ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ប្រាប់ក្រុមហ៊ុនជប៉ុនឲ្យមើលសក្តានុពលខេត្តសៀមរាប និងកំពង់ធំសម្រាប់គម្រោង «ខ្សែក្រវាត់បៃតង» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី
× ក្រុមហ៊ុនជប៉ុន «យ៉ាម៉ាតុ ហ្គ្រីន ខូអ៊ិលធីឌី» មានបំណងអភិវឌ្ឍគម្រោង «ខ្សែក្រវាត់បៃតង» នៅកម្ពុជា សំដៅប្រែក្លាយផលិតផលកសិកម្មរបស់កម្ពុជា ទៅជា «កសិ-ទេសចរណ៍»។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រពេញទំហឹងចំពោះគម្រោងនេះ និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុននេះ សំឡឹងមើលសក្តានុពលសម្រាប់ការអភិវឌ្ឍន៍គម្រោងនេះ នៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាបមុនគេ។
ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៊ិលធីឌី (Yamato Green Co.,Ltd) បានបង្ហាញពីគម្រោងអភិវឌ្ឍន៍«ខ្សែក្រវាត់បៃតង (Green Belt) ដែលពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍន៍កសិ-ទេសចរណ៍ សង្គម និងផ្នែកសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូជប៉ុនដែលដឹកនាំដោយលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
រូបភាពកិច្ចជំនួនរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនយ៉ាម៉ាតុ ហ្គ្រីន ខូអ៊ិលធីឌី នៅទីស្ដីការក្រសួងទេសចរណ៍ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៊ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី បាលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ចនេះ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ លើសពីនេះ ភ្ញៀវទេសចរ ក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។
តាមលោក កាត់ស៊ូហ៊ីតុ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន កំពុងទទួលជោគជ័យ និងល្បីល្បាញណាស់ដែរ ក្នុងការអភិវឌ្ឍកសិទេសចរណ៍ និងអេកូទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ហេតុនេះហើយទើបជំរុញឱ្យក្រុមហ៊ុន មានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតង នៅកម្ពុជាបន្ថែមទៀត។
លោក ថោង ខុន បានបង្ហាញបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុននេះ ចាប់ផ្តើមការវិនិយោគលើគម្រោងក្រវាត់បៃតងនេះដោយផ្តើមពីខេត្តសៀមរាប និងខេត្តកំពង់ធំ ផងដែរ។ លោក ថោង ខុន មានប្រសាសន៍ដូច្នេះ៖«ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺពិតជាអំណោយផលច្រើនបំផុត សម្រាប់ការវិនិយោគលើវិស័យកសិទេសចរណ៍ និងទេសចរណ៍ជនបទ ពិសេសការកសាងខ្សែក្រវាត់បៃតង»។
ភាគីទាំង២ ក៏បានឯកភាពគ្នាថា នឹងរៀបចំឱ្យអនុស្សរណៈនៃការយោគយល់គ្នាមួយ ក៏ដូចជារៀបចំឱ្យមានក្រុមការងាររួមមួយ ដើម្បីឱ្យកិច្ចសហការនេះ ប្រព្រឹត្តទៅរលូន ជោគជ័យ និងនាំផលចំណេញ ដល់ប្រជាជនកម្ពុជាផង និងដល់ក្រុមហ៊ុនវិនិយោគផង៕
លោក ណាបិស្ស៊ីម៉ា កាត់ស៊ូហ៊ីតុ តំណាងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី
© រក្សាសិទ្ធិដោយ thmeythmey.com