អនុប្រធានាធិបតីអាមេរិកមកឥណ្ឌូណេស៊ី អាចបង្ហាញថាអាមេរិកមិនបោះបង់តំបន់អាស៊ី 20, Apr 2017 , 10:39 pm 9143
រូបភាព៖ Fox News
× អនុប្រធានាធិបតីអាមេរិកលោក Mike Pence មកបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីបន្ទាប់ពីបញ្ចប់ដំណើរសួរសុខទុក្ខសម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងជប៉ុនសប្តាហ៍នេហ។ វត្តមានមេដឹកនាំអាមេរិករូបនេះនៅឥណ្ឌូណេស៊ី បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះតំបន់អាស៊ីអាគ្នេយ៍ពីសំណាក់ក្រុងវ៉ាស៊ីនតោន និងការប្រឹងប្រែងលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងអាមេរិកជាមួយប្រទេសម៉ូស្លីម ស្របពេលដែលមានការបារម្ភថា រដ្ឋបាល ដូណាល់ ត្រាំ មាននិន្នាការរើសអើងប្រជាជនម៉ូស្លីមផង។
បន្ទាប់ពីចាកចេញពីប្រទេសជប៉ុន អនុប្រធានាធិបតីអាមេរិកលោក Mike Pence បន្តដំណើរមកកាន់ប្រទេសម៉ូស្លីមធំបំផុតលើពិភពលោកគឺ ឥណ្ឌូណេស៊ី ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា នេះ។ វាជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតមួយរបស់មេដឹកនាំអាមេរិក មកកាន់ប្រទេសនេះចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំឡើងកាន់តំណែង។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អនុប្រធានាធិបតីអាមេរិក Mike Pence ត្រូវជួបជជែកពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ និង អនុប្រធានាធិបតី Jusuf Kalla ដោយផ្តោតលើប្រធានបទជាច្រើនជាពិសេសបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច។ ក្រៅពីនេះ លោក Mike Pence នឹងចូលរួមប្រារព្ធខួបលើកទី ៥០នៃការបង្កើតអាស៊ាននិងខួបលើកទី ៤០ដែលអាមេរិកនិងអាស៊ានបង្កើតទំនាក់ទំនងជាមួយគ្នាដែរ។
១.វត្តមាន Mike Pence នៅអាស៊ានបញ្ជាក់ថា រដ្ឋបាល ត្រាំ មិនបោះបង់អាស៊ាន
តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីរហូតដល់លោកឡើងកាន់អំណាច គេនៅតែមិនដឹងច្បាស់ពីគោលនយោបាយអាមេរិកមកកាន់តំបន់អាស៊ានឬអាស៊ីទាំងមូលឡើយ។ មានការបារម្ភថា រដ្ឋបាលថ្មីនឹងបោះបង់ចូលតំបន់នេះ ព្រោះរដ្ឋបាលនេះគាំទ្រនយោបាយគាំពារនិយម និងប្រឆាំងសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចផងដែរ។ ដូចឃើញស្រាប់ លោក ដូណាល់ ត្រាំ បានសម្រេចដកសមាជិកភាពអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកភ្លាមៗ ក្រោយលោកឡើងកាន់តំណែង។
យ៉ាងណាមិញ ការបារម្ភនិងមន្ទិលសង្ស័យពាក់ព័ន្ធលើនយោបាយការបរទេសអាមេរិកមកកាន់តំបន់អាស៊ានហាក់រសាយបន្តិច ដោយសារវត្តមានអនុប្រធានាធិបតី Mike Pence នៅឥណ្ឌូណេស៊ី។ នេះក៏ដោយសារ វាបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលអាមេរិកចំពោះតំបន់អាស៊ានផងដែរ។
ក្នុងដំណើរទស្សនកិច្ចមកឥណ្ឌូណេស៊ី លោក Mike Pence ជជែកជាមួយមេដឹកនាំឥណ្ឌូណេស៊ីពីការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ មន្ត្រីជាន់ខ្ពស់លំដាប់ទីពីរក្នុងគណរដ្ឋមន្ត្រីលោក ដូណាល់ ត្រាំក៏ចង់ផ្ញើសារមួយទៅកាន់តំបន់ទាំងមូលផងថា រដ្ឋបាលអាមេរិកនៅតែបើកចំហទ្វារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីទាំងមូល ថ្វីបើអាមេរិកបោះបង់កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ក៏ដោយ។
បន្ថែមពីលើរឿងសេដ្ឋកិច្ច មេដឹកនាំអាមេរិកក៏នឹងពិភាក្សាផ្លាស់ប្តូរមតិយោបល់ជាមួយមេដឹកនាំឥណ្ឌូណេស៊ីជុំវិញកិច្ចសហប្រតិបត្តិការសន្តិសុខដូចជាការប្រឆាំងភេរវជន និងដោះស្រាយបញ្ហាសន្តិសុខតំបន់ជាដើមថែមទៀត។ បន្ទាប់ពីចាកចេញពីឥណ្ឌូណេស៊ី លោក Pence នឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី។
ដោយឡែក គេរំពឹងផងដែរថា អាមេរិកនៅតែបន្តភ្ជាប់ទំនងនាក់ទំនងជាមួយតំបន់អាស៊ី ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏ប្រហែលជានឹងបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ាននៅខែវិច្ឆិកាខាងមុខនេះដោយលោកមកចូលរួមប្រជុំកំពូលមួយចំនួនក្រោមក្របខណ្ឌអាស៊ានដែរ។
២.Mike Pence ទស្សនកិច្ចឥណ្ឌូណេស៊ីបង្ហាញថា រដ្ឋបាលត្រាំ មិនរើសអើងប្រជាជនមូស្លីម
ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិករូបនេះមកឥណ្ឌូណេស៊ីដែលជាប្រទេសម៉ូស្លីមធំបំផុតលើពិភពលោក (៩០ភាគរយនៃប្រជាជនសរុប ២៥៥លាននាក់) ក៏ត្រូវបានគេចាត់ទុកថា ជាគោលនយោបាយរបស់អាមេរិក ក្នុងផ្លាស់ប្តូរការគិតថា លោក ដូណាល់ ត្រាំ បង្កើតឲ្យមានការស្អប់ខ្ពើមឬរើសអើងប្រជាជនឥស្លាម។
បើយោងតាមទីភ្នាក់ងារ AFP ដដែល លោក Mike pence នឹងទៅទស្សនកិច្ចនៅវិហារឥស្លាមធំបំផុត Istiqlal នៅឥណ្ឌូណេស៊ីផង។ ការអញ្ជើញទៅទស្សនកិច្ចនៅវិហារឥស្លាមជាសារមួយសម្រាប់ពិភពលោក រដ្ឋបាលក្រុងវ៉ាស៊ីនតោនមិនមានគោលជំហរណាមួយប្រឆាំងឥស្លាមឡើយ។ ហើយរដ្ឋបាលអាមេរិកមានឆន្ទៈក្នុងការភ្ជាប់ទំនងជាមួយបងប្អូនប្រជាជនម៉ូស្លីមទូទាំងពិភពលោក ដូចកាលដែលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី Michelle បានធ្វើនៅពីឆ្នាំ ២០១០នោះ។
តាមពិតទៅ លោក ដូណាល់ ត្រាំ រងការរិះគន់និងថ្កោលទោសខ្លាំងកន្លងមកដោយសារលោក ប្រើប្រាស់ពាក្យសម្តីរើសអើងសាសនានិងបង្កប់អត្ថន័យស្អប់ខ្ពើមប្រជាជនម៉ូស្លីម។ ហើយក្រោយឡើងកាន់អំណាច លោក ថែមទាំងចេញក្រឹត្យហាមប្រាមប្រជាជនម៉ូស្លីមនៅប្រទេសមួយចំនួនចូលទឹកដីអាមេរិកថែមទៀត។
យ៉ាងណាមិញ ចាប់ពីពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងបានជិត១០០ថ្ងៃ មកនេះ លោកបានព្យាយាមផ្លាស់ប្តូរឥរិយាបថលោកចំពោះប្រជាជនម៉ូស្លីម ដោយលោកងាកទៅបន្តពង្រឹងទំនាក់ទំនងល្អជាមួយមេដឹកនាំប្រទេសម៉ូស្លីមទូទាំងពិភពលោក។ ដូចឃើញស្រាប់លោកជួបពិភាក្សាជាមួយមេដឹកនាំប្រទេសហ្ស៊កដានី, អ៊ីរ៉ាក់, អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតជាដើម។
ទាក់ទិនវត្តមានលោក Mike Pence នៅវិហារឥស្លាម ប្រធានក្រុមប្រឹក្សាសាសាសនាឥស្លាមឥណ្ឌូណេស៊ី Maruf Amin បានបង្ហាញការយល់ឃើញបែបសុទិដ្ឋិនិយមដែរ។ លោកពឹងថា ក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាច លោក ដូណាល់ ត្រាំ ពិតជាផ្លាស់ប្តូរការគិតអវិជ្ជមាននិងឥរិយាបថមិនសមរម្យដាក់អ្នកកាន់សាសនាឥស្លាម៕
© រក្សាសិទ្ធិដោយ thmeythmey.com