ប្រធានាធិបតី ត្រាំ នឹង​មកចូល​​រួម​ប្រជុំ APEC នៅ​វៀតណាម និង​ប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​ខែវិច្ឆិកា​
21, Apr 2017 , 11:16 am         4284
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានប្រកាសថា លោក​ដូ​ណា​ល់ ត្រាំ នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នា​ខែវិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វៀតណាម (APEC) និង​កិច្ចប្រជុំ​កំពូល​ពីរ​ក្រោម​ក្របខណ្ឌ​អាស៊ាន​នៅ​ហ្វីលីពីន​ផងដែរ​។

​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់ លេខាធិការ​ដ្ឋា​ន​អាស៊ាន​នៅក្នុង​ក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានប្រកាសថា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល APEC  នៅ​វៀតណាម និង​បន្ត​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​នៅ​ខែវិច្ឆិកា​ខាងមុខ​ផង​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន ឧបការ​រី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ Patrick Murphy បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ផ្ទាល់មាត់​តែម្តង​ពេល​លោក​ស្ថិតនៅ​លេខាធិការដ្ឋាន​អាស៊ាន​។​

«​លោក Mike Pence បានប្រកាស​ច្បាស់លាស់​ជួស​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា ប្រធានាធិបតី​អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល APEC នៅ​វៀតណាម និង​បន្តទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​និង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​នៅ​ហ្វីលីពីន​ដែល​រាល់​កិច្ចប្រជុំ​ទាំងនេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ខែវិច្ឆិកា​។ វា​ជាការ​ប្រកាស​ព័ត៌មាន​មួយ​ដែល​សំខាន់​ហើយក៏​បានការ​ទទួល​ស្វាគមន៍​ច្រើន​ពី​ដៃគូ​និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Patrick Murphy​។​

​តាមពិតទៅ វត្តមាន​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​តំបន់​ដោយ​មក​ចូលរួម​វេទិកា​ប្រជុំ​ធំៗ​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការប្តេជ្ញាចិត្ត​ឥតមាន​ងាករេ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការបន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ កន្លងមក ប្រទេស​ជាច្រើន​ក្នុង​តំបន់​នៅ​បារម្ភ​ពី​ភាពមិនច្បាស់លាស់​នៃ​គោលនយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ មកកាន់​តំបន់​ដែរ ក្រោយ​ពេលដែល​លោក​សម្រេច​ដក​សមាជិក​ភាព​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ​នោះ​។ 

​ត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន Patrick Murphy រូបនេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ឆ្នាំ ២០១៧ នេះ​ជា​ឆ្នាំ​សំខាន់​ព្រោះ​អាស៊ាន​នឹង​រៀបចំ​ខួប​លើក​ទី ៥០​នៃ​ការបង្កើត​អាស៊ាន ហើយ​អាមេរិក​និង​អាស៊ាន​ក៏ត្រូវ​រៀបចំ​រម្លឹក​ខួប​លើក​ទី ៤០​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​អាមេរិក​និង​អាស៊ាន​ផងដែរ​។ ដូច្នេះហើយ​ វាជា​ពេលវេលា​ពិសេស​ដែល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នេះ​។​

​សូមបញ្ជាក់ថា វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ចាប់ពី​ថ្ងៃ ១១ ដល់​១២ វិច្ឆិកា នៅ​ខេត្ត Danang​។ ចំណែក​ហ្វីលីពីន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្ត Pampanga ពីថ្ងៃ ១០ ដល់​ថ្ងៃ ១៤​វិច្ឆិកា​៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង