Dj NaNa និទានរឿងផ្ទាល់ខ្លួន ជាឧទាហរណ៍លើកទឹកចិត្តបន្ថែមដល់មនុស្សស្រីដែរ។ បើតាមការនិទានរបស់ Dj រូបនេះ នាងបានសាកល្បងការងារវិទ្យុដែលធ្វើឲ្យនាងល្បីល្បាញ ទាំងដែលមិនដឹងថាខ្លួនចេះនិយាយវិទ្យុ និងអាចដោះស្រាយវិបត្តិទេ។ ប៉ុន្តែសម្រាប់ DJ NaNa ការសាកល្បងនេះ គឺជាផ្តល់ឱកាសដល់ខ្លួនឯងធ្វើតេស្តសមត្ថភាព។ DJ NaNa មិនដែលបដិសេធឱកាស ដែលអនុញ្ញាតឲ្យនាង អាចបញ្ចេញសមត្ថភាពខ្លួននោះទេ។ នេះជាការបន្ថែមរបស់ អ្នកជំនាញដោះស្រាយវិបត្តិរូបនេះ។
អង្គុយផ្ដល់បទសម្ភាសន៍នៅក្នុងហាងកាហ្វេ ជិតវិមានឯករាជ្យ DJ NaNa មានការងារមាញឹកជាច្រើនដែលត្រូវធ្វើ។ ដៃកាន់ទូរសព្ទនិយាយឆ្លងឆ្លើយជាមួយអតិថិជន DJ NaNa មិនសូវមានពេលទំនេរនោះទេ ទាំងការងារជាពិធីការិនី និងការផលិតកម្មវិធីដោះស្រាយវិបត្តិនៅលើបណ្ដាញសង្គម។ ស្ត្រីវ័យក្មេងរូបនេះ បានពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែពិធីការិនីវិទ្យុនោះទេ DJ NaNa ជាពិធិការិនីនៅទូរទស្សន៍ MY TV ទូរទស្សន៍ PNN ជាពិធីការិនីក្នុងកម្មវិធីមួយចំនួន និងការងារនៅផលិតកម្ម Khmer Mekong ។ DJ NaNa ក៏ជាអ្នកផលិតកម្មវិធីទូរទស្សន៍ហ្វេសប៊ុកដោយខ្លួនឯងផង ឈ្មោះថា Dj NaNa TV ដែលមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។
DJ NaNa បញ្ជាក់ថា ជោគជ័យទាំងនេះ កើតឡើងតាមការសាកល្បង ការផ្ដល់ឱកាស និងភាពក្លាហានរបស់នាង៕