ប្រធានាធិបតី ត្រាំ នឹងមកចូលរួមប្រជុំ APEC នៅវៀតណាម និងប្រជុំអាស៊ាននៅហ្វីលីពីនខែវិច្ឆិកា 21, Apr 2017 , 11:16 am 11090
× អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានប្រកាសថា លោកដូណាល់ ត្រាំ នឹងអញ្ជើញមកទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នាខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកនៅវៀតណាម (APEC) និងកិច្ចប្រជុំកំពូលពីរក្រោមក្របខណ្ឌអាស៊ាននៅហ្វីលីពីនផងដែរ។
ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ លេខាធិការដ្ឋានអាស៊ាននៅក្នុងក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានប្រកាសថា ប្រធានាធិបតីដូណាល់ ត្រាំ នឹងមកចូលរួមកិច្ចប្រជុំកំពូល APEC នៅវៀតណាម និងបន្តចូលរួមកិច្ចប្រជុំអាស៊ាននៅហ្វីលីពីននៅខែវិច្ឆិកាខាងមុខផង។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសដែលសារព័ត៌មានថ្មីៗទទួលបាន ឧបការរីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ Patrick Murphy បានប្រាប់អ្នកសារព័ត៌មានថា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានប្រកាសពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ផ្ទាល់មាត់តែម្តងពេលលោកស្ថិតនៅលេខាធិការដ្ឋានអាស៊ាន។
«លោក Mike Pence បានប្រកាសច្បាស់លាស់ជួសប្រធានាធិបតី ដូណាល់ ត្រាំ ថា ប្រធានាធិបតីអាមេរិកនៅតែប្តេជ្ញាចិត្តមកចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅវៀតណាម និងបន្តទៅចូលរួមកិច្ចប្រជុំអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅហ្វីលីពីនដែលរាល់កិច្ចប្រជុំទាំងនេះនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា។ វាជាការប្រកាសព័ត៌មានមួយដែលសំខាន់ហើយក៏បានការទទួលស្វាគមន៍ច្រើនពីដៃគូនិងសម្ព័ន្ធមិត្តក្នុងតំបន់ផងដែរ»។ នេះជាការបញ្ជាក់របស់លោក Patrick Murphy។
តាមពិតទៅ វត្តមានលោក ដូណាល់ ត្រាំ នៅក្នុងតំបន់ដោយមកចូលរួមវេទិកាប្រជុំធំៗនេះបង្ហាញឲ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តឥតមានងាករេរបស់ក្រុងវ៉ាស៊ីនតោនក្នុងការបន្តភ្ជាប់ទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់។ កន្លងមក ប្រទេសជាច្រើនក្នុងតំបន់នៅបារម្ភពីភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់លោក ដូណាល់ ត្រាំ មកកាន់តំបន់ដែរ ក្រោយពេលដែលលោកសម្រេចដកសមាជិកភាពអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នោះ។
ត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន Patrick Murphy រូបនេះក៏បានបញ្ជាក់ផងដែរថា ឆ្នាំ ២០១៧ នេះជាឆ្នាំសំខាន់ព្រោះអាស៊ាននឹងរៀបចំខួបលើកទី ៥០នៃការបង្កើតអាស៊ាន ហើយអាមេរិកនិងអាស៊ានក៏ត្រូវរៀបចំរម្លឹកខួបលើកទី ៤០នៃការបង្កើតទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានផងដែរ។ ដូច្នេះហើយ វាជាពេលវេលាពិសេសដែល ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថា វៀតណាមនឹងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃ ១១ ដល់១២ វិច្ឆិកា នៅខេត្ត Danang។ ចំណែកហ្វីលីពីននឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្ត Pampanga ពីថ្ងៃ ១០ ដល់ថ្ងៃ ១៤វិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com