បញ្ចប់​វប្បធម៌​អ្នកធំ​! ឥណ្ឌា ហាម​ប្រើ​ស៊ី​រ៉ែ​ន​ក្រហម​លើ​ឡាន​ប្រធានាធិបតី​, នាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រី​...
21, Apr 2017 , 9:24 am         29407
រូបភាព
​ក្នុង​គោលដៅ​បញ្ចប់​វប្បធម៌​អ្នកធំ​មាន​អាទិភាព រដ្ឋាភិបាល​ឥណ្ឌា បានសម្រេច​ហាមឃាត់​ការប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្រហម​លើ​ឡាន​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​។ ច្បាប់​ថ្មី​នេះ នឹងមិន​មាន​ករណី​លើកលែង​អ្វី​ទាំងអស់ រាប់​ចាប់ពី​ឡាន​ធ្វើដំណើរ​របស់​នាយករ​ដ្ឋ​មន្ត្រី ប្រធានាធិបតី ឬក៏​ប្រធាន​រដ្ឋមន្ត្រី​នៃ​រដ្ឋ​ទាំងអស់​របស់​ឥណ្ឌា​។ ការសម្រេច​នេះ ដែល​ចូល​ជាធរ​មាននៅ​ខែឧសភា ទទួល​បានការ​សាទរ​ខ្លាំង​ពី​សាធារណមតិ​ឥណ្ឌា​។​

​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​លោក Arun Jaitley បានប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែឧសភា ស៊ី​រ៉ែ​ន​ក្រហម​ដែល​ដាក់​លើ​រថយន្ត​មន្ត្រីជាន់ខ្ពស់​ទាំងអស់ នឹង​មិនមាន​ទៀតឡើយ​។ លោក​បន្តថា មានតែ​រថយន្ត​អាទិភាព​មួយចំនួន​ដូចជា​ឡាន​សង្គ្រោះបន្ទាន់​, ឡាន​ពន្លត់អគ្គីភ័យ និង​ឡាន​ប៉ូលិស​ប៉ុណ្ណោះ មាន​សិទ្ធិ​ប្រើប្រាស់​ស៊ី​រ៉ែ​ន​បាន តែ​ជា​ស៊ី​រ៉ែ​ន​ពណ៌​ខៀវ​។ ការហាម​ប្រាម​នេះ ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​ក្នុងការ​លុបបំបាត់​វប្បធម៌​អ្នកធំ​ក្នុងប្រទេស​។​

«​យើង​កំពុង​លុបចោល​បទបញ្ញត្តិ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាលកណ្ដាល និង​រដ្ឋាភិបាល​តំបន់​កំណត់ថា​នរណា​មាន​សិទ្ធិ​ប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្រហម​។ ចាប់ពី​ថ្ងៃទី​១ ខែឧសភា នឹងមិន​មាន​ឡាន​ដែល​ប្រើ​ស៊ី​រ៉ែ​ន​ក្រហម​ឡើយ ហើយក៏​គ្មាន​ករណី​លើកលែង​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Arun Jaitley ដែលជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ការពារជាតិ និង​កិច្ច​ការរួម ក្នុង​សន្និសីទកាសែត​មួយ ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី RT ។​

​វប្បធម៌​នៃ​ការប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្រហម​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់ ប៉ះពាល់​ការរស់នៅ​របស់​ប្រជាជន​យ៉ាងខ្លាំង​។ ក្រុមមន្ត្រី​ទាំងនោះ ប្រើប្រាស់​ស៊ី​រ៉ែ​ន​នេះ ក្នុងពេល​ការធ្វើដំណើរ​ផ្លូវការ​របស់​ពួកគេ ហើយ​ពេលលឺ​សំឡេង​ស៊ី​រ៉ែ​ន ប៉ូលិស​ចរាចរណ៍​ក៏​បិទផ្លូវ​ធ្វើដំណើរ​របស់​ប្រជាជន​ធម្មតា និង​សម្រួល​ចរាចរណ៍​សម្រាប់​រថយន្ត​ទាំងនោះ​វិញ​។ លើសពីនោះ សារព័ត៌មាន​ឥណ្ឌា​ក៏​ផ្សាយ​ដែរ​ថា មន្ត្រី​ថ្នាក់ទាប​ខ្លះ ក៏​ប្រើ​ស៊ី​រ៉ែ​ន​ក្រហម​នេះ ដើម្បី​បើកផ្លូវ​ធ្វើដំណើរ ឬក៏​បង្ហាញ​ពី​បុណ្យស័ក្តិ​របស់​ពួកគេ​ដែរ​។​

​ភ្លាមៗ​បន្ទាប់ពី​ការហាមឃាត់​នេះ​ត្រូវ​បានប្រកាស នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ដែល​រថយន្ត​លោក​ផ្ទាល់​ត្រូវ​ហាមឃាត់​ប្រើ​ស៊ី​រ៉ែ​ន​ក្រហម​ដែរនោះ ក៏បាន​ចេញមក​សាទរ​ដែរ​។ តាមរយៈ Twitter របស់ខ្លួន នាយករដ្ឋមន្ត្រី​រូបនេះ​និយាយថា​៖ «​គ្រប់​ប្រជាជន​ឥណ្ឌា​ទាំងអស់ សុទ្ធតែជា​មនុស្ស​សំខាន់​។ ប្រជាជន​ឥណ្ឌា​ទាំងអស់ គឺជា VIP »​។​


​ជាមួយគ្នានេះ អ្នកនយោបាយ​កំពូលៗ និង​មន្ត្រីជាន់ខ្ពស់​ថ្នាក់​រដ្ឋមន្ត្រី ក៏ដូចជា​ប្រធាន​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ​នានា ក៏​ចាប់ផ្ដើម​អនុវត្តតាម​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល​កណ្ដាល​ដែរ​។ ពួកគេ​បាន​បង្ហោះ​រូបថត​រថយន្ត​របស់​ពួកគេ ដែល​គ្មាន​ស៊ី​រ៉ែ​ន​ពណ៌​ក្រហម​ដូច​មុន​ទៀតឡើយ​។​

​រដ្ឋមន្ត្រី​សហព័ន្ធ​ទទួលបន្ទុក​ស្ត្រី និង​ការអភិវឌ្ឍ​កុមារ លោកស្រី Maneka Gandhi បង្ហោះ​រូបភាព​រថយន្ត​លោកស្រី​ដែល​គ្មាន​ស៊ី​រ៉ែ​ន​ក្រហម ដើម្បី​អនុវត្តតាម​ការសម្រេច​របស់​រដ្ឋាភិបាល​៕


© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង