ឯកឧត្តម កឹម សុខា ៖«​ប្រភព​នយោបាយ​របស់​ខ្ញុំ កើតចេញពី​លោកតា​សឺ​ន សាន​»
22, May 2016 , 3:12 pm         30262
រូបភាព
​ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ឲ្យ​ដឹងថា ទស្សន​នយោបាយ​ដែល​លោក​បាន​អនុវត្ត​ក្នុង​នយោបាយ​សព្វថ្ងៃនេះ គឺជា​ប្រភព​ដែល​លោក​បាន​រៀនសូត្រ​ទ្រឹស្ដី និង​ការអនុវត្ត​របស់​សម្ដេច សឺ​ន សាន ដែលជា​វីរៈជន​ខ្មែរ​កម្ពុជា​។​
 
​ថ្លែង​ចំពោះ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​នៅក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​រំ​ឮ​ក​ពី​គោលនយោបាយ​សំខាន់ៗ​ចំនួន​៣​ចំណុច ដែល​លោក​បាន​រៀនសូត្រ និង​យកមកអនុវត្ត​សព្វថ្ងៃនេះ ដោយ​ក្នុងនោះ​រួមមាន​៖ ១.​អ្នកដឹកនាំ ត្រូវតែ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ជា​ចៅហ្វាយ​របស់​អ្នកដឹកនាំ​។ ២.​មិន​ត្រូវយក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​ឡើយ​។ សត្រូវ​របស់​ខ្មែរ គឺជា អំពើ​ឈ្លានពាន អំពើ​ផ្ដាច់ការ និង​អំពើពុករលួយ​។ ៣.​បើ​ចង់​បំបាត់​អំពើពុករលួយ​ត្រូវ​បំបាត់​ពីលើ​ចុះក្រោម ត្រូវ​លុបបំបាត់​ពី​អ្នកធំ​ជាមុន​។ ហើយ​បើ​ចង់​អភិវឌ្ឍ​ប្រទេស​ឲ្យ​ចាក​ផុតពី​ភាពក្រីក្រ ត្រូវ​អភិវឌ្ឍ​ពីក្រោម​ទៅលើ គឺ​ជួយ​អ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាច​មុន​។​
 
​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​លោក កឹម សុខា បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា៖« អ្វីដែល​ខ្ញុំ​ចង់ចាំ​គឺ​បណ្ដាំ​លោកតា សឺ​ន សាន ប្រភព​នយោបាយ​របស់​ខ្ញុំ កើតចេញពី​លោកតា សឺ​ន សាន។ ខ្ញុំ​បានបញ្ជាក់​អំពី​ទស្សន​នយោបាយ​របស់ខ្ញុំ គឺ​ខ្ញុំ​រៀនសូត្រ​ពី​លោកតា សឺ​ន សាន ដែលជា​វីរៈជន​ខ្មែរ​កម្ពុជា​ក្រោម នូវ​ចំណុច​ធំ៣[..] ទាំងនេះ​ជា​គោលនយោបាយ ដែល​ខ្ញុំ​គោរព​ចងចាំ ហើយ​ខ្ញុំ​បាន​យកមកអនុវត្ត កំពុង​អនុវត្ត និង​បន្ដ​អនុវត្ត​តទៅទៀត»។

គួរ​រំ​ឮ​កថា សម្តេច សឺ​ន​សាន គឺជាអតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ សាសនា ដោយ​លោក​តែងតែ​ប្រកាន់យក​មាគ៌ា នយោបាយ​ប្រជាធិបតី សេរីនិយម បែប​ព្រះពុទ្ធសាសនា និង​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ព្រះពុទ្ធសាសនា​ជា​ដរាប ។ នៅ​ឆ្នាំ ១៩៩៣ សម្ដេច​ទទួល​ដំណែង​ជា​ប្រធានសភា​ធម្មនុញ្ញ​រហូតដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញ​បានក្លាយ​ទៅ ជា​រដ្ឋសភា ដោយ​កាលនោះ​សម្តេច​ជា​ព្រឹទ្ធបុរស នៃ​រដ្ឋសភា ។ សម្ដ​ច សឺ​ន សាន គឺ​ជា​អ្នកស្នេហាជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង ក្រោម​កិច្ចដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ សម្តេច នរោត្តម សីហនុ ផងដែរ​។ សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន បានទទួល​មរណភាព នៅ​ឆ្នាំ ២០០០ នាទី​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា ៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង