បញ្ចប់វប្បធម៌អ្នកធំ! ឥណ្ឌា ហាមប្រើស៊ីរ៉ែនក្រហមលើឡានប្រធានាធិបតី, នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី... 21, Apr 2017 , 9:24 am 28659
× ក្នុងគោលដៅបញ្ចប់វប្បធម៌អ្នកធំមានអាទិភាព រដ្ឋាភិបាលឥណ្ឌា បានសម្រេចហាមឃាត់ការប្រើប្រាស់ស៊ីរ៉ែនក្រហមលើឡានមន្ត្រីជាន់ខ្ពស់របស់ប្រទេស។ ច្បាប់ថ្មីនេះ នឹងមិនមានករណីលើកលែងអ្វីទាំងអស់ រាប់ចាប់ពីឡានធ្វើដំណើររបស់នាយករដ្ឋមន្ត្រី ប្រធានាធិបតី ឬក៏ប្រធានរដ្ឋមន្ត្រីនៃរដ្ឋទាំងអស់របស់ឥណ្ឌា។ ការសម្រេចនេះ ដែលចូលជាធរមាននៅខែឧសភា ទទួលបានការសាទរខ្លាំងពីសាធារណមតិឥណ្ឌា។
មន្ត្រីជាន់ខ្ពស់ឥណ្ឌាលោក Arun Jaitley បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែឧសភា ស៊ីរ៉ែនក្រហមដែលដាក់លើរថយន្តមន្ត្រីជាន់ខ្ពស់ទាំងអស់ នឹងមិនមានទៀតឡើយ។ លោកបន្តថា មានតែរថយន្តអាទិភាពមួយចំនួនដូចជាឡានសង្គ្រោះបន្ទាន់, ឡានពន្លត់អគ្គីភ័យ និងឡានប៉ូលិសប៉ុណ្ណោះ មានសិទ្ធិប្រើប្រាស់ស៊ីរ៉ែនបាន តែជាស៊ីរ៉ែនពណ៌ខៀវ។ ការហាមប្រាមនេះ ជាគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការលុបបំបាត់វប្បធម៌អ្នកធំក្នុងប្រទេស។
«យើងកំពុងលុបចោលបទបញ្ញត្តិដែលអនុញ្ញាតឲ្យរដ្ឋាភិបាលកណ្ដាល និងរដ្ឋាភិបាលតំបន់កំណត់ថានរណាមានសិទ្ធិប្រើប្រាស់ស៊ីរ៉ែនក្រហម។ ចាប់ពីថ្ងៃទី១ ខែឧសភា នឹងមិនមានឡានដែលប្រើស៊ីរ៉ែនក្រហមឡើយ ហើយក៏គ្មានករណីលើកលែងដែរ»។ នេះជាការលើកឡើងរបស់លោក Arun Jaitley ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ការពារជាតិ និងកិច្ចការរួម ក្នុងសន្និសីទកាសែតមួយ ដែលផ្សាយដោយសារព័ត៌មានរុស្ស៊ី RT ។
វប្បធម៌នៃការប្រើប្រាស់ស៊ីរ៉ែនក្រហមក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ប៉ះពាល់ការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។ ក្រុមមន្ត្រីទាំងនោះ ប្រើប្រាស់ស៊ីរ៉ែននេះ ក្នុងពេលការធ្វើដំណើរផ្លូវការរបស់ពួកគេ ហើយពេលលឺសំឡេងស៊ីរ៉ែន ប៉ូលិសចរាចរណ៍ក៏បិទផ្លូវធ្វើដំណើររបស់ប្រជាជនធម្មតា និងសម្រួលចរាចរណ៍សម្រាប់រថយន្តទាំងនោះវិញ។ លើសពីនោះ សារព័ត៌មានឥណ្ឌាក៏ផ្សាយដែរថា មន្ត្រីថ្នាក់ទាបខ្លះ ក៏ប្រើស៊ីរ៉ែនក្រហមនេះ ដើម្បីបើកផ្លូវធ្វើដំណើរ ឬក៏បង្ហាញពីបុណ្យស័ក្តិរបស់ពួកគេដែរ។
ភ្លាមៗបន្ទាប់ពីការហាមឃាត់នេះត្រូវបានប្រកាស នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលរថយន្តលោកផ្ទាល់ត្រូវហាមឃាត់ប្រើស៊ីរ៉ែនក្រហមដែរនោះ ក៏បានចេញមកសាទរដែរ។ តាមរយៈ Twitter របស់ខ្លួន នាយករដ្ឋមន្ត្រីរូបនេះនិយាយថា៖ «គ្រប់ប្រជាជនឥណ្ឌាទាំងអស់ សុទ្ធតែជាមនុស្សសំខាន់។ ប្រជាជនឥណ្ឌាទាំងអស់ គឺជា VIP »។
ជាមួយគ្នានេះ អ្នកនយោបាយកំពូលៗ និងមន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រី ក៏ដូចជាប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋនានា ក៏ចាប់ផ្ដើមអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកណ្ដាលដែរ។ ពួកគេបានបង្ហោះរូបថតរថយន្តរបស់ពួកគេ ដែលគ្មានស៊ីរ៉ែនពណ៌ក្រហមដូចមុនទៀតឡើយ។
រដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកស្ត្រី និងការអភិវឌ្ឍកុមារ លោកស្រី Maneka Gandhi បង្ហោះរូបភាពរថយន្តលោកស្រីដែលគ្មានស៊ីរ៉ែនក្រហម ដើម្បីអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com