ជាតិ
ផ្កា«បំពង់ក្រឡោម» នៅតាមឧទ្យានជាតិ កំពុងរងការគំរាមកំហែង ព្រោះវត្តមានទេសចរ
×
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ផ្កាបំពង់ក្រឡោម (CITES) ដែលដុះនៅឧទ្យានជាតិព្រះមុនីវង្ស ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ ខ្នងផ្សារ និងតំបន់ទេសភាពមួយចំនួននៅកម្ពុជាកំពុងរងការគំរាមកំហែង ព្រោះតែវត្តមានរបស់ភ្ញៀវទេសចរ។ បើតាមក្រសួងបរិស្ថានទេសចរមួយចំនួន បានបេះផ្កា ដើម្បីថតរូប ជាហេតុធ្វើឱ្យផ្ការងនូវការផុតពូជ។
ផ្កាបំពង់ក្រឡោម, បំពង់ស្រមោចឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcherplants (Nepenthes) គឺជាពួករុក្ខជាតិស៊ីសាច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានឱ្យសារព័ត៌មានថ្មីៗដឹងថា ផ្កាបំពង់ក្រឡោមនេះ មានចំនួន១២៩ប្រភេទ ក្នុងនោះ៥ប្រភេទមានដុះលូតលាស់នៅផ្នែកមួយចំនួននៅកម្ពុជាដូចជាប្រភេទ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិលវាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។
បើតាមក្រសួងបរិស្ថាន ប្រភេទ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជាដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។ ដោយឡែក ប្រភេទ Nepenthes kampotianaLecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុសនិងនៅតាមតំបន់ជួរភ្នំក្រវាញ។ ចំពោះប្រភេទ Nepenthes mirabilis (Loureiro)Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុនិងចុងក្រោយប្រភេទ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពតនិងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះ៖«រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (AppendixII) នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ»។
បច្ចុប្បន្នភាពទាក់ទាញរបស់ផ្កាបំពង់ក្រឡោម បានទាក់ចិត្តភ្ញៀវទេសចរបែបធម្មជាតិមួយចំនួនធំឱ្យទៅទស្សនានិងថតរូប។ ប៉ុន្តែដោយភាពស្រស់ស្អាតទាក់ទាញរបស់វា ផ្កាប្រភេទនេះកំពុងរងគំរាមកំហែងពីទេសចរមួយចំនួនទៅវិញ ដោយពួកគេមិនបានគោរព វិធានអនាម័យបរិស្ថាន ហើយពេលខ្លះអ្នកទេសចរបានបេះផ្កាដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ។ សម្រាប់លោក លោក នេត្រ ភក្រ្តា ការធ្វើដូច្នេះ ជាហេតុអាចបណ្ដាលឱ្យផ្ការងនូវការផុតពូជ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តទៅតាមឧទ្យានជាតិ និងតំបន់ទេសចរធម្មជាតិទាំងអស់ ត្រូវចេះស្រលាញ់ធម្មជាតិ ចូលរួមអភិរក្សធម្មជាតិ និងជីវចម្រុះ ដើម្បីរក្សាឱ្យបាននូវនិរន្តរភាពក្នុងវិស័យទេសចរណ៍៕
រូបភាពដោយ ក្រសួងបរិស្ថាន៖
Tag:
រុក្ខជាតិ
ផ្កាបំពង់ក្រឡោម
បរិស្ថាន
នេត្រ ភក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com