ដោយ៖ ហេង គីមគង់
អំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមនឹងទទួលបាន ការសរសើរ បើទោះបីជាមនុស្សជាច្រើនប្រហែលជាគិតផ្ទុយពីនេះក៏ដោយ។
ការសង្គ្រោះអ្នកដំណើរជាង ២,០០០ នាក់នៅលើនាវា Westerdam, ប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ-១៩, ការបង្កើតមូលនិធិសង្គ្រោះជាបណ្តោះអាសន្នដើម្បីជួយដល់ក្រុមជនងាយរងគ្រោះ រួមជាមួយការគាំទ្រដល់ការបន្តសាងសង់ព្រលានយន្តហោះអន្តរជាតិ ក្នុងខេត្តសៀមរាប និងខេត្តកណ្តាល អំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ រដ្ឋាភិបាលលោក ហ៊ុន សែន គួរតែត្រូវបានគេទទួលស្គាល់ចំពោះការខិតខំ និងការវិវត្តជាវិជ្ជមាននេះ បើទោះជារដ្ឋាភិបាលនេះធ្វើមិនបានល្អ ក្នុងចំណុចមួយចំនួនផ្សេងទៀតក៏ដោយចុះ។
ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ការឆ្លើយតបរបស់ រដ្ឋាភិបាលកម្ពុជាហាក់មានប្រសិទ្ធិភាព ប្រសិនបើយើងពិនិត្យចំនួនករណីឆ្លងសរុប។ ជាការពិតណាស់ គិតត្រឹមថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២០ ប្រទេសកម្ពុជា បានបញ្ជាក់ថាមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤១ ករណី ដែលភាគ ច្រើននៃករណីនេះជាករណីនាំចូល។ ក្នុងចំណោមករណីទាំងអស់ ១៣១ ករណីបានជាសះស្បើយ ហើយនៅសល់តែអ្នកជំងឺ ១០ នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មកដល់ពេលនេះ ថ្វីបើមានការសន្និដ្ឋានថាកម្ពុជាអាចនឹងមានការលាក់ករណី ឬមិនរាយការណ៍ករណីជំងឺ កូវីដ-១៩ ឱ្យបានត្រឹមត្រូវក្តី នៅក្នុងយុគសម័យហ្វេសប៊ុក និងការរីកសាយនៃព័ត៌មានក្លែងក្លាយ ការសន្និដ្ឋាននេះមើលទៅដូចជាមិនមានមូលដ្ឋានច្បាស់លាស់ឡើយ។ មកដល់ពេលនេះពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅ ឡើយ ឬយ៉ាងហោចណាស់ក៏គ្មានការបញ្ជាក់ជាផ្លូវការថាមានការស្លាប់ដែលជាប់ទាក់ទងនឹងជំងឺកូវីដ-១៩នោះដែរ។
ទោះបីជាមានការរាតត្បាត និងការផ្អាកដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមជាច្រើន ជាពិសេសក្នុងវិស័យកម្សាន្តជាបណ្តោះអាសន្នក៏ដោយ អ្វីៗគ្រប់យ៉ាងហាក់ដូចជានៅតែមាន ដំណើរការដូចធម្មតានៅក្នុងប្រទេសកម្ពុជា។ កម្មករនិយោជិតដែលក្រុមហ៊ុន របស់ខ្លួនកំពុងដំណើរការនៅតែបន្តធ្វើការ ទោះបីជាអ្នកខ្លះអាចទទួលបានប្រាក់ ខែជាដំណាក់កាលក៏ដោយ។ ចំណែករោងចក្រកាត់ដេរ ទោះបីជាមានរោងចក្រ ខ្លះបានផ្អាកប្រតិបត្តិការក៏ដោយ ក៏នៅតែមានរោងចក្រផ្សេងទៀតបន្តផ្តល់ ឱកាសការងារដល់កម្មករកម្មការិនីកាត់ដេរដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួន និងក្រុមគ្រួសារផងដែរ។
ការបិទសាលានិងសាកលវិទ្យាល័យទាំងរដ្ឋនិងឯកជន បានធ្វើឱ្យប៉ះពាល់ដល់ សិស្សនិងនិស្សិតរាប់លាននាក់ ដែលភាគច្រើនរស់នៅតាមតំបន់ជនបទ។ បើទោះបីជាសាលារៀននឹងត្រូវបិទទ្វាររហូតដល់ឆ្នាំសិក្សាក្រោយក្តី គំនិតផ្តួចផ្តើមផ្សេងៗដើម្បីគាំទ្រដល់ការរៀនសូត្ររបស់សិស្សត្រូវបានដាក់ឱ្យអនុវត្ត ដោយក្រសួងអប់រំ យុវជន និងកីឡា។ ជាឧទាហរណ៍ ក្រសួងអប់រំ យុវជន និង កីឡា បានផ្សព្វផ្សាយមេរៀនវីដេអូជាបន្តបន្ទាប់លើកញ្ចក់ទូរទស្សន៍ ហ្វេសប៊ុក និងវេបសាយផ្សេងៗ។ ការផ្តួចផ្តើមនេះក៏ជួយសម្រួលដល់សិស្សជាច្រើន ជាពិសេស សិស្សដែលនៅតាមខេត្តដែលជារឿយៗខ្វះខាតសេវាអ៊ីនធឺណិត និងឧបករណ៍ បច្ចេកវិទ្យាសមស្របផ្សេងៗដែរ។
ក្រៅពីសមិទ្ធផលល្អៗមួយចំនួនរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផ្សេង ទៀតក៏បានចាត់វិធានការលើកកម្ពស់ការអនុវត្តការងាររៀងៗខ្លួនផងដែរ។ ឧទាហរណ៍ដ៏ល្អមួយគឺការដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធអ៊ីនធឺណិតថ្មី ដែលអាចឱ្យវិនិយោគិន និងសហគ្រិនអាចចុះឈ្មោះ អាជីវកម្មរបស់ពួកគេ និងបំពេញដំណើរការចុះឈ្មោះទាំងមូលក្នុងរយៈពេលតិចជាង ១០ ថ្ងៃ។ នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាមួយដែលមានការចូលរួមពី ក្រសួង ចំនួន ៤ និងស្ថាប័នរដ្ឋ ចំនួន ២ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ រដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកាលពីខែឧសភា។ ច្បាប់នេះបាន បង្កើនការពិន័យ និងការដាក់ទណ្ឌកម្មចំពោះអ្នករំលោភចរាចរណ៍។ បើទោះបីជា វិធានការចរាចរណ៍តឹងរ៉ឹងនេះបានរងការរិះគន់និងការតវ៉ាខ្លះៗដោយសារតែវាត្រូវបានគេអនុវត្តក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ (ដែលមានន័យថា វានឹងដាក់បន្ទុកបន្ថែមទៀតដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩) វានឹងមានឥទ្ធិពលវិជ្ជមានរយៈពេលវែង ក្នុងការប្រែផ្លាស់អាកប្បកិរិយារបស់អ្នកប្រើប្រាស់ផ្លូវ និងការខិតខំរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយបទល្មើស និងគ្រោះ ថ្នាក់ចរាចរណ៍ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលកម្ពុជាកំពុងប្រឈមមុខ។
ទន្ទឹមនឹងនេះដែរ សាលារាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានអាកាស ថ្មើរជើងនៅរាជធានីភ្នំពេញក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយទៀត ដែលគួរទទួលបានការស្វាគមន៍គឺការកសាងបណ្តាញផ្លូវ ក្នុងខេត្តព្រះសីហនុ ក្នុងគោល បំណងធ្វើទំនើបកម្មខេត្ត និងធ្វើឱ្យខេត្តនេះក្លាយជាគោលដៅទេសចរណ៍លំដាប់ខ្ពស់។ ការស្ថាបនាបណ្តាញផ្លូវ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ពេលនេះ កំពុងដំណើរការហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នាពេលខាងមុខនេះ។
ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ ការវិវឌ្ឍជាវិជ្ជមានត្រូវបានគេ មើលឃើញបើទោះបីជាកម្ពុជាកំពុងប្រឈមមុខវិបត្ដិកូវីដ-១៩ក៏ដោយ។ ឧទាហរណ៍ គម្រោងវិនិយោគថ្មីចំនួន ៥ ដែលអាចបង្កើតការងារប្រហែល ២០០០ កន្លែងត្រូវបានអនុម័តកាលពីខែឧសភា។ វឌ្ឍនភាពនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូងក៏ត្រូវបានកើត ឡើងផងដែរ។ បើយោងតាមក្រសួងពាណិជ្ជកម្ម ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន រហូតមកដល់ពេលនេះ ទទួលបានជោគជ័យល្អ និងអាចបញ្ចប់នៅចុងឆ្នាំ ២០២០នេះ។ ការចរចាជាមួយប្រទេសកូរ៉េខាងត្បូងក៏មាន ការរីក ចម្រើនខ្លះដែរ។ លើសពីនេះទៅទៀត កម្ពុជាបានបង្កើតក្រុមការងារ ដើម្បី សម្របសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសក្តានុពលផ្សេងទៀត ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន សហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ឥណ្ឌា និងម៉ុងហ្គោលី។
ទាក់ទងនឹងការងារគោលនយោបាយការបរទេស ក្រោមទស្សនវិស័យគោលនយោបាយការបរទេសដែលមានលក្ខណៈយុទ្ធសាស្ត្រនិងបរិយាប័ន្ន ដែលមាន គោលបំណង «ធ្វើកំណែក្នុងស្រុក និងបង្កើនមិត្តភក្តិនៅបរទេស ផ្អែក លើស្មារតីឯករាជ្យ» ប្រទេសកម្ពុជាកំពុងធ្វើការកែលម្អ និងពង្រឹងទំនាក់ទំនង ជាមួយដៃគូទាំងអស់ ជាពិសេសជាមួយសហរដ្ឋអាមេរិក នៅពេលទំនាក់ទំនង ប្រទេសទាំងពីរហាក់បានឈានដល់កម្រិតទាបថ្មីមួយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងពេលបច្ចុប្បន្ននេះទំនាក់ទំនងទ្វេភាគីរវាកម្ពុជា-ចិន បានឈានដល់កម្រិតជិតស្និទ្ធជាទីបំផុតមួយ។
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនដែលជាអ្នកជំនាញប្រើយុទ្ធសាស្ត្រជើងចាស់ បានបង្ហាញថា កម្ពុជាគឺជា «មិត្តពិត» របស់ចិន។ និយាយម្យ៉ាងទៀត កម្ពុជាបានបង្ហាញការគាំទ្រចំពោះចិននៅ ពេលមានវិបត្តិ ពោលគឺចំពេលដែលចិនត្រូវការការគាំទ្រជាចាំបាច់បំផុតពីប្រទេសនានាជាមិត្ត ស្របពេលដែលគេជឿថា មេរោគនេះមានប្រភពចេញមន្ទីរពិសោធន៍មួយនៅទីក្រុងវ៉ូហាន ប្រទេសចិន។ ថ្មីៗនេះមានការអំពាវនាវឱ្យ មានការស៊ើបអង្កេតអន្តរជាតិ លើដើមកំណើតនៃវីរុសនេះ និងវិធីដែលប្រទេស ចិនបានដោះស្រាយបញ្ហានេះនៅពេលដែលវីរុសកូរ៉ូណា កើតឡើងជាលើក ដំបូង។ ទោះជាយ៉ាងណា ការអំពាវនាវបែបនេះត្រូវបានបដិសេធយ៉ាងដាច់អហង្ការពីសំណាក់ក្រុងប៉េកាំង។
ដោយឡែក ងាកទៅមើលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាវិញម្តង។ ទោះវាហាក់ដូចជាមានភាពតានតឹងក្នុងពេលថ្មីៗនេះក៏ដោយ ភាគីទាំងពីរកំពុងប្រឹងប្រែងស្តារនិងពង្រឹងចំណងមិត្តភាពទ្វេភាគីនេះឡើងវិញ។ ដូចឃើញស្រាប់ ស្ថានីយ៍វិទ្យុសំឡេងសហរដ្ឋអាមេរិក ដែល ឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការ ឡើងវិញបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុកជាច្រើន ត្រូវបានបញ្ជាឱ្យបញ្ឈប់ការ ផ្សាយព័ត៌មាន ពីវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីក្នុងឆ្នាំ ២០១៧។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន ផ្លាស់ប្តូរលិខិតគ្នាបង្ហាញពីចេតនានិងឆន្ទៈមួយក្នុងការស្តារ និងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី។ ទោះបីជាការបន្តចំណងមិត្តភាពល្អ ប្រសើរជាងមុននេះ នៅតែមិនទាន់មានភាពច្បាស់លាស់ក៏ដោយ ការវិវឌ្ឍន៍នាពេលថ្មីៗនេះ ហាក់បី ដូចជាបានបង្ហាញថា ភាពប្រសើរឡើងនៃទំនាក់ទំនងប្រទេសទាំងពីរដូចជា កំពុងតែកើតឡើង។
និយាយជារួម ទោះបីមានការអនុវត្តមិនបានល្អនៅផ្នែកខ្លះ និងមានការរិះគន់ពីសហគមន៍អន្តរជាតិ នៅពេលដែលគេយល់ថា ប្រទេសកម្ពុជាកំពុងឈានឆ្ពោះទៅរកការគ្រប់គ្រងបែបផ្តាច់ការក៏ដោយ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន គួរតែត្រូវបានសាទរចំពោះការអនុវត្ត និងលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ក្នុងពេលមានមេរោគរាតត្បាតកូវីដ-១៩ នេះ។
នៅខណ:ពេលប្រទេសកម្ពុជាមានចក្ខុវិស័យដែលមានមហិច្ឆតាខ្ពស់ ប៉ុន្តែជាចក្ខុវិស័យដែលប្រទេសនេះអាចសម្រេចបាន ដើម្បីផ្លាស់ប្តូរខ្លួនទៅជាសង្គមមួយប្រកបដោយភាពរីកចម្រើនជឿនលឿន បរិយាប័ន្ន និងចីរភាព ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជាដើម្បី សម្រេចបាននូវចក្ខុវិស័យនេះ ក៏ដូចជាគោលដៅរយៈពេលវែងដទៃទៀតគួរតែត្រូវបានទទួល ស្គាល់។
ដើម្បីជំរុញវឌ្ឍនភាព និងការឈានទៅមុខ វាជាការសំខាន់ណាស់ដែលយើង គួរតែកោតសរសើរនៅពេលដែលរដ្ឋាភិបាលធ្វើបានល្អ និងរិះគន់នៅពេលដែលរដ្ឋាភិបាលធ្វើមិនបានល្អ។ វាប្រហែលរឹតតែសំខាន់ជាងនេះទៅទៀត នៅពេលដែលយើងទទួលស្គាល់កំហុសខ្លួនឯង រៀនពីកំហុសទាំងនោះ ហើយចាប់ផ្តើមផ្លាស់ប្តូរ កែលម្អ និង កែប្រែខ្លួនឱ្យមានលក្ខណៈល្អប្រសើរជាងមុន។ ដំណើរការផ្លាស់ប្តូរមួយនេះ អាចអនុវត្តបានទាំងចំពោះប្រជាជនកម្ពុជាម្នាក់ៗក៏ដូចជារដ្ឋាភិបាលកម្ពុជាទាំងមូលផងដែរ៕
លោកហេង គីមគង់ ជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ ឃ្វីនលែន ក្នុង ប្រទេសអូស្ត្រាលី និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសំរាប់ សហប្រតិបត្តិការនិងសន្តិភាព។ លោកគឺជាអ្នកទទួលបានអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី។ អត្ថបទវិភាគរបស់លោកត្រូវបានបោះពុម្ពផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិជាច្រើន។
ទស្សនៈក្នុងអត្ថបទវិភាគនេះ ឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធប៉ុណ្ណោះ។