របាយការណ៍​សិក្សា​៖ «​រុស្ស៊ី​ពាក់ព័ន្ធ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​រឿង​បោះឆ្នោត​ប្រធានាធិបតី​បារាំង​»
23, Apr 2017 , 8:59 pm         9760
រូបភាព
​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម​នៅ​បារាំង​បាន​ក្លាយជា​រឿងចម្រូងចម្រាស ហើយ​គេ​វាយតម្លៃថា វា​អាច​បង្ក​ផលប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​ប្រជាជន​បារាំង​ដែល​អ្នកបោះឆ្នោត​ផង​។ របាយការណ៍​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ថា ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទិន​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​រុស្ស៊ី​ថែមទៀត​។
​បារាំង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​សម្រាប់​ជុំទីមួយ​នៅ​ថ្ងៃ អាទិត្យ​ទី ២៣ មេសា​នេះ​។ មានការ​បារម្ភ​ដែរ​ថា បេក្ខជន​ប្រធានាធិបតី​ដែលមាន​និន្នាការ​ស្តាំនិយម​ជ្រុល Marine Le Pen នឹង​ក្លាយជា​ប្រធានាធិបតី​បារាំង​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ របាយការណ៍​សិក្សា​មួយ​បាន​បង្ហាញថា  ចរន្ត​នៃ​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទិន​ការបោះឆ្នោត​ជាពិសេស​បេក្ខជន​ប្រធានាធិបតី​កើនឡើង​ខ្លាំង​មុន​ការបោះឆ្នោត​មកដល់​។  សកម្មភាព​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការសម្រេចចិត្ត​របស់​ប្រជាជន​បារាំង​ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី​

​យោងតាម​សារព័ត៌មាន​អង់គ្លេស The Independent របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Oxford បាន​បង្ហាញថា ព័ត៌មាន​មួយ​ភាគ​បួន​ដែល​ត្រូវបាន​ចែកចាយ​តាម​បណ្តាញ​សង្គម Twitter នៅ​បារាំង​គឺជា​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​និង​ក្លែងក្លាយ​។ គេ​កំណត់ថា​ព័ត៌មាន​ទាំងនោះ​មាន​ច​រិ​ក​លក្ខណៈ​ជា​មនោគមន៍វិជ្ជា​ជ្រុលនិយម និង​លម្អៀង​ផ្នែក​នយោបាយ​គ្មាន​ប្រភព​ត្រឹមត្រូវ​និង​មិន​ផ្អែកលើ​ការពិត​សោះ​។
​ចំណែក​របាយការណ៍​សិក្សា​មួយទៀត​ដែល​ចងក្រង​ឡើង​ដោយ​ស្ថាប័ន​ស្រាវជ្រាវ Bakamo  ទើប​ចុះផ្សាយ​នៅ​សប្តាហ៍​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ព័ត៌មាន​ក្លែងក្លាយ​ភាគច្រើន​នោះ​ត្រូវបាន​ចែកចាយ​ចេញពី​ប្រភព​ដែល​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​តែម្តង​។ របាយការណ៍​ស្រាវជ្រាវ​នេះ​បាន​ស្រង់​សម្តី អាជ្ញាធរ​បារាំង​ដែល​ភ័យ​ថា អ្វីដែល​កំពុង​កើតឡើង​នេះ​ជា​ចេតនា​របស់​រុស្ស៊ី​ក្នុងការ​លូកដៃ​ក្នុងការ​បោះឆ្នោត​បារាំង​ដូចដែល​ខ្លួន​ធ្លាប់ធ្វើ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កន្លងមក​ដែរ​។
 
​សូម្បីតែ​សារព័ត៌​មានបារាំង Le Monde បាន​ចុះផ្សាយ​បួន​ថ្ងៃមុន​ការបោះឆ្នោត​មកដល់​ពី​ការចែករម្លែក​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី ។ ព័ត៌មាន​នោះបាន​បញ្ជាក់ថា បេក្ខជន​ប្រធានាធិបតី​ស្តាំនិយម​ជ្រុល Marine Le Pen ឈ្នះឆ្នោត​ជុំទីមួយ ហើយ​អ្នក​នៅ​លេខ​រៀង​បន្ទាប់​គឺ​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ចលោក Emmanuel Macron ។ 
​ក្រៅពីនេះ គេ​ឃើញ​មាន​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ព័ត៌មាន​ដែល​ចោទប្រកាន់​លោក Emanuel Macron ថា​មាន​លាក់​ទ្រព្យសម្បត្តិ​នៅ​បរទេស ដោយ​គ្មាន​ស្រង់​ប្រភព​ណាមួយ​សោះ​។ ព័ត៌មាន​ខ្លះទៀត​បាន​ចុះផ្សាយ​របាយការណ៍​ស្ទង់​មតិ​ក្លែងក្លាយ​ដែល​បញ្ជាក់ថា​បេក្ខជន​ស្តាំនិយម​ដែល​មិនមាន​ឈ្មោះ​បោះ​សំឡេង​នឹង​គេ​គឺ​លោក  Francois Asselineau​នោះ​ឈ្នះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​ទៅវិញ​។​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង