លោក ថោង ខុន៖ អង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃទាក់ទាញទេសចរប្រមាណ១,៦លាននាក់ 16, Apr 2017 , 8:44 pm 10952
× សៀមរាប៖ ថ្លែងក្នុងពិធីប្រគំតន្ត្រីបិទព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅយប់ថ្ងៃទី១៦ មេសា រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា តាមការប៉ាន់ស្មានជាបឋម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សរុបទាំងអស់មានប្រមាណពី១,៦លាននាក់ ទៅ១,៧លាននាក់ ចំនួននេះគឺកើនឡើងចំនួន ២៥%។
លោក ថោង ខុន បានកោតសរសើរថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន ដែលបានធ្វើឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្លាយជាព្រឹត្តិការណ៍ធំ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ាន។ លោកបន្ថែមថា អង្គរសង្ក្រាន្ត ជាព្រឹត្តិការណ៍វប្បធម៌អរូបី ដែលរៀបចំធ្វើនៅក្នុងតំបន់រូបី។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា អង្គរសង្ក្រាន្តបានផ្តល់ភាពសប្បាយរីករាយ ការជួបជុំគ្នា តាមរយៈការបង្ហាញល្បែងប្រជាប្រិយ របាំ ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ ទស្សនីយភាពសិល្បៈផ្សេងៗ។
លោក ថោង ខុន បានបង្ហាញទិន្នន័យទេសចរសាកលលោក ដោយយោងលើរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក យ៉ាងដូច្នេះថា៖« ...ប្រមាណ៤០ភាគរយនៃទេសចរសរុបសកលលោក ចូលចិត្តទស្សនាគោលដៅទេសចរណ៍វប្បធម៌ ប្រមាណ២០ភាគរយ ចូលចិត្តទស្សនាតំបន់សមុទ្រ និងក្រៅពីនេះ ចូលចិត្តទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍ផ្សេងទៀត»។
តួយ៉ាងនៅកម្ពុជា លោក ថោង ខុន បានរម្លឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ ទេសចរអន្តរជាតិ៥០ភាគរយ នៃទេសចរសរុប គឺចូលចិត្តទស្សនាទេសចរណ៍បេតិកភណ្ឌ ពិសេសប្រាសាទអង្គរវត្ត និងចូលចិត្តស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ អំពីសកម្មភាពវប្បធម៌អរូបីរបស់កម្ពុជា។
គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន ពីមួយឆ្នាំ ទៅមួយឆ្នាំ។ កាលពីលើកទីមួយឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះ ទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់ លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់ លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com