COVID-19
អន្តរជាតិ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចប្តូរទម្រង់ទៅជាម្សៅ​សម្រាប់ហឺត
31, Jul 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានផ្តល់តាមរយៈការចាក់តែប៉ុណ្តោះ ប៉ុន្តែនៅពេលអនាគត គេអាចប្រើប្រាស់វ៉ាក់សាំងមានទម្រង់ជាម្សៅស្ងួតដែលអាចហឺត​ចូលតាមខ្យល់ដង្ហើម ឬប្រើប្រាស់ប្រភេទថ្នាំគ្រាប់។ នេះបើតាមការផ្សាយរបស់ទំព័រសុខភាពទូរទស្សន៍ BBC នៅថ្ងៃទី២៦ ខែកក្កដាកន្លងទៅ។

 
មន្ទីរពិសោធន៍ឧទ្យានវិទ្យាសាស្ត្រធំជាងគេនៅភាគខាងត្បូងស៊ុយអែត បាន​បង្កើត​ឧបករណ៍ម៉្យាង ផ្ទុកម្សៅវ៉ាក់សាំងដែលអាចប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ បានដូចវ៉ាក់សាំងចាក់ដែរ។ វាគឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានទម្រង់ជាម្សៅ ដែលអាចឱ្យមនុស្សប្រើប្រាស់បាន​ដោយខ្លួនឯងនៅតាមផ្ទះ។ 
 
«វាមានតម្លៃថោក និងងាយស្រួលផលិត។ អ្នកគ្រាន់តែបកប្លាស្ទិកតូចចេញ នោះម្សៅ​វ៉ាក់សាំង​នឹងប្រតិកម្ម ហើយអ្នកត្រូវដាក់ចូល​ក្នុងមាត់ និងដកដង្ហើមចូលឱ្យវែងជាការ​ស្រេច»។ នាយកប្រតិបត្តិក្រុមហ៊ុន Iconovo លោក Johan Waborg បានលើកឡើង​បែបនេះ។ Iconovo គឺជាក្រុមហ៊ុនផលិតថ្នាំសម្រាប់អ្នកជំងឺហឺត ហើយថ្មីៗនេះ ក៏បាន​អភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងទម្រង់ជាម្សៅស្ងួតផងដែរ។
 
វ៉ាក់សាំងប្រភេទជាម្សៅស្ងួតនេះ គឺងាយស្រួលរក្សាទុកជាងវ៉ាក់សាំងរាវ។ ពោលគឺអាចរក្សាទុកក្នុង​សីតុណ្ហភាពដល់ទៅ​៤០អង្សា ហើយវាថែមទាំងមិនចាំបាច់ឱ្យគ្រូពេទ្យជាអ្នកផ្តល់ឱ្យដូច​វ៉ាក់សាំងធម្មតាទៀត។ ដូច្នេះ វ៉ាក់សាំងប្រភេទម្សៅ អាចចូលរួមចំណែកពន្លឿន​កម្មវិធីផ្តល់​វ៉ាក់សាំងទៅប្រជាជន ព្រមទាំងប្រើថ្លៃចំណាយតិចទៀតផង។
 
វាពិតជាមានសារសំខាន់ណាស់ ក្នុងការពន្លឿនការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសនៅទ្វីបអាហ្រ្វិក​ដែលបច្ចុប្បន្នមិនសូវមានវ៉ាក់សាំងគ្រប់គ្រាន់, មានអាកាសធាតុក្តៅ និងការផ្គត់ផ្គង់អគ្គិសនី​មានកំណត់។ នេះ ជាបញ្ហាប្រឈមខ្លាំង ចំពោះការរក្សាទុកវ៉ាក់សាំងឱ្យមានប្រសិទ្ធ​ភាព។​ វ៉ាក់សាំងមានទម្រង់ជាម្សៅអាចជួយសម្រួលដល់អ្នកខ្លាចម្ជុល និងបានចូលរួម​ជួយដល់​បរិស្ថាន​យ៉ាង​ច្រើន តាមរយៈកាត់បន្ថយសឺរ៉ាំងប្លាស្ទិក។ 
 
ទោះយ៉ាងណា ម្សៅវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវការការពិសោធន៍ច្រើនដំណាក់​កាលបន្ថែមទៀត មុនពេលសាកល្បងលើប្រសិទ្ធភាព និងដាក់ឱ្យប្រើប្រាស់​ ថាតើវាអាចការពារ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បានដូចវ៉ាក់សាំងទម្រង់រាវផ្សេងៗ ដែលអនុម័តឱ្យប្រើប្រាស់បន្ទាន់ដោយ​អង្គការសុខភាពពិភពលោកដែរឬយ៉ាងណា៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com