កំពូលកីឡាករចំបាប់ជប៉ុន ឆ្លង COVID-19 ដោយចេញអាការមិនអាចដឹងក្លិន
- ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ម៉ោង ៥:២៩ នាទី ល្ងាច

Hakuho កំពូលកីឡាករចំបាប់ Sumo របស់ជប៉ុន បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ សហព័ន្ធកីឡា Sumo ជប៉ុន (JSA) ប្រកាសដូច្នេះនៅថ្ងៃទី៥ ខែមករានេះ។

កីឡាករ Hakuho ដែលមានដើមកំណើតម៉ុងហ្គោលី វ័យ៣៥ឆ្នាំ ជាកីឡាករចំបាប់ Sumo លំដាប់កំពូលរបស់ជប៉ុនសព្វថ្ងៃ។ តាមរយៈសេចក្តីប្រកាសលើវេបសាយផ្ទាល់របស់ JSA បញ្ជា់ថា Hakuho បានឆ្លង COVID-19 បន្ទាប់ពីរូបគេមានអាការចម្លែកដោយមិនអាចដឹងពីក្លិនអ្វីទាំងអស់។
Hakuho នៅពេលនេះ ត្រូវទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ និងទទួលការតាមដានជំងឺ ខណៈកីឡាករចំបាប់ផ្សេងទៀតនៅក្នុងក្លិប Miyagino របស់ខ្លួន ក៏នឹងត្រូវបានយកទៅធ្វើតេស្តទាំងអស់ដែរ។
កីឡាករចំបាប់វ័យ ៣៥ ឆ្នាំដែលបានឈ្នះកំណត់ត្រាការប្រកួតចំនួន៤៤លើក មានគម្រោងចូលរួមការប្រកួតរយៈពេល១៥ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ Grand Sumo ឆ្នាំ២០២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១០ ខែមករា នៅទីក្រុងតូក្យូប្រទេសជប៉ុន។ រហូតមកដល់ពេលនេះ JSA មិនបាននិយាយថា តើការប្រកួតនឹងត្រូវពន្យារពេល ឬក៏អត់នោះទេ?
កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅ អ្នកចំបាប់ sumo ជប៉ុនម្នាក់ឈ្មោះ Shobushi អាយុ២៨ឆ្នាំបានស្លាប់ដោយសារតែឆ្លង COVID-19 អំឡុងពិភពលោកកំពុងប្រឈមខ្លាំងនឹងជំងឺឆ្លងនេះ។
គិតត្រឹមថ្ងៃ៥ ខែមករានេះ ជប៉ុនបានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងប្រទេសចំនួនជិត២៥ម៉ឺនករណី ដោយក្នុងនោះស្លាប់ជាង៣៦៩០ករណី។ ក្រោយមានករណីឆ្លងសារជាថ្មីក្នុងរយៈពេលចុងក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Yoshihide Suga នៅថ្ងៃទី៥ ខែមករា បាននិយាយក្នុងកិច្ចប្រជុំរបស់គណបក្សកាន់អំណាចថាការប្រកាសអាសន្នសម្រាប់ទីក្រុងតូក្យូ និងតំបន់ជុំវិញនោះនឹងត្រូវសម្រេចចិត្តចុងក្រោយនៅថ្ងៃទី៧ ខែមករានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: