អ្នកស្រី ឈុន វណ្ណា ម្ចាស់​បទ «​ប្រុស​នេះ​ខូច​ណាស់​» ទទួលមរណភាព​ក្នុង​អាយុ​៨០​ឆ្នាំ​
29, Jan 2019 , 11:53 am         17607
រូបភាព
រូបថតអ្នកស្រី ឈុន វណ្ណា ក្នុងអាល់ប៊ុមចម្រៀង និងរូបដែលត្រូវបានអះអាងថា ថត​កាលពីអំឡុងឆ្នាំ​២០១៤
រូបថតអ្នកស្រី ឈុន វណ្ណា ក្នុងអាល់ប៊ុមចម្រៀង និងរូបដែលត្រូវបានអះអាងថា ថត​កាលពីអំឡុងឆ្នាំ​២០១៤
ដោយ:
​តារាចម្រៀង​ទសវត្សរ៍​៦០ អ្នកស្រី ឈុន វណ្ណា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក​។ តន្ត្រីករ​ជើងចាស់ ព្រឹទ្ធាចារ្យ ស្វាយ សរ ដែលជា​អតីត​មិត្ត​រួម​អាជីព បាន​ចាត់ទុកថា ជា​ដំណឹង​ដ៏​សោកសៅ​បំផុត ពីព្រោះ​អ្នកទាំងពីរ ​មាន​អនុស្សាវរីយ៍​ជាមួយគ្នា​ច្រើន​កាលពី​អតីតកាល​។​

relate
​ជា​អ្នកចម្រៀង​ប្រចាំ​ក្រសួង​ឃោសនាការ និង​ក្រុម​តន្ត្រី​យោធា​ភិរម្យ កាលពី​សម័យ​សង្គមរាស្ត្រនិយម អ្នកស្រី ឈុន វណ្ណា ដែលមាន​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម បាន​សាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​ចម្រៀង​ខ្មែរ​។ មិន​ចាញ់​តារាចម្រៀង​ឆ្នើម ប៉ែន រ៉​ន និង​រស់ សេរី​សុទ្ធា ឡើយ បទ​ចម្រៀង​របស់​អ្នកស្រី ឈុន វណ្ណា នៅតែ​បម្រើ​អារម្មណ៍​របស់​យុវជន​ជំនាន់​ក្រោយ​។​

បទប្រុសនេះខូចណាស់៖



បទលាហើយរាជធានី និង​បឹងហ្គាវ៉ាន់សូឡូ


 ​

បទ​ចម្រៀង​ល្បីល្បាញ​របស់​អ្នកស្រី ឈុន វណ្ណា មានដូចជា អូន​ស្រឡាញ់​តែ​បង​ម្នាក់​, ប្រុស​នេះ​ខូច​ណាស់​, បឹង​ហ្គា​វ៉ាន់​សូ​ឡូ​, ប្រុស​មុខខ្មូរ​, ទទា​យំ​ឆ្លង​, ឱ​! ស្វាយចន្ទី​, ដើរលេង​ក្នុង​សួន​, ឱ​!​ផ្ការំចេក​, លា​ហើយ​រាជធានី​, បរ​ប៉ៃលិន​, ព្រះពាយ​ផាត់​ក្លិន​, វាល​អើយ​វាល​ធំ​, យក្ខិនី​, ស្រី​ណា​ប្រច័ណ្ឌប្តី​, ខៅ​អ៊ី​ដាង ជាដើម​។ [​សារព័ត៌មាន ThmeyThmey សូម​អភ័យ​ចំពោះ​កំហុសឆ្គង​លើ​ចំណងជើង​បទ​ចម្រៀង​មួយចំនួន ក្នុងករណី​ប្រាស់ចាក​ពី​ប្រភពដើម​។ យើងខ្ញុំ​នឹង​កែតម្រូវ​ប្រសិនបើ​ឃើញ​ឯកសារ​ណាមួយ​ជាក់លាក់​]​។​



ទាក់ទង​នឹង​ការបាត់​បង់ជីវិត​អ្នកស្រី ឈុន វណ្ណា ព្រឹទ្ធាចារ្យ ស្វាយ សរ តន្ត្រីករ​ជើងចាស់​ដ៏​ល្បីល្បាញ បង្ហាញ​នូវ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ដោយ​លោក​ចាត់ទុកថា ជាការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់ ដែល​មិនអាច​ត្រឡប់មកវិញ​បានឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ ព្រឹទ្ធាចារ្យ ស្វាយ សរ ដែល​នៅតែ​បន្ត​បង្រៀន​តន្ត្រី​ដល់​យុវជន​ជំនាន់​ក្រោយ បាន​រៀបរាប់ថា​៖ «​ខ្ញុំ​មិនអាច​បំភ្លេច​ទិដ្ឋភាព​ដែល​ខ្ញុំ និង​អ្នកស្រី វណ្ណា ធ្លាប់​ធ្វើការ​ជាមួយគ្នា​ក្នុង​រង្វ​ង់​វិស័យ​សិល្បៈ​បានឡើយ ជាពិសេស​ពេលដែល​ខ្ញុំ​លេងភ្លេង​តាម​រោងការ រោងបុណ្យ ជាមួយ​គាត់​»​។​



ព្រឹទ្ធាចារ្យ ស្វាយ សរ។ រូបថត Capture ពីក្នុងកិច្ចសម្ភាស​រវាងលោក ជាមួយ​វិទ្យុមិត្តភាពកម្ពុជា-ចិន

​ដោយសារតែ​មមាញឹក​ក្នុងការ​បង្រៀន ព្រឹទ្ធាចារ្យ ស្វាយ សរ គ្រាន់តែ​បាន​អះអាង​ប្រាប់​ត្រួសៗ​ថា ការបាត់បង់​អ្នកស្រី ឈុន វណ្ណា ប្រៀបដូចជា​ការបាត់​វិញ្ញាណ​មួយផ្នែក​របស់គាត់​។ លោក​រៀបរាប់ថា​៖ «​សូម្បី​ខ្ញុំ​បើក​រូបថត​មើល ក៏​ខ្ញុំ​យំ ពីព្រោះ​ស្រណោះ​មនុស្ស​ដែល​តែងតែ​នៅក្បែរ​គ្នា ជួបគ្នា មាន​មនោ​ស​ញ្ចេ​ត​នា​ជាមួយគ្នា រាប់អាន​គ្នា​ដូចជា​បងប្អូន​បង្កើត អ៊ីចឹង​ខ្ញុំ​នៅតែ​ចងចាំ​រូបភាព​នេះ​ទុក និង​គិតដល់​គាត់ ប៉ុន្តែ​បានត្រឹមតែ​ស្តាយ ដោយសារ​មនុស្ស​ស្លាប់​ទៅហើយ មិនអាច​រស់​ឡើងវិញ​ទេ​»​។​

​យោងតាម​ឯកសារ​ស្រាវជ្រាវ​មួយ ដែល​ផ្សាយ​ដោយ ទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia អ្នកស្រី ឈុន វណ្ណា ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​តាំងពី​អាយុ​១០​ឆ្នាំ​មក ក្នុង​ជំនាន់​ជាមួយ អ្នកស្រី ឈួន ម៉ាឡៃ​, ម៉ៅ សារ៉េត​, សូ សាវឿន និង​អ្នក​ម្នាង សៀង ឌី ជាដើម​។​

​នា​អំឡុង​ឆ្នាំ​១៩៦០ គាត់​បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ក្រសួង​ឃោសនាការ ហើយ​បន្ត​ចូលរួម​ក្នុង​ក្រុម​តន្ត្រី​យោធា​ភិរម្យ​។ នៅ​សម័យ​ខ្មែរក្រហម អ្នកស្រី ឈុន វណ្ណា ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង ដោយ​លាក់​ឈ្មោះ​ពិតប្រាកដ​របស់ខ្លួន​។

​ឯកសារ​ដដែល​បាន​រៀបរាប់ថា អ្នកស្រី ឈុន វណ្ណា បាន​ភៀសខ្លួន​ទៅ​ជំរុំខៅអ៊ីដាង ហើយ​បាន​បន្តទៅ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៨១ ។ គាត់​រស់នៅក្នុង​ស្ថានភាព​ជា​ស្ត្រី​មេម៉ាយ​ដែល​មានកូន​បីនាក់​។​




សារព័ត៌មាន ThmeyThmey ព្យាយាម​ស្វែងរក​ឯកសារ និង​ប្រភព​បន្ថែមទៀត ទាក់ទង​នឹង​ដំណើរ​ជីវិតចុងក្រោយ​របស់​អ្នកស្រី ឈុន វណ្ណា​៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង