បេក្ខជន​ឯករាជ្យ Macron សង្ឃឹម​ផ្តួល​បេក្ខជន​ស្តាំនិយម​ជ្រុល Le Pen វគ្គ​ផ្តាច់ព្រ័ត្រ​
24, Apr 2017 , 11:09 am         8808
រូបភាព
​ការបោះឆ្នោតប្រធានាធិបតី​បារាំង​ជុំទីមួយបានបញ្ចប់​ទៅនៅថ្ងៃអាទិត្យ។ បេក្ខជន​ពីរ​រូបដែលឈ្នះមាន​អ្នក​ន​យោ​បាយ​ស្តាំនិយម​ជ្រុល Marine Le Pen និង​អ្នកនយោបាយ​កណ្តាល​និយម Emmanuel Macron​ នឹងត្រូវប្រកួតគ្នានៅក្នុងការបោះឆ្នោតជុំ​ទី២ថ្ងៃ ៧ខែឧសភាខាងមុខ​។ បេក្ខជន​ដែល​ចាញ់ឆ្នោត​ហាក់​ត្រៀមខ្លួន​ហើយ​ដើម្បី​ជួយ​គាំទ្រ​លោក Macron ដើម្បី​ឈានទៅ​ដណ្តើម​តំណែង​ប្រធានាធិបតី​នៅ​ខែក្រោយ​នេះ​។​

​សំឡេងឆ្នោត ៩៦ ភាគរយ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នា​ជុំទីមួយ​ត្រូវបាន​រាប់​ចប់សព្វគ្រប់​នៅ​យប់​ថ្ងៃអាទិត្យ​។ ដូច​ការស្ទង់មតិ​កន្ល​ង​មក​ដែរ បេក្ខជន​ប្រធានាធិបតី​ពីររូប​ដែលជា​ប់​ជុំទីមួយ​មានដូចជា​លោកស្រី Marine Le Pen ជា​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​និង​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក Emmanuel Macron​។​

​បើ​យោងតាម​លទ្ធផល​បោះឆ្នោត​ដែល​ស្រង់​ដោយសារ​ព័ត៌មាន France 24  អ្នកនយោបាយ​កណ្តាល​និយម​លោក Emmanuel Macron បានទទួល​សំឡេង ២៣,៩ ភាគរយ ខណៈ​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល Marine Le Pen បានទទួល​សំឡេងគាំទ្រ ២១,៤ ភាគរយ​។
​ចំណែក​បេក្ខជន​ផ្សេងទៀត​ដូចជា​លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង (Francois Fillon) និង​លោក​Jean-Luc Melenchon បានទទួល​សំឡេង​ប្រហាក់ប្រហែលគ្នា​ពោលគឺ​ជិត​២០​ភាគរយ​ប៉ុណ្ណោះ​។
 
១.Marine Le Pen ជាបេក្ខជន​ប្រធានាធិបតី​ដើម្បី​ប្រជាជន​?


​ក្រោយ​បោះឆ្នោត លោកស្រី Marine Le Pen បាន​ចេញមុខ​ប្រកាស​ជ័យជម្នះ​របស់ខ្លួន ដោយ​លោកស្រី​អះអាងថា វា​ជា​ជំហាន​ដ៏​អស្ចារ្យ​ដើម្បី​ឆ្ពោះទៅ​កាន់តំណែង​ប្រធានាធិបតី​។ ហើយ​វា​ជា​លទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​លោកស្រី​ដែរ​។  បើតាម​លទ្ធផល​បោះឆ្នោត លោកស្រី​បានទទួល​សំឡេងគាំទ្រ​ពី​ប្រជាជន​ជិត ៧​លាន​នាក់​ឯណោះ ហើយ​វា​ជា​សំឡេងគាំទ្រ​ដ៏​ច្រើន​ដែល​បក្ស​លោកស្រី​មិន​ធ្លាប់​ទទួលបាន​កន្លងមក​ឡើយ​។

​យ៉ាងណាក៏ដោយ ប្រធាន​បក្ស​រណសិរ្ស​ជាតិ​ដែលមាន​និន្នាការ​ប្រឆាំង​ជនអន្តោប្រវេសន៍​និង​ប្រឆាំង​អឺរ៉ុប​រូបនេះ​បាន​ហៅ​ខ្លួនឯង​ថា​ជា «​បេក្ខជន​ប្រធានាធិបតី​ដើម្បី​ប្រជាជន​» និង ផ្ញើ​សារ​មាន​លក្ខណៈ​ប្រជា​ឧបាយ ទៅកាន់​ប្រជាជន​បារាំង​ផងដែរ​ថា អនាគត​បារាំង​រស់​ឬ​ស្លាប់​អាស្រ័យ​លើ​ប្រជាជន​បារាំង​ដែល​ដែលជា​អ្នកបោះឆ្នោត​។​

​គេ​ដឹង​ច្បាស់​ថា គោលនយោបាយ​ស្នូល​របស់​បេក្ខជន​ម្នាក់នេះ​មិនសូវ​ខុសគ្នា​ពី​នយោបាយ​លោក ដូ​ណា​ល់ ត្រាំ​ឡើយ គឺ​ប្រឆាំង​ជនអន្តោប្រវេសន៍​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​និង​ការពារ​សន្តិសុខ​។ ហើយ​មិន​ត្រឹមតែ​ប៉ុ​ណ្ណ៉ោះ​លោកស្រី​ក៏មាន​និន្នាការ​ប្រឆាំង​ដំណើរ​សមាហរណកម្ម​ស​ហ​ភាព​អឺរ៉ុប និង​ស្ថាប័ន​អឺរ៉ុប​ដែលមាន​លក្ខណៈ​ការិយាធិបតេយ្យ​នោះ​។​

​បេក្ខជន Marine Le Pen បាន​សន្យា​រួចរាល់​ហើយ​ថា លោកស្រី​នឹង​ចាប់ផ្តើម​កំណត់​ទំនាក់ទំនង​ថ្មី​ជាមួយ​សហភាព​អឺរ៉ុប​បើសិនជា​លោកស្រី​ជាប់ឆ្នោត​។ លោកស្រី​នឹង​ចាប់ផ្តើម​ចរចា​ជាមួយ​ស្ថាប័ន​ព្រុ​ច​សែ​ល​ដើម្បី​ទាមទារ​អំណាច​មួយចំនួន​ដើម្បី​សម្រេច​កិច្ចការផ្ទាល់ខ្លួន​ជាពិសេស​កំណត់ព្រំដែន និង​អំណាច​អធិបតេយ្យ​ផ្សេងទៀត​ដែរ​។ ក្នុងករណី​ដែល​អឺរ៉ុប​មិនអាច​បំពេញ​តាម​អ្វីដែល​លោកស្រី​ទាមទារ លោកស្រី​នឹងធ្វើ​ប្រជាមតិ​នាំ​បារាំង​ចេញពី​អឺរ៉ុប និង​តំបន់​ចាយលុយ​អឺរ៉ូ​ថែមទៀត​។

២. Emmanuel Macron ជាក្តី​រំពឹង​ចុងក្រោយ​របស់​បារាំង​និងអឺរ៉ុប?


​ចំណែក​បេក្ខជន​ដែលជា​អ្នកនយោបាយ​កណ្តាល​និយម  Emmanuel Macron វ័យ​៣៩​ឆ្នាំ​ដែលជា​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង ក៏បានផ្តល់​សុន្ទ​រក​ថា​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ ក្រោយ​ពេលដែល​លទ្ធផល​ចេញ​ជា​ផ្លូវការ​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​ដែល​មិនទាន់​សម្រេចចិត្ត​ឲ្យ​គាំទ្រ​លោក​ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ​ខែក្រោយ​។​

​លោក Emmanuel Macron ជា​បេក្ខជន​ដែល​គាំទ្រ​សហភាព​អឺរ៉ុប, មានគោលដីបន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​បារាំង​ជាមួយ​ពិភពលោក និង​បង្កើន​ទុនវិនិយោគក្នុង​វិស័យ​សាធារណៈ​ផងដែរ​។  គេ​មើលឃើញថា អ្នកនយោបាយ​ម្នាក់នេះ​ជា​ក្តីសង្ឃឹម​របស់​បារាំង​និង​របស់​អឺរ៉ុប​ផងដែរ ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​ចលនា​ប្រជា​ឧបាយ​និង​ចរន្ត​ប្រឆាំង​សាកលភាវូបនីយកម្ម​កើនឡើង​នោះ​។ ដូច្នេះហើយ​បើសិនជា​លោក​ជាប់ឆ្នោត​នៅពេល​ខាងមុខ​វា​ជា​ដំណឹង​ល្អ​សម្រាប់​បារាំង​ផង​និង​សម្រាប់​អឺរ៉ុប​ទាំងមូល​ផង​។​

​មកដល់​ពេលបច្ចុប្បន្ន​នេះ គ្រប់គ្នា​បន្ត​ចាំ​មើលថា លោក Macron អាច​នឹង​យកឈ្នះ​គូប្រជែង​នៅ​ជុំ​ទី​ពីរ​និង​ជា​ជុំ​ចុងក្រោយ​ឬ​អត់​? យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Macron  សង្ឃឹម​ច្រើន​ដើម្បី​ផ្តួល​បេក្ខជន​ស្តាំនិយម​ជ្រុល Marine Le Pen នៅ​ថ្ងៃ ៧ ឧសភា​។ នេះ​ក៏​ដោយសារ​គោលនយោបាយ​របស់លោក​ផង ហើយ​លោក​ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​បណ្តា​អ្នកនយោបាយ​បារាំង​ផងដែរ​។​

​ដូច​ឃើញស្រាប់ បេក្ខជន​ដែល​ចាញ់​ក្នុង​ជុំទីមួយ​មាន​ទាំង លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង និង​លោក Jean-Luc Melenchon ផង​នោះបាន​ប្រកាស​គាំទ្រ​លោក Macron ក្នុងការ​ឈានទៅ​ប្រកួត​ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ​ដើម្បី​ប្រជែង​លោកស្រី Marine Le Pen នោះ​។

​ប៉ុន្តែ​គ្រប់យ៉ាង​នៅតែ​មិន​ច្បាស់លាស់​នៅឡើយ ព្រោះ​សូម្បីតែ​លោក​ដូ​ណា​ល់ ត្រាំ​ដែល​គ្រប់​គ្នា​មិនដែល​រំពឹងថា​ជាប់ឆ្នោត​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ទៅហើយ​។ ចុះ​ទម្រាំ​លោកស្រី Marine Le Pen អ្នកណា​អាច​ទាយ​ដឹង​?
 
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង