ថាតើការបាត់បង់ម៉ាសនៃសាច់ដុំ ឬបញ្ហាសាច់ដុំចុះខ្សោយអាចបណ្ដាលមកពីមូលហេតុអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតមួយចំនួននៃបញ្ហាបាត់បង់ម៉ាសសាច់ដុំ ៖
១. ការធ្វើលំហាត់ប្រាណច្រើនពេក
ជាធម្មតាការធ្វើលំហាត់ប្រាណមានឥទ្ធិពលលើសាច់ដុំ។ ដូច្នេះប្រសិនបើអ្នកធ្វើលំហាត់ប្រាណហួសកម្រិតពេកនោះបញ្ហាសាច់ដុំផ្សេងៗនឹងកើតមានឡើងពិសេសប្រសិនបើអ្នកមិនបានទទួលទានកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនគ្រប់គ្រាន់ថែមទៀត! ការធ្វើលំហាត់ប្រាណសម្រាប់រយៈពេលពី ៦០ ទៅ ៩០ នាទីរាល់ពេលអាចបង្កើនហានិភ័យនៃបញ្ហាបាត់បង់ម៉ាសនៃសាច់ដុំ។ នៅពេលបញ្ហានេះកើតឡើងសាច់ដុំមិនត្រឹមតែចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការដុតរំលាយអាហារក្នុងរាងកាយផងដែរ។
២. កម្រិតនៃជាតិប៉ូតាស្យូម ឬសូដ្យូមទាបពេក
ទាំងប៉ូតាស្យូមនិងសូដ្យូមសុទ្ធតែជាអេឡិចត្រូលីត្រដែលចាំបាច់សម្រាប់ដំណើរការមុខងារសាច់ដុំ។ អ្នកអាចបាត់បង់អេឡិចត្រូលីត្រទាំងពីរនេះបានយ៉ាងងាយតាមរយៈការបែកញើស។ នៅពេលកម្រិតជាតិប៉ូតាស្យូមនិងសូដ្យូមធ្លាក់ចុះទាបនោះសាច់ដុំប្រាកដជាខ្សោយខុសធម្មតា។
៣. កង្វះអាហារូបត្ថម្ភ
រាងកាយត្រូវការកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីបង្កើនម៉ាសនៃសាច់ដុំនិងរក្សាសុខភាពសាច់ដុំល្អប្រសើរ។ នេះហើយជាមូលហេតុដែលការទទួលទានអាហារគ្មានតុល្យភាពអាចបណ្ដាលឱ្យបញ្ហាបាត់បង់ម៉ាសនៃសាច់ដុំងាយនឹងកើតឡើង។
៤. ជាតិស្ករក្នុងឈាមចុះទាប
ជាតិស្ករក្នុងឈាមចុះទាបក៏អាចបង្កបញ្ហាសាច់ដុំចុះខ្សោយគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះច្រើនកើតឡើងជាទូទៅចំពោះអ្នកជំងឺទឹកនោមផ្អែមដែលអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាអ្នកដែលមិនមានជំងឺទឹកនោមផ្អែមក៏អាចជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមចុះទាបផងដែរ។
៥. កត្តាអាយុ
វ័យកាន់តែចាស់ក៏ជាមូលហេតុនៃបញ្ហាបាត់បង់ម៉ាសសាច់ដុំផងដែរ។ វ័យកាន់តែជ្រេសាច់ដុំក៏ត្រូវបានជំនួសដោយខ្លាញ់ ពិសេសចំពោះមនុស្សវ័យចំណាស់ដែលមិនធ្វើលំហាតប្រាណសោះ។
៦. កង្វះសកម្មភាពរាងកាយ
ការមិនធ្វើលំហាត់ប្រាណសោះ ឬកង្វះសកម្មភាពរាងកាយជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាបាត់បង់ម៉ាសសាច់ដុំ ឬសាច់ដុំចុះខ្សោយ។ ជាធម្មតាការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើតនិងរក្សាសាច់ដុំ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះនោះសាច់ដុំអាចនឹងប្រែជាចុះខ្សោយទៅៗ។ ជាក់ស្ដែងសាច់ដុំអាចនឹងរួមតូចប្រសិនបើអ្នកមិនប្រើប្រាស់វាសោះតាមរយៈការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយផ្សេងទៀត។
៧. ឥទ្ធិពលនៃថ្នាំមួយចំនួន
ពិតណាស់ថ្នាំគ្រប់ប្រភេទសុទ្ធតែមានផលប៉ះពាល់។ ថាតើអ្នកដឹងទេថាថ្នាំមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពសាច់ដុំដែលនាំឱ្យចុះខ្សោយនិងបាត់បង់ម៉ាស?
៨. គេងមិនបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ជះឥទ្ធិពលគួរឱ្យបារម្ភចំពោះសុខភាពរាងកាយទាំងមូល ក៏ដូចជាសាច់ដុំ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមសម្រាកឱ្យបានច្រើនគ្រប់គ្រាន់៕