រដ្ឋបាល​ត្រាំ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ នៅ​វ៉ាស៊ីនតោន​ខែក្រោយ​
22, Apr 2017 , 8:39 pm         11749
រូបភាព
​រដ្ឋមន្ត្រីការបទេស​អា​មេ​រិ​ក​នឹង​ស្វាគមន៍​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ នៅ​ថ្ងៃទី ៤​ខែឧសភា​ខាងមុខនេះ​នៅ​ក្រុង​វ៉ាស៊ីនតោន​។ ការអញ្ជើញ​រដ្ឋមន្ត្រី​អាស៊ាន​ទាំងអស់​ទៅ​ចូលរួម​ប្រជុំ​នៅ​អាមេរិក​នេះ​ជា​ឆន្ទៈ​រដ្ឋបាល​អាមេរិក​ថ្មី​ក្នុង​ការបន្ត​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។ កិច្ចប្រជុំ​នេះ កើតឡើង​មុន​កិច្ចប្រជុំ​សំខាន់ៗ​ថ្នាក់​តំបន់​ជាច្រើន​នឹងត្រូវ​រៀបចំឡើង​នៅ​ហ្វីលីពីន​ចន្លោះ​ពី​ខែសីហា​ដល់​ខែវិច្ឆិកា​ខាងមុខ​។ 

​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ាន​នា​ថ្ងៃ ២០​មេសា ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ Patrick Murphy បាន​ថ្លែងថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​ត្រៀម​ទទួល​ស្វាគមន៍​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រុង​វ៉ាស៊ីនតោន​ថ្ងៃ ៤ ឧសភា​ខាងមុខ​។​

​លោក Patrick Murphy បាន​បញ្ជាក់ថា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រៀ​ប​ចំ​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​ការទូត​អាស៊ាន​ទាំង​១០ បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទៀត​។​

​បើតាម​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ដដែល រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson រៀបចំ​កិច្ចប្រជុំ​នេះ​តាម​សំណើរ​របស់​ប្រទេស​អាស៊ាន​កន្លងមក​។ លោក Rex Tillerson ពិតជា​រីករាយ​ដែល​លោក​នឹង​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អាស៊ាន​ទាំងអស់ ព្រោះ​វា​ក៏​ជា​ពេលវេលា​ដែល​អាស៊ាន​និង​អាមេរិក​ត្រូវ​ពិភាក្សាគ្នា​ពី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ពេលអនាគត​ទៀត​។

«​លោក Tillerson បានទទួល​សំណើរ​ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ហើយ​ពួកគេ​ត្រៀមខ្លួន​ធ្វើដំណើរ​មក​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​មកជួប​ជាមួយ​លោក Tillerson តាំងពីដើម​ឆ្នាំនេះ​ម្ល៉េះ​។ ពោល គឺ​មុន​ពេលដែល​កិច្ចប្រជុំ​ពហុភាគី​ជាច្រើន​ត្រូវ​រៀបចំឡើង​នៅ​ហ្វីលីពីន​ខែសីហា​ខាងមុខ​។ ដូច្នេះហើយ លោក Tillerson ឯកភាព​រៀបចំ​កិច្ចប្រជុំ​ពិសេស​នៅ​ថ្ងៃ ៤ ខែឧសភា​»​។
​លោក Murphy បាន​បកស្រាយ​ផងដែរ កិច្ចប្រជុំ​នៅពេល​ខាងមុខ​នោះ​នឹង​ក្លាយជា​ពេលវេលា​សំខាន់​សម្រាប់​ការពិភាក្សា​ពី​បញ្ហា​ប្រឈម ក៏ដូចជា​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិការ​ក្នុង​តំបន់​។​

«​យើង​ពិតជា​រីករាយ​ដែលមាន​វត្តមាន​រដ្ឋមន្ត្រី​អាស៊ាន​ទាំងអស់​នៅ​អាមេរិក​។​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ខ្លះ​ត្រូវ​ត្រឡប់មកវិញ​ព្រោះ​ពួកគេ​បានមក​កាន់​ក្រុង​វ៉ាស៊ីនតោន​រួចហើយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ​។ កិច្ចប្រជុំ​នេះ ផ្តល់ឱកាស​ឲ្យ​ភាគី​ទាំងសងខាង​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម ក៏ដូចជា​កាលានុវត្តភាព និង កិច្ចប្រតិបត្តិការ​ទ្វេភាគី​ក្នុង​តំបន់​ផងដែរ មុន​ពេលដែល​កិច្ចប្រជុំ​ផ្លូវការ​ជាច្រើន​ក្នុងនោះ​មាន​ទាំង​វេទិកា​តំបន់​អាស៊ាន មកដល់​នៅ​ខែសីហា​នៅ​ហ្វីលីពីន​»​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក៏​សន្យា​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​ប៉ាស៊ីហ្វិក​នៅ​វៀតណាម និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ​ខែវិច្ឆិកា​ផងដែរ​។
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង