លោក ត្រាំ សរសើរចិនដែលជួយទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង 21, Apr 2017 , 2:53 pm 10040
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមកសរសើរចិន ដែលបានប្រឹងប្រែងជួយដោះស្រាយបញ្ហាកូរ៉េខាងជើង។ លោក ត្រាំ លើកឡើងថា ប្រធានាធិបតីចិន ស៊ី ជីនភីង ពិតជាបានប្រឹងប្រែងដាក់សម្ពាធលើកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ការលើកសរសើររបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃ ក្រោយសារព័ត៌មានកូរ៉េខាងជើងចេញផ្សាយអត្ថបទមួយ ដោយគំរាមវាយប្រហារអាមេរិកដោយមិនប្រាប់មុន។
ការទទូចជាច្រើនលើកច្រើនសាររបស់អាមេរិកទៅលើចិនជុំវិញសំណុំរឿងកូរ៉េខាងជើង ទំនងជាចេញជាលទ្ធផលខ្លះៗហើយ។ នៅថ្ងៃទី២០ ខែមេសា ប្រធានាធិបតី ដូណាល់ ត្រាំ បានកោតសរសើរក្រុងប៉េកាំង ដែលជួយទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលព្រមានវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ីបូព៌ា។ ប៉ុន្តែ លោក ត្រាំ មិនបានបង្ហាញឲ្យច្បាស់លាស់ពីអ្វីដែលចិនបានធ្វើនោះឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានប្រាប់សារព័ត៌មានមួយថា ចិនបានចាត់វិធានការណ៍មិនធ្លាប់មានច្រើននារយៈពេល២-៣ម៉ោងចុងក្រោយនេះ។ លោកក៏មានជំនឿថា សមភាគីចិនរបស់លោក គឺប្រធានាធិបតី ស៊ី ជីនភីង ពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដាក់បន្ទុកលើអ្នកជិតខាងក្បាលរឹងរបស់ខ្លួន ជុំវិញសកម្មភាពព្រហើនមិនចេះឈប់ និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក ដែលរិះគន់ចិនមិនដាច់មាត់ដោយសាររឿងកូរ៉េខាងជើងនេះ មិននិយាយឲ្យបានជាក់លាក់ពីទង្វើរបស់ចិន ដែលនាំឲ្យលោកសរសើរជាសាធារណៈឡើយ។ បើតាមមន្ត្រីអាមេរិក លោក ត្រាំ ទំនងជាចង់សំដៅដល់ការប្រុងជើងការកម្រិតខ្ពស់របស់យន្តហោះទម្លាក់គ្រាប់បែករបស់ចិន។ នេះ អាចជាការត្រៀមខ្លួនរបស់ចិនក្នុងទប់ទល់ស្ថានការណ៍មិនស្រួលណាមួយដែលអាចកើតឡើងនៅឧបទ្វីបកូរ៉េ។
ម្យ៉ាងវិញទៀត ចិន ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញសកម្មភាពរបស់ក្រុងព្យុងយ៉ាង ដែលគំរាមប្រើប្រាស់នុយក្លេអ៊ែរវាយបកលើអាមេរិក និងសម្ព័នមិត្តមានកូរ៉េខាងត្បូង និងជប៉ុនជាដើម។ ចិន ដែលសន្យាអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ក៏បានបញ្ឈប់ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងដែរ។ ប៉ុន្មានថ្ងៃមុននេះ ចិន ក៏មិនអនុញ្ញាតឲ្យនាវាដឹកធ្យូងថ្មរបស់កូរ៉េខាងជើងចូលចតនៅកំពង់ផែរបស់ខ្លួនដែរ។
តាមពិតទៅ ក្រុងប៉េកាំង មិនស្រួលក្នុងចិត្តឡើយនឹងការឆ្លើយឆ្លងពាក្យសម្ដីរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ ជាមួយនឹងអាកប្បកិរិយាមិនអាចស្មានដល់របស់លោក ត្រាំ និងមេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន ស្ថានការណ៍នៅឧបទ្វីកូរ៉េពិតជាគ្រោះថ្នាក់ខ្លាំង ដែលតម្រូវឲ្យចិនត្រៀមលក្ខណៈឲ្យបានស្រេចបាច់ជាមុន។ ថ្មីៗនេះទៀតសោត គេក៏ឃើញមានរបាយការណ៍បង្ហាញថា ចិនបញ្ជូនទ័ពយ៉ាងច្រើនទៅកាន់ព្រំដែនជាមួយកូរ៉េខាងជើងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com