ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជំរុញ​វិនិយោគិន​ពី​ខេត្ត​សាន​តុង មក​បោះទុន​លើ​ផ្នែក​កសិកម្ម ដើម្បី​នាំចេញ​ទៅ​ចិន​
24, Sep 2020 , 3:30 pm        
រូបភាព
លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម (​កណ្តាល​) ចូលរួម​កិច្ចប្រជុំ​ស្តីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN រវាង​លោក Li Ganjie អភិបាលខេត្ត​សាន​តុង ប្រទេស​ចិន ជាមួយ​តំណាង​ប្រទេស​អាស៊ាន​ប្រចាំឆ្នាំ​២០២០ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​២២​កញ្ញា  តាមរយៈ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​។ រូបថត​៖ ក្រសួងពាណិជ្ជកម្ម​
លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម (​កណ្តាល​) ចូលរួម​កិច្ចប្រជុំ​ស្តីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN រវាង​លោក Li Ganjie អភិបាលខេត្ត​សាន​តុង ប្រទេស​ចិន ជាមួយ​តំណាង​ប្រទេស​អាស៊ាន​ប្រចាំឆ្នាំ​២០២០ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​២២​កញ្ញា តាមរយៈ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​។ រូបថត​៖ ក្រសួងពាណិជ្ជកម្ម​
​ភ្នំពេញ​៖ កម្ពុជា ជំរុញ​វិនិយោគិន​ពី​ខេត្ត​សាន​តុង មក​បោះទុន​លើ​ផ្នែក​កសិកម្ម ដើម្បី​នាំចេញ​ទៅ​ចិន​។​សាន​តុង ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយ​របស់​ចិន​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងពាណិជ្ជកម្ម​។​


​កម្ពុជា​បាន​សម្លឹង​ឃើញ​ផលប្រយោជន៍​សេដ្ឋកិច្ច​បន្ថែមទៀត​ពី​ចិន តាមរយៈ​ខេត្ត​សាន​តុង​ដែលមាន​សក្តានុពល​លើ​វិស័យ​គ្រឿងចក្រ សម្រាប់​យកមកប្រើ​ប្រាស់​នៅក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា​។​
 
​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែលជា​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង លោក Li Ganjie អភិបាលខេត្ត​សាន​តុង​នៃ​ប្រទេស​ចិន ជាមួយ​តំណាង​ប្រទេស​អាស៊ាន​ប្រចាំឆ្នាំ​២០២០  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា​ពិតជា​ត្រូវការ​អ្នកវិនិយោគ​ពី​ខេត្ត​សាន​តុង​របស់​ចិន ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដូចជា ការវិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​សម្រេច ការថែរក្សា​កសិផល​ឱ្យមាន​គុណភាព និង​ការ​វេច​ខ្ចប់​...​ជាដើម សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​
 
​កាល​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឈរ​នៅ​លំដាប់ថ្នាក់​ខ្ពស់បំផុត ដោយបាន​ការកើនឡើង​រហូតដល់ ៨,៥៦​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ចិន​នាំ​ចេញមក​កម្ពុ​ជាមាន ៧,៥៦​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចូលទៅ​ចិន ១ ពាន់​លាន​ដុល្លារ​។ ដោយឡែក​ការនាំចេញ​-​ចូល​រវាង​កម្ពុជា និង​ខេត្ត​សាន​តុង​វិញ គឺ​កម្ពុជា​នាំ​ចេញទៅ​ខេត្ត​សាន​តុង ៣៤​លាន​ដុល្លារ និង​នាំចូល​ពី​ខេត្ត​សាន​តុង​មកវិញ ៤១៤ លាន​ដុល្លារ ។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​។ 
 
​កម្ពុជា​-​ចិន បាន​ប្តេជ្ញា​រួមគ្នា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​ឡើងដល់​១០​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​សម្រេច​ឱ្យបាន​នៅត្រឹម​ឆ្នាំ​២០២៣ ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ នឹងត្រូវ​ចុះហត្ថលេខា នាពេល​ឆាប់ៗ​ខាងមុខនេះ​៕ 
 
 

Tag:
 ពាណិជ្ជកម្ម​
  កសិកម្ម​
  លោក ស៊ា​ង ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com