១គ្រាប់របស់ Anthony Martial ដែលស៊ុតបញ្ចូលទីក្រុម Burnley នៃក្រមខណ្ឌកំពូលអង់គ្លេស Premier League កាលពីយប់មិញ បានធ្វើឲ្យក្រុមបិសាចក្រហម Manchester United ត្រូវបង់ប្រាក់ទៅក្លិប Monaco ចំនួន ៨.៥លានផោន ប្រហែលជាជិត១១លានដុល្លារអាមេរិក។
Anthony Martial បានរកគ្រាប់បាល់ទី២៥របស់ខ្លួនឲ្យបិសាចក្រហម នាការប្រកួតជាមួយក្រុម Burnley កាលពីរាត្រីថ្ងៃទី២៣ ខែមេសា។ មួយគ្រាប់នេះ តម្រូវឲ្យ Man Utd បង់ប្រាក់ទៅឲ្យក្លិប AS Monaco ចំនួន ១១លានដុល្លារ។ មូលហេតុដែលត្រូវចំណាយប្រាក់ច្រើននេះដោយសារមានកិច្ចសន្យារវាងក្រុម Manchester United និង Monaco ប្រសិនបើ Martial អាចរកគ្រាប់បាល់បាន២៥គ្រាប់នោះ ក្រុមដែលកំពុងនាំមុខក្នុងក្របខណ្ឌកំពូលរបស់បារាំងនេះ នឹងទទួលបាន១១លានដុល្លារបន្ថែមទៀតពី Man Utd។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ២១ឆ្នាំ បានផ្លាស់ពី Monaco ទៅកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០១៥ ក្នុងតំលៃផ្ទេររហូតដល់ ៤២លានផោន(ជិត៥៤លានដុល្លារ) ប៉ុន្តែ Man Utd បានបង់ប្រាក់មុនតែ ៣២លានផោន(៤០លានដុល្លារ)ប៉ុណ្ណោះ។ ចំណែកទឹកប្រាក់ដែលនៅសល់នឹងត្រូវបង់នៅពេលដែល Martial អាចរកគ្រាប់បាល់បាន២៥គ្រាប់ ដែលនេះជាលក្ខខណ្ឌកិច្ចសន្យាពិសេសរវាងក្លិបទាំងពីរ។
លើសពីនេះទៅទៀតនោះប្រសិនបើ ខ្សែប្រយុទ្ធវ័យក្មេងដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំង២៥ដងនេះ អាចឈ្នះពាន Ballon d'Orទៀតនោះ ម្ចាស់ជើងឯក Premier League ២០សម័យកាល Manchester United នឹងផ្តល់ប្រាក់ទៅ Monaco ចំនួន១១លានដុល្លារបន្ថែមទៀត៕