០គ្រឿង ដោយឡែកខេត្ត បន្ទាយមានជ័យ និងបាត់ដំបង នឹងផ្ដល់ជូននូវសប្ដាហ៍ក្រោយ »។
លោក វេង សាខុន បានអះអាងថា ម៉ាស៊ីនព្រោះស្រូវនេះ បានជួយពន្លឿនដល់ការស្ដារដំណាំរបស់ប្រជាកសិករទ្វេដង។ «ចំណេញដល់ការសាបព្រោះ និងប្រើប្រាស់ពូជស្រូវ ព្រោះបើសិន ព្រោះដោយដៃគឺយើង ត្រូវចំណាយរហូតដល់ជាង២០០គីឡូក្រាម ក្នុងមួយហិកតា ហើយប្រសិនជាយើងប្រើប្រាស់ឧបករណ៍នេះ គឺយើងប្រើអស់តែ៥០ ទៅ៨០គីឡូក្រាម អាស្រ័យលើការស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍នេះ »។ នេះជាការបញ្ជាក់របស់ លោក វេង សាខុន ។
ជាមួយគ្នានេះ ក្រសួងកសិកម្មក៏បានផ្ដល់ជូន ពូជស្រូវប្រមាណ ៣ ០០០តោន សម្រាប់ស្ដារដំណាំស្រូវនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ក្នុងនោះ ខេត្តពោធិ៍សាត់ ចំនួន ១,៤៥០តោន, បាត់ដំបង ចំនួន ១,០៥០តោន និងខេត្តបន្ទាយមានជ័យចំនួន ៦០០តោន។
គួរបញ្ជាក់ថា កាលពីខែកក្កដា សម្ដេច ហ៊ុន សែន បានបញ្ជាទិញម៉ាស៊ីនព្រោះស្រូវចំនួន២ពាន់គ្រឿង ក្នុងនោះធុនធំ១ពាន់គ្រឿង និងធុនតូច១ពាន់គ្រឿង ប្រគល់ឱ្យក្រសួងកសិកម្ម ចែកជូនដល់ប្រជាកសិករ ដើម្បីស្ដារដំណាំកសិកម្មឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: