ជាតិ
លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ពីថ្ងៃទី២-៦សីហា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
× ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ចាប់ពីថ្ងៃទី ២-៦ សីហា តាមប្រព័ន្ធវីដេអូ។ ការចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្រ្តីការបរទេសទី២ របស់ព្រុយណេ។
នៅសប្ដាហ៍ក្រោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំទាំងនេះ ផ្ដោតការយកចិត្តទុកដាក់លើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន។
ជាមួយគ្នានេះ កិច្ចប្រជុំខាងលើ ក៏ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញ ក្រោយជំងឺកូវីដ-១៩ និងលើកកម្ពស់ទំនាក់ទំនងខាងក្រៅ ដោយពង្រឹងបន្ថែមនូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំ ក៏នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួមគ្នាផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ លោក ប្រាក់ សុខុន នឹងមានជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស។ បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចូលរួមកិច្ចប្រជុំគណៈកម្មតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៣។
សេចក្ដីប្រកាសព័ត៌មានដដែល បន្តថា លោក ប្រាក់ សុខុន ក៏នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៩, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូឡអាស៊ី-បូព៌ា លើកទី១១, កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន៕
Tag:
ប្រាក់ សុខុន
អាស៊ាន
ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com