ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! គន្លឹះបង្កើនថាមពលរាងកាយ ដោយមិនចាំបាច់ទទួលទានកាហ្វេអ៊ីន
× ចង់បង្កើនថាមពលរាងកាយដោយមិនចាំបាច់ពឹងផ្អែកលើកាហ្វេអ៊ីនមិនពិបាកឡើយ! គួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយបង្កើនថាមពលដោយមិនចាំបាច់ទទួលទានកាហ្វេអ៊ីន ៖
១. ទទួលទានយ៉ាអួរ
ការទទួលទានយ៉ាអួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងឆាប់រហ័ស! នេះក៏ព្រោះតែអាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជាអ្វីមួយពិបាកនឹងរំលាយ។ ជាលទ្ធផលរាងកាយនឹងបង្កើនដំណើរការនៃការដុតរំលាយអាហារ ហើយនាំឱ្យមានការបង្កើតថាមពល។ ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធជំនួសយ៉ាអួរលាយគ្រឿងផ្សំផ្សេងៗពិសេសជាតិស្ករក៏ព្រោះវាអាចនឹងបណ្ដាលឱ្យអ្នកឆាប់អស់កម្លាំងទៅវិញ។
២. កុំរំលងផ្លែប៉ោម
ពេលខ្លះអ្វីដែលអ្នកត្រូវការដើម្បីមានអារម្មណ៍ស្វាង គឺជាតិស្ករធម្មជាតិ។ ដូច្នេះហើយទើបការទទួលទានផ្លែប៉ោមមួយផ្លែ គឺជាវិធីដ៏ប្រសើរបំផុតដើម្បីបំពេញជាតិស្ករធម្មជាតិក្នុងរាងកាយជួយឱ្យមានអារម្មណ៍ស្វាង។
៣. សាកល្បងទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ
នេះក៏ព្រោះតែទឹកឃ្មុំមានផ្ទុកនូវជាតិស្ករធម្មជាតិដែលផ្ដល់ថាមពលដល់រាល់កោសិកាក្នុងរាងកាយ។ ភេសជ្ជៈនេះក៏ជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកឃ្មុំធម្មជាតិ ១ ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនអាហារ ៣០ នាទី។ ប៉ុន្តែអ្នកក៏អាចទទួលទាននៅពេលផ្សេងទៀតខុសពីពេលព្រឹកផងដែរ។
៤. ម៉ាស្សាត្រចៀក
ការម៉ាស្សាត្រចៀកពិតជាអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាងនិងកើនថាមពលជាងមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់មេដៃនិងចង្អុលដៃច្បិចចុងត្រចៀក ហើយចាប់ផ្ដើមញីម៉ាស្សាថ្នមៗឡើងចុះតាមគែមត្រចៀកសម្រាប់រយៈពេល ៣០ វិនាទី។
៥. ទទួលទានទឹកអំពៅ ១កែវ
ទឹកអំពៅ គឺជាប្រភពដ៏ប្រសើរនៃជាតិស្ករធម្មជាតិ (sucrose) ដែលជួយជម្រុញ ឬស្តារកម្លាំងថាមពលឡើងវិញបានលឿន នៅពេលអ្នកខ្សោះជាតិទឹក ឬជួបប្រទះបញ្ហាជាតិស្ករទាបក្នុងរាងកាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com