ជាតិ
ទិវាឧទ្យានុរក្សពិភពលោក​៖ ក្រសួងបរិស្ថានរំឭកគុណមន្ត្រីឧទ្យានុរក្ស​ ​​ក្នុង​កិច្ចការ​ពារ​ធន​ ​ធា​ន​​​​ធម្មជាតិ
31, Jul 2021 , 7:29 pm        
រូបភាព
រូបភាពពីទំព័រហ្វសប៊ុកលោក នេត្រ ភក្ត្រា
រូបភាពពីទំព័រហ្វសប៊ុកលោក នេត្រ ភក្ត្រា
ដោយ:
ថ្ងៃទី៣១កក្កដា ទិវាឧទ្យានុរក្សពិភពលោក។ កម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះ តាំងពីឆ្នាំ២០១៥មក។ នៅក្នុងឱកាស​នេះ ក្រសួងបរិស្ថាន បានរំឭកការលះបង់របស់មន្ត្រីឧទ្យានុរក្សទាំង១.២០០នាក់របស់កម្ពុជា ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥ ដែលមានទំហំប្រមាណ៧.៣លានហិក​តា ​នៅទូទាំងប្រទេស។


 
​សម្រាប់ក្រសួងបរិស្ថាន ទោះបី​ការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ។  
 
ក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមតំបន់ធម្មជាតិនានា ដែលលោកអ្នកបានទស្សនាកម្សាន្ត ​ក៏កើតចេញពីការរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងអប់រំ ផ្សព្វផ្សាយចុះល្បាត ​អនុវត្តន៍ច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមិនខ្លាចនឿយហត់ ទាំងយប់ទាំងថ្ងៃ។ លើសពីនេះ មន្ត្រីឧទ្យានុរក្ស ក៏បានចូលរួមក្នុងការសិក្សា ចងក្រងទិន្នន័យ អំពីជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ ជាមួយមន្ត្រីជំនាញពីសត្វព្រៃផងដែរ។


 រូបភាពពីលោក នេត្រ ភក្រ្តា
 
ក្រសួងបរិស្ថាន ក៏​មានមោទកភាពលើមន្ត្រីឧទ្យានុរក្សទាំង១.២០០នាក់ ក្នុងនោះមាននារី៤២នាក់ ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ ​សម្រាប់មនុស្សរាប់ជំនាន់ទៀត។ «កម្ពុជា មានមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិត ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ»។ នេះជាការបន្ថែមរបស់ក្រសួងបរិស្ថាន ដែលបន្តទៀតថា ​ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ មានមន្ត្រីឧទ្យានុរក្ស ២រូប បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ​ក្នុងអំឡុងបំពេញបេសកកម្ម។
 
ទោះជាយ៉ាងនេះក្តី ក្រសួងបរិស្ថានគូសបញ្ជាក់​ថា មន្ត្រីឧទ្យានុរក្ស ​នៅតែ​បន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជា​សម្រាប់អ្នកជំនាន់ក្រោយ​។
សូមរំឭកថា រយៈពេល៦ខែ ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបាន​​បង្ក្រាបបទល្មើសធនធានធម្មជាតិ​ចំនួន ៤,២៣៨ករណី ដោយរឹបអូសរណាយន្តបានចំនួន២,៤៦២គ្រឿង ដកហូតរថយន្តចំនួន១៨២គ្រឿង, គោយន្តចំនួន៣០៨គ្រឿង, ម៉ូតូចំនួន៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង និងឈើចំនួន១.២៦០ម៉ែត្រគូប។ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ក៏ដោះចេញនូវអន្ទាក់ដាក់សត្វចំនួន ២៥.៥៩៦អន្ទាក់ និងដកហូតកាំភ្លើងកែច្នៃ​ ៣៤៨ដើម ក៏​ពីជនល្មើសដែរ៕
 
 
 

Tag:
 ទិវាឧទ្យានុរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com