នាវាកងទ័ពជើងទឹក២គ្រឿងរបស់រុស្ស៊ី បានទៅដល់កំពង់ផែក្រុងម៉ានីលនៅថ្ងៃទី២០ ខែមេសា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅហ្វីលីពីន។ នេះជាទស្សនកិច្ចលើកទី២ របស់នាវាកងទ័ពជើងទឹករុស្ស៊ីលើទឹកដីហ្វីលីពីន ហើយទស្សនកិច្ចលើកនេះផ្ដល់ទំនុកចិត្តកាន់តែច្រើនដល់ប្រធានាធិបតី Rodrigo Duterte ដែលចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ វត្តមាននាវារុស្ស៊ី ធ្វើក៏ឲ្យលោកDuterte លែងខ្លាចអ្វីទាំងអស់ដែរ។
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានឡើងទស្សនកិច្ចនាវាល្បាតបំពាក់មីស៊ីល Varyag នៃកងទ័ពជើងទឹករុស្ស៊ី ដែលកំពុងទស្សនកិច្ចហ្វីលីពីន។ មេបញ្ជាការមួយរូបនៃកងទ័ពជើងទឹករុស្ស៊ី បានបង្ហាញសមត្ថភាពពិសេសរបស់នាវាល្បាតនេះដែលមានប្រវែង១៨៦មែត្រទៅកាន់ប្រធានាធិបតីហ្វីលីពីន។ នាវាល្បាតនេះ បំពាក់ដោយមីស៊ីលចំនួន១៦គ្រឿង និងមានទាហានចំនួន៥០០ មកជាមួយផង។
ទស្សនកិច្ចរបស់នាវារុស្ស៊ី ធ្វើឲ្យលោក Duterte មានទំនុកចិត្តខ្លាំងលើការប្ដេជ្ញាចិត្តរបស់រុស្ស៊ីលើទំនាក់ទំនងជាមួយហ្វីលីពីន។ បើតាមសារព័ត៌មាន Rappler ប្រធានាធិបតីហ្វីលីពីន បាននិយាយនៅលើនាវាល្បាត Varyag ថា៖ «ឥឡូវនេះ រុស្ស៊ីឈរជាមួយខ្ញុំ។ ដូចនេះ ខ្ញុំមិនគួរខ្លាចអ្វីទាំងអស់»។ លោក ក៏ឆ្លៀតពេលដដែលនេះ បង្ហាញបំណងទទួលយកការជួយរបស់រុស្ស៊ី ក្នុងការទិញសព្វាវុធថ្មីផងដែរ។
នាវាល្បាតបំពាក់មីស៊ីល Varyag មកដល់ហ្វីលីពីនជាមួយនាវាដឹកប្រេង Pechenge ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដែលកំពុងតែផ្អែមល្ហែម។ នេះជាលើកទី២ ដែលនាវារុស្ស៊ីមានវត្តមានលើទឹកដីហ្វីលីពីនក្នុងរយៈពេល៣ខែចុងក្រោយ។ ការមកដល់របស់នាវារុស្ស៊ី ក៏ជាសញ្ញានៃការទៅមុខកាន់តែប្រសើរនៃចំណងការទូតរុស្ស៊ី និងហ្វីលីពីន ស្របពេលរដ្ឋបាលលោក Rodrigo Duterte បែរខ្នងដាក់អាមេរិកនោះ។
ការមកដល់នាវាទាំង២គ្រឿង កើតឡើងតែមួយខែមុន លោក Duterte ហោះហើរទៅកាន់រុស្ស៊ីដើម្បីជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជាសម្ព័ន្ធមិត្តថ្មីនៅខែឧសភាខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាពថ្មីថ្មោងនេះ។ មេដឹកនាំទាំង២ ក៏រំពឹងថាចុះកិច្ចព្រមព្រៀងការពារជាតិមួយ សំដៅរឹតចំណងមិត្តភាពឲ្យកាន់តែប្រសើរថែមទៀត ខណៈហ្វីលីពីនក៏កំពុងមានចំណាប់ទិញសព្វាវុធមួយចំនួនពីរុស្ស៊ីដែរ ដើម្បីទុការពារខ្លួន។
លោក Duterte ក៏បញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់លោក ពិនិត្យមើលអាវុធថ្មីៗដែលហ្វីលីពីនមានលទ្ធភាពទិញយកប្រើប្រាស់ដូចជាកាំភ្លើង, យន្តហោះដ្រូន និងឧទ្ធម្ភាគចក្រជាដើម។ មិនតែប៉ុណ្ណោះ ហ្វីលីពីន ក៏សំឡឹងរកនាវាមុជទឹកផលិតដោយរុស្ស៊ីផងដែរ ដ្បិតអីហ្វីលីពីនកំពុងមានជម្លោះដែនទឹកសមុទ្រចិនខាងត្បូងជាមួយចិនស្រាប់ផង៕