បារាំង​ចាប់ផ្តើម​បោះឆ្នោត​រើស​មេដឹកនាំ​ថ្មី ដោយ​បេក្ខជន​បួនរូប​មាន​ប្រជាប្រិយភាព​ខ្ពស់​
23, Apr 2017 , 1:37 pm         13625
រូបភាព
​ប្រជាជន​បារាំង​ចាប់ផ្តើម​ទៅ​ការិយាល័យ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់ខ្លួន​ហើយ​នៅ​ថ្ងៃអាទិត្យ​ទី ២៣ ខែមេសា​នេះ​ក្នុង​ជុំទីមួយ​។ បេក្ខជន​ទាំងអស់​១១ រូប​ដែល​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ប៉ុន្តែ​មាន​បេក្ខជន​តែ​បួនរូប​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ខ្ពស់​អាច​នឹង​ក្លាយជា​អនាគត​ប្រធានាធិបតី​បារាំង​។ យ៉ាងណាមិញ ការបោះឆ្នោត​នេះ​ធ្វើឡើង​ស្របពេល​ដែល​បញ្ហា​សន្តិសុខ​នៅ​បារាំង​មិនសូវ​ស្រួល បន្ទាប់ពី​មានការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្មី​កន្លងមកនេះ​។
 
​ការិយាល័យ​បោះឆ្នោត​នៅ​បារាំង​ចាប់ផ្តើម​បើក​នៅ​ថ្ងៃអាទិត្យ​ទី ២៣ មេសា​នេះ​ដើម្បី​ឲ្យ​ប្រជាជន​បារាំង​កំណត់​យក​មេដឹកនាំ​ថ្មី​របស់ខ្លួន​។ បេក្ខជន​ពីរ​នាក់​ក្នុងចំណោម​បេក្ខជន​ដែល​ឈរឈ្មោះ​សរុប​១១ រូប​នឹងត្រូវ​ឈានទៅ​ប្រជែង​គ្នា​នៅ​ជុំ​ទី​ពីរ ថ្ងៃ ៧​ខែឧសភា​ខាងមុខនេះ​ទៀត បើសិនជា​គ្មាន​បេក្ខជន​ណាមួយ​ឈ្នះ​ភាគច្រើន​ដាច់ខាត​ទេ​។
​យោងតាម​សារព័ត៌មាន The Independent បេក្ខជន​បួនរូប​នោះ​មាន​លោកស្រី Marine Le Pen, លោក Emmanuel Macron, លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង (Francois Fillon) និង​លោក Jean Luc Melenchon  ដែលមាន​ប្រជាប្រិយភាព​និង​អាច​ឈានទៅ​ដណ្តើម​តំណែង​ប្រធានាធិបតី​បារាំង​នៅពេល​ខាងមុខ​ផង​។ មកដល់​ថ្ងៃ​បោះឆ្នោត លោកស្រី Le Pen និង​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក Emanuel Macron នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់​និង​នាំមុខ​ក្នុងការ​ប្រកួតប្រជែង​នយោបាយ​នេះ​។
 
​ចំណែក​បេក្ខជន​ពីរ​នាក់​ទៀត អ្នកនយោបាយ​កណ្តាល​និយម​លម្អៀង​ស្តាំ លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង (Francois Fillon) និង បេក្ខជន​ឆ្វេងនិយម​ជ្រុល​លោក Jean Luc Melenchon ស្ថិតនៅ​ក្រោយ​អ្នក​ទាំងពីរ​ខាងលើ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ដូច្នេះហើយ គេ​អាច​និយាយបានថា គ្រប់យ៉ាង​វា​នៅតែ​មិន​ច្បាស់លាស់ ហើយ​ជ័យជម្នះ​ទៅ​ជុំ​ទី​ពីរ​របស់​បេក្ខជន​ពីរ​នេះ​ច្បាស់​ជា​ស្ថិត​លើ​ការសម្រេច​របស់​ប្រជាជន​បារាំង​ដែល​មិនទាន់​សម្រេចចិត្ត​រើស​អ្នកណា​ឲ្យ​ប្រាកដ​នោះ​។​

​យ៉ាងណាមិញ ការបោះឆ្នោត​នេះ​រៀបចំឡើង​ស្របពេល​ដែល​បញ្ហា​សន្តិសុខ​ស្ថិតក្នុង​ស្ថានភាព​ផុយស្រួយ បន្ទាប់ពី​ចលនា​ភេរវកម្ម​ក​ម្រើ​ជា​ជាថ្មី​។ បារាំង​រងគ្រោះ​ដោយសារ​ភេរវកម្ម​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ដោយ​ខ្មាន់កាំភ្លើង​ជា​សកម្មប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​នោះបាន​បាញ់សម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​នៅ​កណ្តាល​ក្រុងប៉ារីស​។ ដោយសារតែ​បារម្ភ​ពី​ការវាយប្រហារ​ភេរវកម្ម​ក្នុងពេល​បោះឆ្នោត បារាំង​ពង្រាយ​ប៉ូលិស​និង​មន្ត្រី​សន្តិសុខ ប្រាំ​ម៉ឺន​នាក់​ទៅ​ការពារ​ការិយាល័យ​បោះឆ្នោត​ចំនួន ប្រាំ​ពីរម៉ឺន​កន្លែង​ទូទាំងប្រទេស ហើយ​និង​បន្ថែម​ទាហាន​ល្បាត​ចំនួន ប្រាំពីរ​ពាន់​នាក់​ផ្សេងទៀត​ផងដែរ​។
​ត្រឡប់មកវិញ បេក្ខជន​ប្រធានាធិបតី​ដែល​បារាំង​អាច​ផ្ញើ​វាសនា​បាន និង​ជា​ក្តី​រំពឹង​របស់​អឺរ៉ុប​មាន​ពីរ​នាក់លោក Emmanuel Macron និង លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង ដោយសារ​អ្នក​ពីរ​មាន​គោលនយោបាយ​ប្រហាក់ប្រហែលគ្នា គាំទ្រ​ការឯកភាព​នៃ​អឺរ៉ុប បន្ត​គាំទ្រ​សេរីភាវូបនីយកម្ម និង​សន្យា​កែទម្រង់​ច្បាប់​ការងារ​ជាដើម​ដើម្បី​ប្រយោជន៍​បារាំង​និង​អឺរ៉ុប​។
 
​បើ​បេក្ខជន​ពីរ​នាក់​ផ្សេងទៀត​ដែលមាន​ទាំង​ស្តាំ​ជ្រុល​និង​ឆ្វេង​ជ្រុល​មាន Le Pen និង Melenchon ឈ្នះឆ្នោត​នោះ វា​ជា​ដំណឹង​អាក្រក់​បំផុត​មួយ​សម្រាប់​បារាំង​និង​អឺរ៉ុប​ឡើយ​។ វា​ស្រដៀង​គ្នា​នឹង​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​នៅ​អាមេរិក​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ដូច្នេះ​ដែរ​។ អ្នកនយោបាយ​ទាំងពីរ​មាន​និ​ន្និ​ការប្រឆាំង​ប្រព័ន្ធ​ស្ថាប័ន​នយោបាយ​ដែលមាន​វត្ត​មាននៅ​បារាំង​, ប្រឆាំង​ចរន្ត​សកលភាវូបនីយកម្ម​, ប្រឆាំង​ជនអន្តោប្រវេសន៍ និង​ប្រឆាំង​អឺរ៉ុប​ផង​។ ការនាំ​បារាំង​ចេញពី​សហភាព​អឺរ៉ុប និង​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​នឹង​ក្លាយជា​រឿង​ល្បីល្បាញ​ទៀត​នៅពេលដែល​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ​នាក់​ជាប់ឆ្នោត​មែន​នោះ​៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង