ដំឡូងមីពូជ KU៥០ និងពូជ ៨១ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់
- ថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ ម៉ោង ៩:១៩ នាទី ព្រឹក

ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានណែនាំដល់កសិករឲ្យជ្រើសរើសពូជដំឡូងមី ដែលមានសុខភាព និងគុណភាពល្អ ធន់នឹងការប្រែប្រួល អាកាសធាតុ ធន់ជំងឺ និងសត្វល្អិតចង្រៃ ដើម្បីឲ្យបានទិន្នផលខ្ពស់។ បើតាមក្រសួងកសិកម្ម ពូជ KU៥០ និងពូជ ៨១ ជាជម្រើសដ៏ល្អសម្រាប់កសិករយកទៅដាំ ដែល ទិន្នផលខ្ពស់ គ្មានផ្ទុកជំងឺ និងជាពិសេសជំងឺ ម៉ូសាអ៊ិច។

ដ្បិតការជ្រើសរើសពូជសម្រាប់ដាំដុះ ជារឿងសំខាន់ ប៉ុន្តែកសិករក៏មិនត្រូវមើលរំលងការធ្វើអនាម័យដីចម្ការរបស់ខ្លួននោះឡើយ ក្រោយប្រមូលផល។ តាមក្រសួងកសិកម្ម កសិករគួរភ្ជួរដីហាលចោល ឲ្យបានច្រើនសារជាការល្អ ដើម្បីចៀសវាងជំងឺឆ្លង និងជាពិសេសបំផ្លាញ ប្រភពសត្វល្អិត ចង្រៃ ដែលជាភ្នាក់ងារចម្លងជំងឺ។
ក្នុងករណីដែលមានការបំផ្លាញធ្ងន់ធ្ងរពីសមាសភាពចង្រៃ ជាពិសេសជំងឺម៉ូសាអ៊ិក នៅរដូវបន្ទាប់នោះ កសិករគួរដាំដំណាំផ្សេងជំនួស ដូចជាសណ្ដែក ពោត ឬដំណាំផ្សេងៗវិញ។ បើអាចកសិករ មិនគួរដាំដំណាំដំឡូងមី ជាប់ៗគ្នាច្រើនឆ្នាំទេ ព្រោះនាំឲ្យបាត់បង់ជីជាតិដី និងអាចមានមេរោគ មានផ្សិតចង្រៃ និងសមាសភាពសត្វល្អិតចង្រៃ។ ចំពោះការប្រើប្រាស់ ថ្នាំពុលកសិកម្ម ជាជម្រើសចុងក្រោយ ប៉ុន្តែកសិករគួរពិភាក្សា ឬសុំយោបល់ពីមន្ត្រីជំនាញ ឬពីមន្ទីរជាមុនសិន។
ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញរបស់កម្ពុជា។ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ បញ្ជាក់ថាបច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមី ចំនួន៦៥៦,៨៦៨ហិកតា ដែលផ្តល់ទិន្នផលជាំមធ្យមជាង ១២លានតោន ក្នុងមួយឆ្នាំៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: