ដោយ៖ រីម សុខវី លិខិតមិត្តអ្នកអាន
ពិភពលោកកំពុងតែងាកចេញពីឯកប៉ូលនិយម ទៅកាន់ពហុប៉ូលនិយម ដោយមានការងើបឡើងនូវមហាអំណាចសេដ្ឋកិច្ចជាច្រើននៅអាស៊ីដូចជា ចិន ឥណ្ឌា និង ជប៉ុន ខណៈពេលដែលអនុត្តរភាពផ្នែក សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងធ្លាក់ចុះ។
កត្តានេះវាជាផ្នែកមួយដែលជំរុញឲ្យមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចជាពិសេសរវាង សហរដ្ឋអាមេរិក និងចិន។ នៅក្នុងន័យនេះ កម្ពុជាដែលជាប្រទេសតូច មិនអាចព្រងើយកន្តើយ ធ្វើមិនដឹងមិនលឺអំពីឥទ្ធិពលនៃការប្រកួតប្រជែងមហាអំណាចទាំងពីរបានឡើយ ដ្បិតថា វាក៏ជះឥទ្ធិពលយ៉ាងខ្លាំងមកលើកម្ពុជាខ្លាំងដែរ។
ជាក់ស្តែង បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ផ្ទុះឡើងក្នុងឆ្នាំ ២០១៨ មក ក្រុមហ៊ុនចិនប្រមាណជា ៥៩ ក្រុមហ៊ុន (គិតត្រឹមខែមិថុនា ឆ្នាំ ២០២១) ត្រូវបានអាមេរិកដាក់ចូលទៅក្នុងបញ្ចីខ្មៅ ក្នុងនោះក៏មានទាំងក្រុមហ៊ុន Union Development Group Co., Ltd, (UDG) ដែលបានវិនិយោគលើការសាងសង់រីសត (resort) ព្រលានយន្តហោះ និងកំពង់ផែនៅក្នុងខេត្តកោះកុងផងដែរ។
សហដ្ឋអាមេរិកបានចោទប្រកាន់ថាក្រុមហ៊ុនទាំងនេះបានបម្រើមហិតានយោបាយរបស់ទីក្រុងប៉េកាំងដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ រឿងស្រដៀងគ្នានេះអាចនឹងបន្តកើតមានឡើងទៀត ប្រសិនបើ អាមេរិកនិងចិននៅតែបន្តមើលមុខគ្នាមិនចំ ហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ពីព្រោះគម្រោងវិនិយោគនៅកម្ពុជាភាគច្រើនជារបស់ក្រុមហ៊ុនចិន។ ឧទាហរណ៍ ក្នុងខេត្តព្រះសីហនុមួយ គម្រោងវិនិយោគរបស់ចិនមានរហូតដល់ទៅ ៧១ ហើយគម្រោងនេះមានទំហំទឹកប្រាក់ US $១៧ (US $17 billion) ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២១។
ក្នុងន័យនេះ ការទូតសេដ្ឋកិច្ចមានតួនាទីកាន់តែសំខាន់សម្រាប់កម្ពុជាក្នុងការការពារខ្លួន និងធានាភាពបត់បែនខ្ពស់ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាចផង។
តាមពិតទៅ ការទូតសេដ្ឋកិច្ច គឺសំដៅទៅលើការដាក់បញ្ចូលយន្តការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងគោលនយោបាយការបរទេស តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រការទូតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ។
ការទូតសេដ្ឋកិច្ចមិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ វាត្រូវបានអនុវត្តតាំងតែពីឆ្នាំ ១៩៩៩ មកម៉្លេះ នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន ក្នុងគោលបំណងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនៅក្នុងតំបន់ ហើយនៅឆ្នាំ ២០០៤ កម្ពុជាក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ តែទោះបីជាយ៉ាងនេះក្តី ការដាក់ចេញឲ្យអនុវត្តនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចដោយក្រសួងការបរទេសនៅថ្ងៃទី ១៨ មិនា ឆ្នាំ ២០២១ សម្រាប់ ឆ្នាំ ២០២១-២០២៣ គឺមានគោលដៅដើម្បីធ្វើឲ្យមានភាពបត់បែនផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសដើម្បីបញ្ចៀសនូវហានិភ័យដែលកើតចេញពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន។ កម្ពុជាគឺជាប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធខ្លាំងជាមួយប្រទេសទាំងពីរ។ ជាក់ស្តែង អាមេរិកជាទីផ្សារធំទីមួយរបស់កម្ពុជា ដែលកម្ពុជាបាននាំទំនិញទៅទីផ្សារសហរដ្ឋអាមេរិក រហូតដល់ ៦,៥៧៧ ពាន់លានដុល្លារអាមេរិក (US $6.577 billion) នៅឆ្នាំ ២០២០ ខណៈពេលដែលចិនជាប្រភពវិនិយោគដ៏សំខាន់របស់កម្ពុជា។ ទំហំនៃការវិនិយោគទុនរបស់ចិនមានរហូតដល់ $៣,៦ ពាន់លានដូល្លារអាមេរិក (US $3.6 billion) នៅឆ្នាំ ២០១៩ ដែលស្មើរនឹង ៤៣% នៃវិនិយោគទុនបរទេសសរុបនៅកម្ពុជា។ នៅក្នុងបរិបទនេះ កម្ពុជាពិតជាពិបាករើបម្រះចេញពីឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរណាស់ ដោយសារតែ សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើការវិនិយោគចិន និងទីផ្សារ អាមេរិក ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសដើម្បីឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចមធ្យម ៧% ជារៀងរាល់ឆ្នាំ។
នៅក្នុងន័យនេះ ដើម្បីសម្របខ្លួននិងគេចចេញពីផលប៉ះពាល់ជាអតិបរមានៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរ ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចគឺមានគោលដៅដើម្បីពង្រីកដៃគូរសហប្រតិបត្តិការណ៍ខាងផ្នែកពាណិជ្ជកម្មរបស់កម្ពុជាជាមួយអង្គការ និងប្រទេស នៅក្នុងតំបន់និងទូទាំងពិភពលោក។ ជាក់ស្តែង កម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន នៅឆ្នាំ២០២០ ដែលគេរំពឹងថា អាចជួយបង្កើនការនាំចេញកម្ពុជាទៅចិនរហូតដល់ ២៥%។ ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏បានកំពុងចរចាលើកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយកូរ៉េខាងត្បូង និងកំពុងការចរចាបន្ថែមទៀតក្នុងភាពជាដៃគូរពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ដែលកិច្ចពិភាក្សានេះនឹងសង្ឃឹមថាអាចទទួលជោគជ័យនៅក្នុងឆ្នាំ ២០២១ និង ២០២២ នេះ។ ជាងនេះទៅទៀត ចក្រភពអង់គ្លេសក៏បានសន្យាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (Generalized System of Preference) ដល់កម្ពុជា ដែលអាចនឹងចូលជាធរមាននៅឆ្នាំ ២០២១ នោះ។
ថ្មីៗនេះ កម្ពុជា និងអូស្រ្តាលីក៏កំពុងតែពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាងពីរតាមរយអង្គការក្នុងតំបន់ នៅក្នុងគំនិតផ្តូចផ្តើម ការជោគជ័យនៅក្នុងការផ្សាភ្ជាប់ភាពជាដៃគូរសេដ្ឋកិច្ចជាមួយប្រទេសទាំងនោះ មិនត្រឹមតែអាចជួយកម្ពុជាឲ្យនាំទំនិញទៅក្រៅប្រទេសបានច្រើន និងទទួលបានការវិនិយោគបន្ថែមនោះទេ តែវាក៏ជួយកម្ពុជាឲ្យលែងពឹងផ្អែកខ្លាំងពេកទៅលើកាវិនិយោគរបស់ចិន និងទីផ្សាអាមេរិកតែម្យ៉ាង។
ការពង្រីកភាពជាដៃគូរពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងឆាកអន្តរជាតិបន្ថែមទៀត វាក៏អាចផ្តល់នូវកាលានុវត្តភាពដល់កម្ពុជា ដែលធ្វើឲ្យកម្ពុជាអាចនឹងប៉ះពាល់តិច នៅពេលដែលពួកមហាអំណាចប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៏ក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់ខ្លួន។
ជាសក្ខីភាព សហភាពអឺរ៉ុបធ្លាប់បានប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដែលវាបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ជាក់ស្តែងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០% របស់សហភាពអឺរ៉ុបចេញពីកម្ពុជា ទោះបីជាមិនមានការសិក្សាស្រាវជ្រាវណាមួយពីផលប៉ះពាល់បន្ទាប់ពីព្យួរប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ ក៏ត្រូវបានគេប៉ាន់ស្មានថា វាបានធ្វើឲ្យប៉ះពាល់ដល់កម្មកររោចក្រកម្ពុជាប្រមាណជិតមួយលាននាក់ ហើយកេរ្តិ៍ឈ្មោះរបស់កម្ពុជាក៏ត្រូវរងទទួលផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ដូច្នេះ ការអនុវត្តនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច អាចជួយអោយមានភាពបត់បែន និងប៉ះពាល់តិចក្នុងរយៈពេលខ្លី នៅពេលណាដែលមានការប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៍នយោបាយ ដោយមហាអំណាចណាមួយមកលើកម្ពុជា។
នៅក្នុងពេលបច្ចុប្បន្ន ក្នុងខណៈពេលដែលមានការប្រកួតប្រជែងគ្នាខ្លាំងរវាងអាមេរិកនិងចិន កម្ពុជាត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចមួយរបស់ចិននៅអាស៊ីអាគ្នេយ៍ ដែលនេះកម្ពុជាអាចនឹងក្លាយជាមុខព្រួញសម្រាប់អាមេរិកក្នុងការដាក់សម្ពាធបន្ថែមទៀត។ ថ្មីៗនេះបន្ទាប់ពីមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថ្នាក់ដឹកនាំកម្ពុជាមួយចំនួនរួចមក អាមេរិកបានផ្តាច់ជំនួយដល់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងការពារព្រៃឡង់ និងផ្តាច់និស្សិតអាហារូបករណ៍កម្ពុជាដែលសិក្សាផ្នែកយោធានៅអាមេរិក។ ការពឹងផ្អែកទៅលើការទីផ្សារអាមេរិកខ្លាំងពេក ក៏អាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាងាយទទួលរងសម្ពាធពីប្រទេសមហាអំណាចមួយនេះផងដែរ នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតនៅក្នុងភាពរកាំរកូស។ ដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច អាចនឹងជួយឲ្យកម្ពុជាប៉ះពាល់តិច នៅពេលដែលសហរដ្ឋអាមេរិកយកបញ្ហាសេដ្ឋកិច្ចមកដាក់សម្ពាធលើកម្ពុជា ជាពិសេសការដកហូតឫក៏ព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន (GSP)។
ជារួម ការទូតសេដ្ឋកិច្ចគឺជាគោលនយោបាយការបរទេសដ៏សំខាន់របស់កម្ពុជា ដែលអាចជួយកម្ពុជាឲ្យមានភាពបត់បែនខ្ពស់ក្នុងការការគេចចេញពីផលប៉ះពាល់នៅក្នុងការប្រកួតប្រជែងមហាអំណាចរវាងអាមេរិក និងចិន តាមរយៈការកសាងដៃគូរពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាមួយប្រទេសក្នុង និងក្រៅតំបន់។ ការទូតសេដ្ឋកិច្ចមិនត្រឹមតែផ្តល់ប្រយោជន៍ឲ្យកម្ពុជាផ្នែកយុទ្ធសាស្ត្រនោះទេ តែវាក៏ផ្តល់ឲ្យកម្ពុជានូវកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចមួយផ្នែកធំផងដែរ៕
ដោយ៖ លោក រីម សុខវី សហស្ថាបនិក The Thinker Cambodia