រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលថា រដ្ឋាភិបាលស៊ីរីនៅរក្សាទុកអាវុធគីមីនៅឡើយ ទោះបីជាប្រទេសនេះធ្លាប់ប្រកាសបោះបង់ចោលកាលពីឆ្នាំ២០១៣ក៏ដោយ។ ប្រមុខការពារជាតិអាមេរិករូបនេះក៏ព្រមានរដ្ឋាភិបាលស៊ីរីជាថ្មីដែរ បើហ៊ានប្រើប្រាស់អាវុធគីមីទៀត។
ទោះបីជាស៊ីរីប្រកាសថា ខ្លួនបោះបង់អាវុធគីមីអស់ទៅហើយកាលពីឆ្នាំ ២០១៣ ក្រោមការត្រួតពិនិត្យរបស់មហាអំណាចក៏ដោយ បច្ចុប្បន្ននេះគេឃើញមានការអះអាងជាថ្មីថា ស៊ីរីនៅតែមានអាវុធគីមីក្នុងដៃ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏ អះអាងបែបនេះដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងពេលទស្សនកិច្ចនៅអ៊ីស្រាអែល ប្រមុខការពារជាតិអាមេរិកលោក James Mattis បានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលស៊ីរីនៅរក្សាទុកអាវុធគីមីក្នុងដៃនៅឡើយ។
«វាអាចថា គ្មានអ្វីគួរឲ្យសង្ស័យទៀតទេក្នុងចិត្តរបស់សហគមន៍អន្តរជាតិដែលថា ស៊ីរីបានរក្សាទុកអាវុធគីមីខ្លះដែលរំលោភកិច្ចព្រមព្រៀងនិងការប្រកាសរបស់ខ្លួនកាលពីឆ្នាំ ២០១៣ពាក់ព័ន្ធការលះបង់អាវុធនេះ»។
យ៉ាងណាមិញ ប្រមុខការពារជាតិអាមេរិករូបនេះមិនបានបកស្រាយបន្ថែមទេពាក់ព័ន្ធបរិមាណអាវុធដែលរដ្ឋាភិបាលក្រុងដាម៉ាសមានក្នុងដៃឡើយ ព្រោះវាទាក់ទងរឿងចម្ងាត់ផ្នែកចារកម្ម។
«ខ្ញុំអាចនិយាយថា គេបានរក្សាទុកអាវុធខ្លះ។ វារំលោភដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ហើយវាត្រូវដោះស្រាយតាមផ្លូវការទូត ហើយវាជារឿងឆ្កួតឡប់ បើហ៊ានប្រើប្រាស់អាវុធនេះម្តងទៀត។ យើងបានបង្ហាញច្បាស់ហើយតាមរយៈការបាញ់ផ្លោងមីស៊ីលកន្លងមកនេះ»។
ថ្វីបើលោកមិនបានបញ្ជាក់ពីចំនួនអាវុធគីមីស៊ីរីមានក៏ដោយ រដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញរបាយការណ៍ចារកម្មមួយដែលបង្ហាញថា ស៊ីរីមានអាវុធគីមីទំហំ៣តោនឯណោះ។ ប៉ុន្តែគ្រប់យ៉ាងគ្រាន់តែជាការបញ្ជាក់របស់អ៊ីស្រាអែលប៉ុណ្ណោះ។
ដោយឡែក លោក James Mattis បានបន្ថែមថា កាលពីថ្មីៗនេះ រដ្ឋាភិបាលស៊ីរីក៏បានបំបែកក្រុមយន្តហោះចម្បាំងដែលដែលត្រូវចេញប្រតិបត្តិការ ដែលវាជាសញ្ញាមួយដែលបញ្ជាក់ថាស៊ីរីបារម្ភថាអាមេរិកនឹងអាចវាយប្រហារខ្លួនជាថ្មីទៀត ។
កាលពីដើមខែមេសាកន្លងមកនេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោនបានសម្រេចបាញ់ផ្លោងមីស៊ីលជិត ៦០គ្រាប់ចូលក្នុងមូលដ្ឋានទ័ពអាកាសស៊ីរីនៅក្រុង Homs ដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីនៅខេត្ត Idlib ដែលសម្លាប់មនុស្សប្រហែល៩០នាក់ក្នុងនោះមានកុមារ ហើយអាមេរិកអួតថា មីស៊ីលខ្លួនកម្ទេចយន្តហោះចម្បាំងស៊ីរីអស់ ២០ភាគរយឯណោះ៕